កំពុងផុងខ្លួននឹងបំណុល! នេះជារឿង៥ដែលអ្នកគួរធ្វើជាបន្ទាន់ បើអ្នកកំពុងតែលិចលង់ក្នុងបំណុល
Toeuy HongSEPTEMBER 22 2023576 views

នៅក្នុងស្ថានភាពបច្ចុប្បន្ន មនុស្សជាច្រើនកំពុងតែដេកមិនលក់បក់មិនល្ហើយព្រោះតែបញ្ហាបំណុល ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ មនុស្សបាត់បង់ការងារនិងរកស៊ីលក់ដូររកចំណូលលែងបានដូចមុន ដូច្នេះហើយទើបធ្វើឲ្យពួកគាត់ជួបបញ្ហាលុយកាក់។

 

បើអ្នកកំពុងជួបបញ្ហាបំណុល ការដេកកើតទុក្ខមិនអាចជួយអ្វីអ្នកបាននោះទេពោលគឺមានតែពិបាកថែម ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺស្វែងយកគំនិតនិងយុទ្ធសាស្រ្តក្នុងការដោះបំណុលទើបធ្វើឲ្យអ្នកលែងស្រ្តេស។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរធ្វើពេលលិចលង់ក្នុងបញ្ហាបំណុល។

 

១. ធ្វើផែនការចំណាយ

ការធ្វើផែនការចំណាយគឺជំហានទីមួយនៅពេលដែលអ្នកជំពាក់បំណុល មិនមែនជំពាក់បំណុលគេផែនការទីមួយគឺរកចំណូលឲ្យបានច្រើនោះទេ។ កាលណាអ្នកធ្វើផែនការចំណាយ អ្នកនឹងដឹងច្បាស់ថាលុយរបស់អ្នកដែលរកបាននោះទៅណាខ្លះ។

 

ដើម្បីធ្វើផែនការចំណាយអ្នកត្រូវចាប់ផ្ដើមចេញពីការតាមដានលុយចេញលុយចូល។ ត្រូវកត់ត្រាថាតើអ្នករកចំណូលបានប៉ុន្មានក្នុងមួយខែ។ បន្ទាប់មកតាមដានការចំណាយប្រចាំថ្ងៃតាមរយៈការកត់ត្រាការចំណាយប្រចាំថ្ងៃ។

 

 ពេលអ្នកធ្វើផែនការចំណាយតាមរយៈការតាមដានចំណាយ អ្នកនឹងឃើញច្បាស់ថាលុយអ្នកចំណាយលើអ្វីខ្លះ ហើយពេលនោះអ្នកនឹងឃើញថាអ្នកចំណាយច្រើនជ្រុសលើរឿងមិនចាំបាច់ ដូច្នេះអ្នកអាចកាត់ផ្ដាច់ឬកាត់បន្ថយចំណាយមិនចាំបាច់។ មួយវិញទៀតចំណាយចាំបាច់មួយចំនួនអ្នកចាយច្រើនពេក ដូច្នេះអ្នកអាចកាត់បន្ថយវា។ ការធ្វើបែបនឹងធ្វើឲ្យអ្នកអាចសល់លុយច្រើនយកទៅដោះបំណុលបាន។

 

. ផ្អាកការវិនិយោគរបស់អ្នក

វាជាការល្អដែលអ្នកសន្សំលុយនិងវិនិយោគលុយសម្រាប់អនាគត ប៉ុន្ដែអំឡុងពេលដែលអ្នកកំពុងតែលិចលង់ក្នុងបំណុល អ្នកត្រូវធ្វើយ៉ាងណាដោះបំណុលឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ត្រង់នេះបើអ្នកមានផែនការសន្សំប្រចាំខែសម្រាប់អនាគត អ្នកអាចផ្អាកការសន្សំឬក៏មានផែនការវិនិយោគប្រចាំខែក៏អាចបផ្អាកសិនហើយយកលុយទាំងនោះមកបុកដោះបំណុលឲ្យបានឆាប់កាន់តែល្អ។

 

. កុំបន្ថែមបំណុលថែមទៀត

ការខ្ចីលុយថែមមិនមែនជារឿងល្អនោះទេពោលគឺវាអាចនឹងធ្វើឲ្យអ្នកកាន់តែលិចលង់ផុងខ្លួនទៅនឹងបញ្ហាបំណុលកាន់តែខ្លាំងលើសដើម។ ជាពិសេសការខ្ចីលុយពីកន្លែងមួយទៅសងកន្លែងមួយទៀតវាមិនមែនរឿងល្អនោះទេ។ ឧទាហរណ៍អ្នកខ្លះជំពាក់ធនាគារ គ្មានលទ្ធភាពសងក៏សម្រេចចិត្តខ្ចីលុយពីអ្នកចង់ការប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់កប់ពពក ហើយជាលទ្ធផលពួកគាត់កាន់តែផុងខ្លួននឹងបំណុល។

 

៤. បង្កើនចំណូល

លោកស្រី Lauren Bowling គឺជាអ្នកនិពន្ធនិងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ធ្លាប់ជំពាក់បំណុល១ម៉ឺនដុល្លារហើយប្រើពេលតែ៩០ថ្ងៃក្នុងការដោះបំណុលបានលើកឡើងថាផ្លូវក្នុងការដោះបំណុលគឺព្យាយាមរកចំណូលឲ្យកាន់តែច្រើន។ ត្រង់នេះលោកស្រីបានបញ្ជាក់ផងដែរថាពេលជំពាក់បំណុល ការសន្សំសំចៃវាពិតជាសំខាន់ ប៉ុន្ដែវាមិនជួយអ្នកបានច្រើននោះទេបើអ្នកមិនប្រឹងរកលុយឲ្យបានច្រើន។

 

លោកស្រីបានឲ្យដឹងទៀតថាពេលជំពាក់បំណុល លោកស្រីប្រឹងរកលុយឲ្យបានទ្វេដងដោយលោកស្រីធ្វើជាអ្នកនិពន្ធក្រៅម៉ោងនិងដាក់ជួយផ្ទះដើម្បីបង្កើនចំណូលបន្ថែម។ ក្រៅពីនេះលោកស្រីបានដាក់លក់របស់របរមួយចំនួននៅលើEbay ដើម្បីបានលុយដោះបំណុលឲ្យបានឆាប់។

 

. ដោះបំណុលពីតូចទៅធំ

ទាក់ទងនឹងបំណុល លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុរបស់អាមេរិកតែងតែណែនាំនិងចែករំលែលជាច្រើនទាក់ទងនិងការដោះបំណុលហើយអ្វីដែលលោកណែនាំឲ្យអ្នកកំពុងជាប់បំណុលធ្វើនោះគឺដោះបំណុលតូចៗមុនគេ

 

លោក Dave Ramsey បានលើកឡើងថាការបំណុលពីតូចទៅធំ គឺធ្វើឲ្យអ្នកកំពុងជាប់បំណុលមានទឹកចិត្តនិងមានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងដោះបំណុលឲ្យបានឆាប់។ ត្រង់នេះលោកបានបញ្ជាក់ថាកាលណាអ្នកដោះបំណុលតូចៗមុនគេ អ្នកនឹងឃើញបំណុលដែលមានក្នុងដៃបានបាត់បន្ដិចម្ដងៗ ដូច្នេះហើយវាផ្ដល់កម្លាំងចិត្តនិងជំរុញទឹកចិត្តឲ្យពួកគាត់បន្តបេសកម្មរបស់ខ្លួនឲ្យដោះបំណុលស្រលះពីខ្លួន។ សូមចុចនៅទីនេះ ដើម្បីអានលម្អិតពីក្បួនដោះបំណុលពីតូចទៅធំ៕