ជប៉ុនកំពុងផ្ទុះមេរោគគ្រុនផ្តាសាយធំ ៩.៥ លានករណី ក្នុងរយៈពេល១៤៤ថ្ងៃកន្លងមក រាប់ចាប់ខែធ្នូ ឆ្នាំ២០២៤ ដោយការរាតត្បាតមានក្នុងតំបន់ ដែលមានប្រជាជនច្រើន មានចរាចរណ៍ទេសចរណ៍ខ្ពស់ រួមមានទីក្រុងតូក្យូ ហុកកៃដូ អូសាកា និងហ្វូគូអូកា។
តាមប្រភពពី The Nation បានឱ្យដឹងថា ជំងឺគ្រុនផ្តាសាយធំនៅក្នុងប្រទេសជប៉ុន ជាមធ្យមមានអ្នកឆ្លងថ្មីចំនួន៦ម៉ឺនករណីក្នុងមួយថ្ងៃ ខណៈគ្រូពេទ្យប្រទេសថៃលោកវេជ្ជបណ្ឌិត Jade Boonyawongwiroj បានណែនាំអ្នកទេសចរថៃឱ្យផ្អាកការធ្វើដំណើរ ឬបើចាំក្នុងការធ្វើដំណើរគួប្បីចាក់វ៉ាក់សាំង។
ក្នុងនោះលោកវេជ្ជបណ្ឌិតបានសម្គាល់ថាករណីភាគច្រើនត្រូវបានបង្កឡើងដោយវីរុសគ្រុនផ្តាសាយប្រភេទ B ។
បើតាមក្រសួងសុខាភិបាលប្រទេសជប៉ុនបានកំណត់ថាមេរោគគ្រុនផ្តាសាយធំដែលកើតឡើង តាមរដូវកាលអាកាសធាតុនេះ គឺជាការផ្ទុះធំជាងគេមួយក្នុងរយៈពេល២៥ឆ្នាំកន្លងមកចាប់តាំងពីឆ្នាំ១៩៩៩ តែកំណើននៃគ្រុនផ្តាសាយលើកនេះ គឺជាប្រភេទ A ច្រើនជាងប្រភេទB ដែលជាប្រភេទងាយចម្លង។
ក្រសួងបន្តថាខ្លួននៅតែបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីផ្តល់ការណែនាំទិសដៅដល់អាជ្ញាធរមូលដ្ឋាននិងស្ថាប័ននានា ក្នុងគោលបំណងចាត់វិធានការទាន់ពេលវេលានិងសមស្រប រួមទាំងការធានាការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការភិតភ័យដល់សាធារណជន។
ទន្ទឹមនឹងនេះដែរអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៧ ខែកុម្ភៈ ក៏បានចេញសេចក្តីព្រមានអំពីការកើនឡើងយ៉ាងខ្លាំងនៃជំងឺផ្លូវដង្ហើមតាមរដូវកាលនៅទូទាំងបណ្តាប្រទេសនាអឌ្ឍគោលខាងជើង និងសន្មតថាជាភ្នាក់ងារបង្ករោគផ្សេងៗក្នុងផ្លូវដង្ហើម រួមទាំងវីរុសគ្រុនផ្តាសាយតាមរដូវ RSV HMPV និងជំងឺ Mycoplasma Pneumoniae៕
អត្ថបទដោយ៖ ពីង ជូអេង