ជាទូទៅ កូកា-កូឡា លក់រាយមួយដបមានតម្លៃត្រឹមតែ ២ពាន់រៀលប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកមកមើលកោះដែលស្ថិតនៅ Ibiza របស់ប្រទេសអេស្ប៉ាញ ដែលត្រូវបានគេស្គាល់ថាជាកន្លែងសម្បូរទៅដោយអ្នកមានៗរស់នៅច្រើន លក់កូកា-កូឡា មួយកំប៉ុងរហូត ដល់ទៅ ១៣ដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលកន្លងមកនេះ។
ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលកោះនេះលក់តម្លៃខ្ពស់គឺដោយសារតែ Ibiza ជាកោះមួយក្នុងចំណោមប្រជុំកោះរបស់ប្រទេសអេស្ប៉ាញ។ បន្ថែមពីនេះ វាត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការកម្សាន្តពេលរាត្រីដ៏ពេញនិយមមួយ នៅក្នុងទីប្រជុំជន Ibiza ជាមួយនឹងក្លឹបរាត្រីដ៏ធំបំផុតរបស់អឺរ៉ុប កន្លែងនោះផងដែរមានកន្លែងស្នាក់នៅទំនើបៗ ទាន់សម័យហើយជាទូទៅភ្ញៀវទេសចរភាគច្រើនទៅលេងនៅរដូវក្តៅ។
មួយវិញទៀត វាក៏ជាភូមិដ៏ស្ងប់ស្ងាត់ផងដែរ ដែលអាចលំហែជាមួយឆ្នេរសមុទ្រដ៏សែនមនោរម្យ អបជាមួយទេសភាពភ្នំដ៏អស្ចារ្យផងដែរ មិនតែប៉ុណ្ណោះអ្វីៗនៅទីនោះគឺ មានភាពប្រណិត ទាន់សម័យ និងសម្បូរទៅដោយអ្នកមានៗ ហេតុនេះហើយទើបធ្វើឱ្យទំនិញនៅទីនោះមានតម្លៃថ្លៃខុសពីកន្លែងដ៏ទៃទៀត។
គួរជម្រាបផងដែរថា កូកា កូឡា លក់ដំបូងបានត្រឹមតែ ៩កែវតែប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែបើកងាកមកមើលនាពេលបច្ចុប្បន្ននេះវិញ ក្រុមហ៊ុនអាចលក់មួយថ្ងៃ បានច្រើនជាង ១.៩ពាន់លានដបឯណោះ នៅទូទាំងពិភពលោកប្រមាណជា២០០ប្រទេស ។
អត្ថបទដោយ៖ នៅ ថាត់សណា