កាលពីថ្ងៃទី១៩-២០-២១ ខែកក្កដា ឆ្នាំ២០២៤ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក្រោមអធិបតីភាព លោក សន សៀប ប្រធានសមាគម និងថ្នាក់ដឹកនាំសមាគមរួមមាន៖ លោកឧកញ៉ា ចេង ខេង , លោក វ៉ា វីរៈ និង លោកស្រី តាំង ហួរ បានរៀបចំកម្មវិធីដំណើរទស្សនៈកិច្ចធំមួយទៅកាន់ខេត្តសៀមរាប ជាមួយសមាជិកសមាគមទាំងអស់ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយវិស័យទេសចរណ៍និងទាក់ទាញវិនិយោគក្នុងនិងក្រៅប្រទេស។
ក្នុងនោះដែរនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នេះ សមាគម CVEA ក៏បានរៀបចំសន្និសីទសារព័ត៌មានទាក់ទងទៅនឹងដំណើរទស្សនៈកិច្ចដ៏មានសារៈសំខាន់ខាងលើនេះផងដែរ។ តាមការបញ្ជាក់ពីលោកស្រី តាំង ហួរ អនុប្រធានសមាគម CVEA និងជាអ្នកផ្ដួចផ្ដើមដំណើរទស្សនៈកិច្ចខាងលើបានឲ្យដឹងថា គោលបំណងនៃដំណើរទស្សនៈកិច្ចរបស់សមាគម CVEA នេះគឺចង់ផ្សព្វផ្សាយពីប្រទេសកម្ពុជារបស់យើងទៅកាន់ពិភពលោកឲ្យបានស្គាល់កាន់តែច្រើន ហើយដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ដោយសារប្រទេសកម្ពុជាមាន ២៥ ខេត្ដ-ក្រុងជាតំបន់ទេសចរណ៍ និងជាទីតាំងដែលអំណោយផលខ្លាំងសម្រាប់ការភិវឌ្ឍ។ ហើយការរៀបចំរបស់សមាគមនេះធ្វើឡើងក៏ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។
លោកស្រីបន្ដថា មូលហេតុដែលសមាគមជ្រើសរើសយកប្រាសាទអង្គរវត្ដនៅខេត្ដសៀមរាបជាតំណាងនៃដំណើរទស្សនៈទៅនេះ គឺដោយសារខេត្ដសៀមរាបជាបណ្ដុំនៃវប្បធម៌ អរិយធម៌ និងមានប្រាង្គប្រាសាទដ៏ល្អឯកជាច្រើនសម្រាប់ទេសចរណ៍។ ជាមួយគ្នានេះដែរសមាគមក៏នឹងផលិតវីដេអូមួយ ដោយទាញយករូបភាពនៃតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំង ២៥ ខេត្ដ-ក្រុងដាក់បញ្ចូលគ្នាដើម្បីបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាមានទឹកដីដ៏ល្អសម្រាប់ទេសចរណ៍ និងការវិនិយោគ។ ហើយនៅដែលសមាគមអញ្ជើញចូលរួមក្នុងកម្មវីធីអន្ដរជាតិនានា នាពេលខាងមុខនឹងធ្វើការដាក់បង្ហាញវីដេអូនេះទៅកាន់អ្នកវិនិយោគអន្ដរជាតិផងដែរ។
លោកស្រីសង្កត់ធ្ងន់ថា នៅពេលភ្ញៀវទេសចរ ឬអ្នកវិនិយោគបានស្គាល់និងបានឃើញប្រទេសកម្ពុជា ពិសេសតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំង ២៥ ខេត្ដ-ក្រុងនោះ ពួកគាត់អាចនឹងចាប់អារម្មណ៍វិនិយោគទៅលើវិស័យដីធ្លី និងអចលនវត្ថុផ្សេងៗទៀតនៅថ្ងៃនាគត។ យ៉ាងណាក្រៅពីគោលបំណងនៃការផ្សព្វផ្សាយវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ នៅក្នុងដំណើរទស្សនៈកិច្ចនោះសមាគម CVEA ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ជូនដល់មន្ទីរពេទ្យកុមារអង្គរថែមទៀតផង។
សូមជម្រាបថា ដំណើរទស្សនៈកិច្ចនេះខាងលើនេះប្រព្រឹត្ដណ៍ទៅបាន ក៏មានការគាំទ្រនិងចូលរួមឧបត្ថមពីបណ្ដាលក្រុមហ៊ុនធំៗជាច្រើនដូចជា៖ ក្រុមហ៊ុន បុរី ជីបម៉ុង ក្រុមហ៊ុនអចលនទ្រព្យ Pointer ក្រុមហ៊ុនអចលនទ្រព្យ CPL ក្រុមហ៊ុន AMATAK Property Services និងក្រុមហ៊ុន KH25 Property ផងដែរ៕