តម្លៃនៃប្រាក់បញ្ញើរបស់អតិថិជននៅក្នុងប្រព័ន្ធធនាគារថៃដែលស្ថិតនៅក្រោមភ្នាក់ងារការពារប្រាក់
បញ្ញើ(DPA) បានធ្លាក់ចុះចំនួន១.៣២%ធៀបនឹងឆ្នាំ២០២២កន្លងទៅពោលគឺធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post។
យោងតាមប្រភពដដែល លោក Chevapanyaroj Songpol ប្រធានភ្នាក់ងារការពារប្រាក់បញ្ញើបានឲ្យដឹងថាការធ្លាក់ចុះនៃប្រាក់សន្សំនៅក្នុងធនាគារនេះគឺកត្តាមួយផ្នែកដោយសារបញ្ហាសេដ្ឋកិច្ចផុយស្រួយនិងសង្រ្គាមនៅរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
បើគិតត្រឹមថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣ប្រាក់បញ្ញើមានចំនួន១៦ពាន់ពាន់លានបាតធ្លាក់ចុះចំនួន២១២ពាន់លានបាតពីចុងឆ្នាំ២០២២។ ត្រង់នេះលោក លោក Chevapanyaroj Songpol ក៏បានបង្ហើបផងដែរ កត្តាដែលធ្វើឲ្យអតិថិជនផ្លាស់ប្ដូរពីការយកលុយមកដាក់បញ្ញើនៅធនាគារដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ការចំណាយក្នុងការរស់នៅកើនឡើង និងការស្វែងរកជម្រើសនៃការវិនិយោគដែលបានផលចំណេញច្រើនជាងដាក់លុយនៅធនាគារ ហើយក្នុងនោះប្រជាជនមួយចំនួនបានសម្រេចទិញមាសទុកជាជាងដាក់នៅធនាគារ។
នៅក្នុងនោះដែរទិន្នន័យមួយចំនួនបានបង្ហាញថាគិតត្រឹមខែសីហាឆ្នាំ២០២៣នេះអ្នកដាក់ប្រាក់បញ្ញើដែលមិនលើសពី៥ម៉ឺនបាតសរុបមានចំនួន៣២៤០ពាន់លានបាតធ្លាក់ចុះ៣.៦០% ហើយប្រមាណជា៨០%នៃអ្នកដាក់ប្រាក់បញ្ញើទំាងនោះមានលុយ៥ពាន់បាតនៅក្នុងគណនីរបស់ពួកគេ។ ជាមួយគ្នានេះដែរ អ្នកដាក់ប្រាក់បញ្ញើនៅចន្លោះ៥ម៉ឺនបាតទៅ១លានបាតបានធ្លាក់ចុះទាំងទឹកលុយនិងចំនួនអ្នកដាក់បញ្ញើ
លោក Chevapanyaroj Songpol ក៏បានបង្ហើបផងដែរថាកត្តាធំៗដែលជៈឥទ្ធិពលដល់សេដ្ឋកិច្ចនិងការដាក់ប្រាក់បញ្ញើគឺដោយសារតែអតិផរណានិងការប្រាក់កើនឡើង សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន សង្រ្គាមអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ លើសពីនេះវិបត្តិកូវីដនិងបំណុលរបស់ពលរដ្ឋថៃក៏ជាកត្តាដែលធ្វើឲ្យប្រាក់បញ្ញើថយចុះផងដែរ។
មិនតែប៉ុណ្ណោះ លោក Songpol ថាគម្លាតនៃអត្រាការប្រាក់ក៏ជាកត្តាមួយធ្វើឲ្យប្រាក់បញ្ញើនៅធនាគារថៃធ្លាក់ចុះផងដែរ។ ជាក់ស្ដែងអត្រាការប្រាក់សន្សំនៅសហរដ្ឋអាមេរិកជាង៥% ខណៈអត្រាការប្រាក់សន្សំនៅធនាគារថៃត្រឹមតែ២% ធ្វើឲ្យពលរដ្ឋថៃមួយចំនួនបានផ្លាស់ប្ដូរពីការដាក់បញ្ញើនៅធនាគារថៃមកដាក់បញ្ញានៅគណនីធនាគារបរទេសវិញ៕