ក្រុមហ៊ុន អ្នកឧកញ៉ា គួច ម៉េងលីនឹងឡើងផ្សារហ៊ុនឆាប់ៗ មកដឹងភាគលាភអ្នកទទួលបានពេលទិញហ៊ុនគាត់
Toeuy HongJANUARY 18 20238 K views

 ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីគ្រោងនឹងឡើងផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) នៅចុងខែមីនាដើមខែមេសាឆ្នាំ២០២៣នេះ ហើយក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនខណៈការឡើងផ្សារហ៊ុននេះ អ្នកឧកញ៉ានឹងប្រមូលទុនដើម្បីពង្រីកសក្តានុពលលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធ” នៅសាល​ ដឹ ព្រេមៀ ​សេន​ធ័​រ​ ​សែន​សុខ​ កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិនបានមានប្រសាសន៍ថា ការឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈនេះសាធារណជនទាំងអស់អាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនតាមរយៈទិញភាគហ៊ុនរបស់ក្រុមហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ គួច ដើម្បីចូលរួមការសម្រេច ការដឹកនាំនិងការយល់ដឹងក៏ដូចជាកាច់ចង្កូតទៅអនាគតដើម្បីឲ្យបុត្រធីតារបស់ពួកគាត់រៀននៅសាលាដែលមានគុណភាពល្អ។

អ្នកឧកញ៉ា បានមានប្រសាសន៍បន្តទៀតថា ការឡើងផ្សាយហ៊ុនបោះផ្សយលក់ភាគហ៊ុនជាសាធារណៈ​នេះ ​គឺ​មិនមែន​ដើម្បី​ប្រាក់ចំណេញ​នោះ​ទេ​ ​គឺ​ដើម្បី​ឱ្យ​កូនខ្មែរ​មានឱកាស​ចូលរៀន​នៅ​សាលា​ល្អ​ ​មិនថា​តំបន់​ក្រីក្រ​ ​តំបន់​មធ្យម​ ​ឬ​តំបន់​អ្នកមាន​នោះ​ទេ​។

 សម្រាប់ចំនួនភាគហ៊ុនដែលគ្រោងបោះផ្សាយលក់ជាសាធារណៈនៅលើផ្សារមូលបត្រកម្ពុជាវិញ អ្នកឧកញ៉ា បានបង្ហើបថានឹងបោះផ្សាយលក់៤-៦ភាគរយ​ នៃភាគហ៊ុនសរុប ដែលមានតម្លៃប្រហែល ១០លានដុល្លារ អាស្រ័យលើការអនុញ្ញាតរបស់និយ័តករមូលបត្រកម្ពុជា( SERC)។

រីឯភាគលាភសម្រាប់វិនិយោគិនសាធារណៈដែលនឹងទិញហ៊ុនក្រុមហ៊ុនរបស់អ្នកឧកញ៉ានាពេលខាងមុខ អ្នកឧកញ៉ាបានបង្ហើបដើម្បីលើកទឹកចិត្តដល់សាធារណជន ក្រុមហ៊ុននឹងចែកភាគលាភចំនួន៦% នៃតម្លៃបោះផ្សាយលើផ្សារដំបូង(IPO) នៅ២ឆ្នាំដំបូង បូកការចំណេញបន្តបន្ទាប់ទៀតទៅលើភាគលាភ៦% ហើយអ្វីដែលសំខាន់នោះគឺភាគលាភ៦%នេះមិនយកពន្ធឡើយ ដូច្នេះអាចនឹងបានច្រើនជាងការដាក់លុយនៅធនាគារ ខណៈការដាក់លុយធនាគារត្រូវគិតពន្ធ ហើយលុយមិនអាចកើនលឿន។

អ្នកឧកញ៉ាក៏បានបង្ហើបដល់ម្ចាស់អាជីវកម្មនៅកម្ពុជាដែលមានបំណងចង់យកក្រុមហ៊ុនរបស់ខ្លួនឡើងផ្សារហ៊ុនថាដើម្បីឲ្យក្រុមហ៊ុនឡើងផ្សារហ៊ុនបានគឺយើងត្រូវធ្វើសវនកម្មជាប្រចាំឆ្នាំ។ ជាក់ស្ដែងក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានធ្វើសវនកម្ម៦ទៅ៧ឆ្នាំជាប់ៗគ្នា។ លើសពីនេះអាជីវកម្មរបស់អ្នកត្រូវធ្វើតាមច្បាប់ការងារប្រទេសកម្ពុជាមានន័យថាបង់ពន្ធត្រឹមត្រូវ បង់ប្រាក់ខែបុគ្គលិកតាមស្ដង់ដារ បង់បសសតាមតម្រូវការរបស់បុគ្គលិក។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានក្រុមហ៊ុនបុត្រសម័្ពន្ធល្បីៗដូចជាមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) គឺជាស្ថាប័នអប់រំដំបូងគេនៅកម្ពុជា ដែលនឹងឡើងផ្សារមូលបត្រកម្ពុជា ក្នុងពេលឆាប់ៗនេះ។

ចង់ដឹងពីរបៀប​ទិញហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលីអាចអានអត្ថបទ” ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលីនឹងឡើងផ្សារចុងខែមីនាឆ្នាំនេះ ចង់ទិញហ៊ុនគាត់នេះជាជំហានអ្នកត្រូវធ្វើ”។

ចង់ស្វែងយល់បន្ថែមពីការវិនិយោគលើផ្សារហ៊ុន ការប្រើលុយឲ្យចំណេញនិងការវិនិយោគដើម្បីបង្កើនទ្រព្យអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia