បើអ្នកស្រលាញ់ខ្លួនឯង និងចង់សល់ទ្រ.ព្យ ត្រូវបោះចោលទម្លាប់ប្រចាំថ្ងៃទាំង ១០នេះភ្លាម
Kan DaraMAY 11 2025550 views

តើអ្នកដឹងទេ ទម្លាប់តូចៗប្រចាំថ្ងៃ ជាកត្តានិករចង្អុលបង្ហាញពីជោគវាសនារបស់អ្នកថា រុងរឿង ឬរុះរោយ សោយសុខ ឬកើតទុក្ខ។ ខាងក្រោមនេះ គឺជាទម្លាប់អវិជ្ជមានធំៗទាំង១០ ដែលអ្នកត្រូវក្រវាត់ចោលជាបន្ទាន់ ប្រសិនបើស្រលាញ់ខ្លួនឯង និងឆាប់សល់លុយ សល់ទ្រព្យទាំងវ័យក្មេង៖

/. បេះដូងអនាធិបតេយ្យ៖ ចូលកុំអនុញ្ញាតឲ្យបេះដូងមិនទាន់ចាស់ទុំ បំផ្លាញអនាគតអ្នកឲ្យសោះ។​ បើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់បង្កើតទំនាក់ទំនងច្បាស់លាស់មួយទេនោះ ឬមានអារម្មណ៍ឯកាមួយពេល ចូលកុំអូសទាញនរណាម្នាក់ឲ្យចូលក្នុងជីវិតអ្នកអី​ ព្រោះវាធ្វើឲ្យខាតពេល ខាតទឹកចិត្ត ទាំងអ្នកនិងដៃគូម្ខាងទៀត។

/. ដំឡើងសេរីទូរស័ព្ទដៃជារៀងរាល់ឆ្នាំការទិញទូរស័ព្ទ ឬរបស់ប្រើប្រាស់ទំនើបជារង្វាន់លើកទឹកចិត្តខ្លួនឯង នៅពេលដែលអ្នកសម្រេចអ្វីមួយចេញជាលទ្ធផលគឺជារឿងល្អ។ ប៉ុន្តែបើអ្នកដំឡើងសេរីរាល់ឆ្នាំ ចេញថ្មីភ្លេតទិញភ្លាមគ្មានលោះមួយសេរីណា ចូលគិតម្តងទៀតថាតើអ្នកពិតជាចាំបាច់ត្រូវធ្វើបែបនេះឬអត់។

/. ជក់ និងផឹកគ្រឿងស្រវឹង៖ «សង្គមឥឡូវ បើមិនចេះផឹក មិនចេះជក់ចូលគេមិនចុះទេ» នេះជាទស្សនៈមួយដែលខ្ញុំតែងលឺជារឿយៗ។ ប៉ុន្តែតើអ្នកដឹងទេ ខណៈពេលដែលកែវភ្នែកដ៏ភ្លឺថ្លារបស់អ្នកកំពុងសម្លឹងមើលដល់ចំណុចទី៣នេះ មនុស្សរាប់លាននាក់កំពុងដេកលើគ្រែអ្នកជំងឺ កាន់តែសោកស្តាយអ្នកខ្លះទៀតត្រូវបាត់បង់ជីវិតដោយសារតែការជក់សារធាតុមិនល្អ និងផឹកគ្រឿងស្រវឹង ឯខ្លះទៀតត្រូវខូចអនាគតព្រោះតែការប្រព្រឹត្តិវាក្នុងបរិមាណច្រើនលើសលប់នេះឯង។ ចូលកុំអនុញ្ញាតឲ្យរបស់ទាំងពីរនេះអាចពង្វក់ស្មារតី បំផ្លាញខួក្បាល និងកុំសាងសកម្មភាពទាំងឡាយណាដែលមិនកើតជាប្រយោជន៍ រួមទាំងបំផ្លាញសុខភាពរបស់អ្នក។

/. ប្រើបណ្តាញសង្គមលើសលប់៖ ការអូសចុះ អូសឡើងដោយគ្មានគោលដៅគឺជាឃាតករឈាមត្រជាក់សម្លាប់ពេលវេលារបស់អ្នកដោយមិនដឹងខ្លួន។ ប្រសិនបើអាច អ្នកគួរលុបកម្មវិធីបណ្តាញសង្គមដូចជា Facebook, Instagram, Twitter, Tik Tok, Pinterest និងកម្មវិធីកម្សាន្តផ្សេងទៀតចេញពីទូរស័ព្ទដៃ ដោយអ្នកអាចចូលទៅប្រើប្រាស់វាតាមរយៈកុំព្យូទ័រវិញ។ ការធ្វើបែបនេះអ្នកនឹងកាត់បន្ថយពេលវេលាខ្ជះខ្ជាយដោយស្វ័យប្រវត្តិយ៉ាងហោចណាស់ ៩០%។

/. ចូលគេងយប់ជ្រៅជ្រុល៖ អ្នកអាចនៅមានការងារច្រើនត្រូវបំពេញ ឬក្នុងចិត្តខ្វល់ខ្វាយរឿងអ្វីមួយដែលធ្វើឲ្យអ្នកនៅដល់យប់ជ្រៅកណ្តាលអធ្រា ឬហួសដល់ម៉ោង ២-៣ព្រឹក។ ប៉ុន្តែតើអាចទេទុកកិច្ចការ ឬរឿងនោះមួយឡែកសិន ថ្ងៃស្អែកចាំធ្វើនិងគិតបន្តទៀត ព្រោះបើអ្នកមិនខ្វល់ពីសម្រស់របស់ខ្លួនឯងទេ ចូលខ្វល់ពីសុខភាពខ្លះផង។ ការគេងយប់ជ្រៅញឹក អាចធ្វើឲ្យមុខចាស់ជាងវ័យ ឡើងគីឡូ កម្រិតជាតិស្ករក្នុងឈាមកើនឡើង បង្កើតហានិភ័យនៃជំងឺបេះដូង និងអាចនាំឱ្យកើតជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួនថែមទៀតផង។

/. រស់នៅជាមួយមនុស្សក្លែងក្លាយ៖ ការនៅជាមួយមនុស្សក្លែងក្លាយនឹងបំផ្លាញជីវិតអ្នកបន្តិចម្តងៗ រហូតដល់ថ្ងៃមួយដែលអ្នកបាត់បង់ខ្លួនឯង។ ត្រូវហ៊ានលះបង់មិត្តក្លែងក្លាយ ស្នេហាក្លែងក្លាយ និងមនុស្សផ្សេងទៀតដែលធ្វើឲ្យអន្តរាយដល់ការខិតខំរបស់អ្នក។ អ្នកត្រូវមានអាកប្បកិរិយាវិជ្ជមាន ភាពអត់ធន និងសុទិដ្ឋិនិយមចំពោះមនុស្សដែលនៅជុំវិញខ្លួនអ្នកគឺជារឿងចាំបាច់។

/. ខ្ចិលហាត់ប្រាណ៖ អ្នកប្រហែលជាបានដាក់គោលដៅទៅកន្លែងហាត់ប្រាណជាច្រើនដង ឬបានចុះឈ្មោះទទួលសេវាកម្មរួចទៅហើយ គ្រាន់តែខែមុន សប្តាហ៍មុខ រហូតដល់ថ្ងៃនេះអ្នកមិនទាន់បានទៅហាត់តែប៉ុណ្ណោះ។ ការចំណាយពេល ១ម៉ោងដើម្បីហាត់ប្រាណ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អរយៈពេល ១២ម៉ោង រាងកាយមាំមួន សុខភាពរឹងមាំ។ ហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោចណាស់ឲ្យ៣ដងក្នុងមួយសប្តាហ៍ ញ៉ាំអាហារសុខភាព និងតាមដានសុខភាពខ្លួនឯងជាប្រចាំ។

/. មិនអានសៀវភៅ៖ សៀវភៅគឺជាឃ្លាំងនៃគំនិត បើមិនប្រឹងអាន គំនិតតិច ឱកាសតូច។ ទម្លាប់អានសៀវភៅឲ្យបានច្រើន ជាពិសេសប្រភេទសៀវភៅដែលនិយាយពីរឿងពិត។ ត្រូវសិក្សាពីការអប់រំក្រៅប្រព័ន្ធឲ្យបានច្រើនព្រោះជីវិតពិតមិនដូចនៅក្នុងសាលានោះទេ។

/. ពន្យារពេល៖ តើមានកិច្ចការអ្វីខ្លះដែលអ្នកពន្យាពេលរហូតដល់ថ្ងៃនេះ? ចាំបន្តិចទៀត ចាំស្អែកចាំធ្វើរហូតការងារគរច្រើនគឺជាទម្លាប់មិនល្អទេ។ ទម្លាប់នេះនឹងបំផ្លាញទំនុកចិត្តរបស់អ្នកលើខ្លួនឯង មិនតែប៉ុណ្ណោះវាអាចឲ្យអ្នកកើតជំងឺស្រ្តេសទៀតផង។

១០/. គ្មានផែនការហិរញ្ញវត្ថុ៖ ធ្លាប់ដាច់លុយចុងខែទេ? បើធ្លាប់ ហើយថែមទាំងក្លាយទៅជាប្រពៃណីទៀតនោះ ប្រហែលជាអ្នកមិនទាន់បានរៀបចំផែនការហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវនៅឡើយ។ ចូលឧស្សាហ៍មើលលុយក្នុងកាបូក ឬឈែកកុងធនាគារឲ្យបានញឹក ដើម្បីជាកម្លាំងចិត្តរៀបចំផែនការចំណាយឲ្យបានច្បាស់លាស់។ ​​ពេលខ្លះអ្នកអាចនឹងចំណាយច្រើនទៅលើទំនិញអនឡាញ ហើយភាគច្រើននៃទំនិញទាំងនោះសឹងតែ៩០% គឺជារបស់ដែលអ្នកមិនត្រូវការចាំបាច់។

យ៉ាងណាមិញ ចូរហ៊ានលះបង់ទម្លាប់មេរោគទាំង១០ ខាងលើជាបន្ទាន់។ បើអ្នកអាចធ្វើបាន ជីវិតនឹងកាន់តែប្រសើរ រស់នៅរីករាយ រុងរឿង ធូរធារទាំងវ័យក្មេង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia