បន្ទាប់ពីចរចារគ្នាអស់រយៈពេលជាច្រើនលើក ទីបំផុត ការប្រកួតគ្នារវាងជើងឯកគុនខ្មែរ ព្រំ សំណាង និងកីឡាកររបស់ប្រទេសមីយ៉ាន់ម៉ា Dave Leduc បានរកឃើញថ្ងៃប្រកួតពិតប្រាកដហើយ។
យោងតាមការបង្ហោះរបស់កីឡាករ Dave Leduc នៅលើហ្វេសប៊ុកផេករបស់ខ្លួន នៅថ្ងៃអង្គារ៍នេះ បានឱ្យដឹងថា ខ្លួននឹងប្រកួតការពារខ្សែក្រវាត់ជាមួយ ព្រំ សំណាង នៅថ្ងៃទី ២៧ ខែ ឧសភា ២០២៣ ក្នុងប្រទេស ស្លូវ៉ាគី។ ដោយម្ចាស់ខ្សែក្រវាត់ Lethwei World Champion រូបនេះ បានសរសេរដោយភ្ជាប់ជាមួយរូបភាពមួយសន្លឹកដែរថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអ្នកគាំទ្រខ្មែរថ្មីៗរបស់ខ្ញុំ” ។
ពាក់ព័ន្ធការប្រកួតខាងលើនេះ បើតាមការចុះផ្សាយដោយសហព័ន្ធ World Lethwei Federation របស់ប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ការប្រកួតគឺនឹងធ្វើឡើងស្ថិតក្រោមច្បាប់ប្រពៃណីពេញលេញរបស់គុន ឡេតវ៉េ (Lethwei) ពោលគឺមិនឱ្យមានការពាក់ហ្គង់ គ្មានចៅក្រម ហើយអាចប្រើក្បាលបាន។ លើសពីនេះ ពេលកីឡាកររបួសអាចសម្រាកបាន២នាទី និងត្រូវមានអ្នកសន្លប់ម្នាក់ ទើបចាត់ទុកថាឈ្នះ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ កីឡាករគុនខ្មែរ ព្រំ សំណាង មានអាយុ៣៨ឆ្នាំ ធ្លាប់មានប្រវត្តិប្រកួតសរុបចំនួន ១៥៨ដង ឈ្នះ១៤៣ដង វាយគូប្រកួតឱ្យសន្លប់ ៧០ដង ចាញ់១២ដង ស្មើ៣ដង។ ដោយឡែក សម្រាប់កីឡាករ Dave Leduc បច្ចុប្បន្ននេះ មានវ័យ៣១ឆ្នាំ គាត់គឺជាអ្នកប្រដាល់ ឡេតវ៉េ ជនជាតិកាណាដាកាត់មីយ៉ាន់ម៉ា ដែលប្រកួតក្នុងព្រឹត្តិការណ៍ World Lethwei Championship និងជាអតីតជើងឯកពិភពលោក WLC Cruiserweight ។ គាត់ក៏ជាជើងឯក Openweight Lethwei World Champion ដែលមិនធ្លាប់ចាញ់ក្រោមច្បាប់ប្រពៃណីឡេតវ៉េ ផងដែរ ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)