កាលពីថ្មីៗនេះ លោក Elon Musk ធ្លាប់បាននិយាយថា នាពេលនេះលោកជាមួយនិងប្រធានាធិបតិអាមេរិកលោក Donald Trump បានកំពុងតែដុតដៃដុតជើងទៅលើការងារបិទទីភ្នាក់ងារផ្ដល់ជំនួយអាមេរិកដែលហៅកាត់ថា USAID។
ជាមួយគ្នានោះដែរ បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN បានឱ្យដឹង ទីភ្នាក់ងារផ្ដល់ជំនួយអាមេរិក (USAID) នឹងត្រូវបិទនៅថ្ងៃសុក្រសប្តាហ៍នេះ ខណៈបុគ្គលិកនៅជុំវិញពិភពលោកនឹងត្រូវបានដាក់ឱ្យឈប់សម្រាកចាប់ពីថ្ងៃសុក្រដូចគ្នា ហើយបុគ្គលិកដែលកំពុងតែនៅក្រៅប្រទេសទាំងអស់ក៏នឹងឱ្យត្រឡប់ទៅសហរដ្ឋអាមេរិកវិញផងដែរ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា នៅពេលដែលអាមេរិកសម្រេចបិទទីភ្នាក់ងារផ្ដល់ជំនួយអាមេរិក USAID ប្រទេសដែលរងគ្រោះខ្លាំងជាងគេនោះគឺប្រទេសហៃទី ខណៈដែលពេលនេះអាមេរិកបានបង្កកជំនួយទៅដល់ប្រទេសនេះហើយ។ មិនតែប៉ុណ្ណោះ មានមនុស្សជាច្រើនបាននិយាយថាការបិទទីភ្នាក់ងារនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនដែលងាយរងគ្រោះនៅទូទាំងពិភពលោក។
គួរជម្រាបថា ភ្នាក់ងារជំនួយអាមេរិក USAID គឺជាជំនួយធំបំផុតរបស់ពិភពលោកដែលតែងតែជួយទៅដល់ប្រទេសនានា តាមរយៈការកាត់បន្ថយភាពក្រីក្រ ជំងឺ និងវិបត្តិផ្សេងៗផងដែរ៕