ម្ចាស់ហាងសាច់អាំង តារានី បង្ហើបគន្លឹះរកស៊ីពីតូច មានតែ៥តុ រហូតអាចពង្រីកខ្លួនបាន ១១សាខាធំៗ
ធី ស្រីល័ក្ខAUGUST 26 2022287 views

លោក អ៊ូច អំណត់ ជាស្ថាបនិករបស់យីហោ “តារានីសាច់អាំង”​ លោកបានចាប់ផ្តើមអាជីវកម្មលក់សាច់អាំងនេះចាប់តាំងពីឆ្នាំ ២០១៨ មកម្លេះ ដោយចេញរកស៊ីដំបូងគឺមានត្រឹមតែ ៥ តុតូចៗតែប៉ុណ្ណោះ តែក្រោយមកហាងសាច់អាំងរបស់លោកចាប់ផ្តើមទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរហូត ធ្វើឱ្យការរកស៊ីកាន់តែរីកធំឡើងបន្តិចម្តងៗរហូតលោកអាចពង្រីកបាន១១ សាខាធំៗបន្ថែមទៀត។ ហើយពេលនេះយីហោសាច់អាំងល្បីឈ្មោះមួយនេះបានឈានដល់ការលក់ហ្វ្រេនឆាយថែមទៀតផង។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia លោក អ៊ូច អំណត់ បានថ្លែងប្រាប់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យអាជីវកម្មសាច់អាំងរបស់លោកវិវត្តខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារដែលមានត្រឹមតែ ៥តុ ក្លាយជាអាជីវកម្មដែលអាចពង្រីកសាខាបានច្រើនកន្លែងបែបនេះ ដោយសារតែក្បួនរកស៊ីធំៗ ៣នេះ ៖

១.ការរក្សាអតិថិជនចាស់ៗ

លោក អំណត់ បានមានប្រសាសន៍ថាឱ្យដឹងថា គន្លឺះជោគេជ័យដែលធ្វើឱ្យ តារានីសាច់អាំង អាចឈរជើងបានរឹងមាំ និងអាចប្តូរពីការលក់ក្នុងផ្ទះតូចមួយក្លាយជាហាងធំបាន ក៏ដោយសារតែភាពរួសរាយរាក់ និងការរក្សាអតិថិជនចាស់ៗជានិច្ច នៅពេលដែលយើងរក្សាអតិថិជនចាស់បាន នោះភ្ញៀវថ្មីៗនឹងមកតាមក្រោយ ព្រោះតែអតិថិជនចាស់ជាទំនុកចិត្តសម្រាប់អតិថិជនថ្មីៗ ហើយក៏ជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុតផងដែរ។

២.រសជាតិ អនាម័យ

សហគ្រិនវ័យក្មេងរូបនេះបានបន្ថែមថា ក្រៅពីមានទំនាក់ទំនងល្អហើយ រូបមន្តចងចិត្តភ្ញៀវមួយទៀតគឺ ធ្វើយ៉ាងណាឱ្យអាហារមានរសជាតិឆ្ងាញ់ និងរក្សាអនាម័យជាចម្បង ព្រោះបើមានតែទំនាក់ទំនងតែគុណភាព អាហារមិនល្អក៏គ្មានអ្នកណាគាំទ្រយើងដែរ។ហេតុនេះគ្រប់ម្ចាស់អាជីវកម្មដែលរកស៊ីខាងវិស័យអាហារត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ត្រង់ចំណុចនេះបើចង់ឱ្យមានភ្ញៀវពេញហាង។

៣.តម្លៃ

លោក អ៊ូច អំណត់ បានបញ្ជាក់ទៀតថា បន្ថែមពី ការរក្សាអតិថិជនចាស់ៗ និងរសជាតិ អនាម័យបានហើយនោះ អ្វីដែលសំខាន់បន្ទាប់ទៀតគឺ តម្លៃ យើងត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅតាមកម្រិតជីវភាពប្រជាជនក្នុងប្រទេសកម្ពុជាយើង ដោយមិនកំណត់ខ្ពស់ពេកឬទាបពេកឡើយ។ជាក់ស្តែងដូចហាងរបស់លោក គឺកំណត់តម្លៃសមរម្យ​ សាកសមសម្រាប់សិស្ស និស្សិត បុគ្គលិកធ្វើការអាចញ៉ាំបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia