នៅក្នុងការរកស៊ី មានម្ចាស់អាជីវកម្មមួយចំនួនមានទុនគ្រប់គ្រាន់ក្នុងការចាប់ផ្តើម ហើយក៏មានម្ចាស់អាជីវកម្មផ្សេងទៀត ត្រូវការមានដៃគូសហការដើម្បីធ្វើឱ្យដំណើរការអាជីវកម្មអាចប្រព្រឹត្តិទៅបានយ៉ាងល្អទៅមុខប្រកបដោយភាពរឹងមាយូរអង្វែងទៅបាន។ ជាមួយគ្នានឹងការជ្រើសរើសដៃគូនេះទៀតសោត ជារឿងចាំបាច់ណាស់ មិនមែនចេះតែរើសឱ្យតែបានៗនោះទេ ព្រោះបើរើសខុសនឹងនាំជាបញ្ហាទៅវិញ។
ជាក់ស្តែង តាមរយៈបទពិសោធន៍ផ្ទាល់របស់លោក នី រ៉ាហ្សេល ម្ចាស់ហាងកាហ្វេ Naz Café បានឱ្យដឹងថា ដើម្បីអាចឱ្យគេព្រមដាក់ទុនសហការរកស៊ីជាមួយយើង គឺយើងត្រូវផ្តល់អ្វីដែលមានប្រយោជន៍ ទៅឱ្យគេវិញ។ ត្រង់ចំណុចនេះលោកចង់បញ្ជាក់ថា ជាធម្មតាអ្នកដែលចង់មកសហការជាមួយយើងភាគច្រើនមកដើម្បីចង់បានអ្វីមួយពីយើងត្រឡប់ទៅវិញដូចគ្នា។ ឧទាហរណ៍ បើគេចាយលុយរកស៊ីជាមួយយើងគេច្បាស់ជាចង់បានភ្ញៀវ បានប្រាក់ចំណេញត្រឡប់ទៅវិញ ហេតុនេះសម្រាប់អ្នកដែលចង់កៀរគរគេមករកស៊ីជាមួយត្រូវលើកពី គុណសម្បត្តិ ពីផលប្រយោជន៍ដែលពួកគាត់នឹងត្រូវបានពីការវិនិយោគនេះ និងផលចំណេញផ្សេងៗទៀតទៅកាន់ពួកគាត់។
លោកបន្ថែមទៀតថា ការប្រាប់ពីផលប្រយោជន៍នេះទៀតសោត មិនមែនគិតតែពីអួតសរសើរពីចំណុចល្អៗលើសពីការពិតនោះដែរ តែត្រូវលើកឡើងនូវអ្វីដែលពិតប្រាកដត្រឹមត្រូវ មិនមែនចេះតែនិយាយឱ្យតែបានៗ ដល់គេដាក់ហ៊ុនចូលរកស៊ីបែរជាខុសពីការពិតនោះទេ។ នាំឱ្យមានទុកដាក់ខ្លួន និងធ្វើឱ្យម្ចាស់ភាគហ៊ុនអាក់អន់ចិត្តនាំរឿងនាំរ៉ាវទៅថ្ងៃក្រោយ។ លើសពីនេះទៅទៀត ដើម្បីអាចមានទំនុកចិត្តពីអ្នកបណ្តាក់ទុនយើងក៏ត្រូវមានកុងត្រា ល័ក្ខខណ្ឌច្បាស់លាស់ និង ផែនការអាជីវកម្មត្រឹមត្រូវ ជាមួយនឹងគំនិតរកស៊ីដូចគ្នាទើបធ្វើឱ្យពួកគាត់ហ៊ានវិនិយោគជាមួយយើង។
គួរបញ្ជាក់ផងដែរថា ហាងកាហ្វេ Naz Café គឺជាហាងកាហ្វេមួយដែលមានលក្ខណៈខុសពីគេ ដោយនៅហាងកាហ្វេមួយនេះលើសពីការញ៉ាំកាហ្វេធម្មតា តែនៅទីនេះមានបបណ្តុំអាជីវកម្ម ៥ ផ្សេងទៀតនៅក្នុងនោះផងដែរ មានអាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ វ៉ែនតា ផ្កា ឬ ចង់ញ៉ាំនំ អាហារបែបកូរ៉េ គឺអាចរកបាននៅ Naz Café បានទាំងអស់។
ហេតុដូច្នេះប្រសិនបើបងប្អូនសិស្ស និស្សិត អ្នកធ្វើការ ដែលកំពុងតែស្វែងរកកន្លែងធ្វើការដែលមានផាសុខភាព មានទាំងកាហ្វេ នំ អាហារកូរ៉េ កន្លែងលក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ វ៉ែនតា និងផ្កាដាក់ក្នុងបន្ទប់ស្អាត អាចទៅ Naz Café ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣៥៣ ជិតសាលាប៊ែលធី រង្វង់មូលកាំកូស៊ីធី ធានាថានឹងធ្វើឱ្យអតិថិជនទាំងអស់ទទួលបាននូវអារម្មណ៍ប្លែកជាមួយនឹងជម្រើសយ៉ាងសម្បូរបែបនៅកន្លែងតែមួយ៕