ជីវិតគឺជាការស្វែងរកខ្លួនឯង និងការបង្កើតខ្លួនឯង រហូតដល់ដង្ហើមចុងក្រោយ។ អាស្រ័យបែបនេះហើយទើបយើងមិនគួររស់នៅក្នុងភាពដដែលៗ ឬរស់ក្នុងអ្វីមួយដែលមិនមែនជាខ្លួនឯងនោះទេ។ ខ្សែជីវិតត្រូវការ ការវិវត្តខ្លួនពីមួយដំណាក់កាល ទៅកាន់ជំហានបន្ទាប់ ដើម្បីចាក់បំពេញអត្ថន័យជីវិតសម្រាប់វត្តមានមួយរយៈនៅលើផែនដីនេះ។
ថ្វីត្បិតតែរៀនចប់ជំនាញដុកទ័រក៏ពិតមែន ប៉ុន្តែលោក Ali Abdaal បានផ្លាស់ប្ដូរអាជីពខ្លួនពីដុកទ័រមកជាអ្នកបង្កើតវីដេអូផុសលើយូធូប ដែលធ្វើឱ្យជីវិតលោកកាន់តែមានន័យ កាន់តែមានភាពរីកចម្រើនរហូតអាចទាញចំណូលបានខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ។
ការចាប់ផ្ដើមកសាងឆាណែលយូធូបពីចំណុចសូន្យ រហូតដល់មានអ្នកតាមដានជាង ៣លាន ៧៣ម៉ឺននាក់ បានផ្លាស់ប្ដូរជីវិតលោកទាំងស្រុង។ ចំពោះប្រភេទមាតិកាដែល Ali Abdaal គឺទាក់ទងនឹងដំបូន្មាននៃការសិក្សានិងការអានសៀវភៅ គន្លឹះដើម្បីបង្កើនផលិតភាពការងារ បទពិសោធន៍ជីវិត កម្មវិធីបច្ចេកវិទ្យាប្លែកៗ គន្លឹះហិរញ្ញវត្ថុ…។
ក្រោយពេលដែលលោកកសាងខ្លួន ឱ្យក្លាយជាបុគ្គលដែលមានឥទ្ធិពល លោកអាចកសាងប្រភពបានចំណូលរាប់លានដុល្លារពីប្រភពធំៗដូចជា៖ ការផ្សាយពាណិជ្ជកម្មក្នុងវីដេអូ Affiliate Marketing (ជួយយកលីងផលិតផល ឬសេវាកម្មគេមកប្រម៉ូត) ការលក់វគ្គសិក្សា ការជួយប្រូម៉ូតឱ្យយីហោល្បីៗ និងការប្រឹក្សាយោបល់មួយចំនួន។
ថ្វីត្បិតតែពេលនេះ Youtuber វ័យ ២៨ឆ្នាំ សញ្ជាតិអង់គ្លេសរូបនេះកំពុងទទួលផលយ៉ាងផ្អែម ពីការចាប់ផ្ដើមផលិតវីដេអូតាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះក៏ពិតមែន ប៉ុន្តែលោកបាននិយាយថា វាមិនមែនជាការជោគជ័យកើតឡើងត្រឹមមួយថ្ងៃនោះទេ គឺលោកត្រូវផលិតវីដេអូផុសរហូតដល់ទៅ៥២វីដេអូ ទើបអាចទាញអ្នកគាំទ្របាន១ពាន់នាក់។ បន្ថែមពីនោះ គឺលោកបានចំណាយពេលជាង១៤ឆ្នាំមកហើយ ដើម្បីអាចដើរមកដល់ចំណុចនេះ ពោលគឺលោកត្រូវខំរៀន ខំកសាងជំនាញឌីហ្សាញ ថតវីដេអូ រៀនសរសេរកូដ រៀនដុកទ័រ ហើយចុងក្រោយចេះច្របាច់ជំនាញទាំងនោះបញ្ចូលគ្នា ទើបអាចមានលទ្ធផលដូចថ្ងៃនេះ។
មេរៀនដែលលោកណែនាំដើម្បីជោគជ័យលើការផលិតវីដេអូ គឺត្រូវរកឱ្យឃើញចំណុចពិសេសប្លែកគេលើប្រភេទវីដេអូដែលអ្នកធ្វើ ហើយជាប្រភេទវីដេអូដែលមានប្រយោជន៍ ផុសឱ្យបានទៀងទាត់ ១ ឬ២ក្នុងមួយសប្ដាហ៍ ហើយអត់ធ្មត់ធ្វើវាយ៉ាងតិច២ឆ្នាំ និងកែប្រែគុណភាពវីដេអូឱ្យកាន់តែល្អប្រសើរឡើងជាប្រចាំ៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9