ថ្មីៗនេះអង្ករក្រអូបប្រណិតកម្ពុជាម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល ទើបតែបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេក្នុងកម្មវិធី World Best Rice នាប្រទេសហ្វីលីពីន។
ខណៈរយៈពេល១០ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាក៏សម្រេចបាននាំចេញអង្ករចំនួន៥០៧ពាន់តោន ទៅ៦៦គោលដៅ គិតជាទំហទឹកប្រាក់សរុប៣៧៦.៦៣លានដុល្លារអាមេរិក។
ក្នុងនោះសហព័ន្ធស្រូវអង្គរកម្ពុជាបានឱ្យដឹងថា អង្ករកម្ពុជាបានចែកចាយទៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេសដែលមានបរិមាណអង្ករជាង ២៥៤ពាន់តោន គិតជាទឹកប្រាក់ជាង ១៩៦លានដុល្លារសហរដ្ឋអាមេរិក។
ដោយបាននាំចេញទៅប្រទេសចិននិងតំបន់រដ្ឋបាលស្វយ័តជាង៩៣ពាន់តោន មានទំហំទឹកប្រាក់ជាង ៩១លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញទៅប្រទេសក្នុងអាស៊ានចំនួន៧ប្រទេសមានបរិមាណសរុបជាង ១០០ពាន់តោន គិតជាទឹកប្រាក់ចំនួន ៦៦លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះអង្ករកម្ពុជាក៏បាននាំចេញទៅកាន់ប្រទេសចំនួន ៣០ប្រទេសផ្សេងទៀត នៅតំបន់អាហ្វ្រិកនិងមជ្ឈឹមបូព៌ាមានបរិមាណសរុបជាង ៥៧ពាន់តោន ក្នុងទំហំទឹកប្រាក់ជាង ៥១ លានដុល្លារអាមេរិក។
គួរជម្រាបផងដែរថាចំពោះប្រភេទអង្ករដែលកម្ពុជាបាននាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទ ចំនួន ៧៧ ភាគរយ ប្រភេទអង្ករសគ្រាប់ជាង ២១ភាគរយ អង្ករចំហ៊ុយ ៣ភាគរយ អង្ករសរីរាង្គ១.៧៤ភាគរយ និងរួមមានអង្ករផ្សេងៗទៀតចំនួន០.៣០ភាគរយ៕
អត្ថបទដោយ៖ ពីង ជូអេង