ស៊េរីចាស់ អ្នកណាមិនស្គាល់ Clash of Clans ដឹងទេអ្នកណាជាអ្នកបង្កើតហ្គេមនេះ
ធី ស្រីល័ក្ខSEPTEMBER 19 2022447 views

Clash of Clans គឺជាហ្គេមដ៏ល្បីឈ្មោះមួយកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដែលធ្វើឱ្យអ្នកលេងសឹងតែភ្លេចបាយភ្លេចទឹក ព្រោះតែហ្គេមមួយនេះ ថ្វីបើមានមនុស្សជាច្រើនបានស្គាល់ និងធ្លាប់លេងហ្គេមមួយនេះ ប៉ុន្តែមានមនុស្សតិចណាស់ដែលបានស្គាល់អ្នកបង្តើតហ្គេម Clash of Clans ។ដូច្នេះ ក្នុងថ្ងៃនេះ Business Cambodia នឹងបើកបង្ហាញពីអ្នកបង្កើតហ្គេម Clash of Clans ឱ្យបងប្អូនទាំងអស់គ្នាបានស្គាល់។

លោក Ilkka Paananen គឺជានាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Supercell ដែលជាអ្នកបង្កើតហ្គេមមានទីស្នាក់ការនៅទីក្រុង Helsinki។លោកកើតនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៧៨ នៅប្រទេសហ្វាំងឡង់។មុនពេលបង្កើតក្រុមហ៊ុន Supercell គាត់គឺជានាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនហ្គេម Sumea តែក្រោយមកក្រុមហ៊ុននេះត្រូវបានក្រុមហ៊ុន Digital Chocolate ទិញយក។

លុះក្រោយមកក្នុងឆ្នាំ ២០១០ ស្ថាបនិកវ័យ ៤២ឆ្នាំរូបនេះ បានបង្កើតក្រុមហ៊ុនហ្គេមមួយទៀតឡើង ដោយមានប្រភេទហ្គេមចំនួន ៥ រួមមានដូចជា Clash of clans , Hay Day, Boom Beach, Clash Royale និង Brawl Stars ។ ក្រោយបង្កើតហ្គេមទាំងនោះបានមួយរយៈ សន្ទុះនៃការលេងចាប់ផ្តើមមានការកើនឡើង រហូតមានអ្នកលេងប្រចាំថ្ងៃដល់ទៅ ១០០លាននាក់ និងធ្វើឱ្យ Supercell ក្លាយជាក្រុមហ៊ុនហ្គេមដែលមានតម្លៃខ្ពស់បំផុតដំបូងគេ ដែលឈានដល់តម្លៃ ១០ ពាន់លានដុល្លារ។​

ហើយបើយោងតាមការចុះផ្សាយរបស់ Statista បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោកបង្កើតហ្គេមនេះឡើងដោយសារតែ លោកចង់ផ្សារភ្ជាប់មនុស្សនៅជុំវិញពិភពលោកឱ្យមានទំនាក់ទំនងជាមួយគ្នា បង្កើនភាពស្និតស្នាលជាមួយគ្នា និងអាចធ្វើឱ្យមនុស្សកាត់បន្ថយភាពតានតឹងតាមរយៈការលេងហ្គេមនេះ។ ហើយក្នុងរយៈពេល៨ខែដំបូងនៃដើមឆ្នាំ ២០២២នេះ Clash of Clans រកចំណូលបានជាង ២៥០លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា បន្ថែមពីតួនាទីនៅ Supercell, លោក Ilkka បានយកលុយដែលរកបានពីការបង្កើតហ្គេមនេះទៅជួយដល់សហគ្រិនផ្សេងទៀតក្នុងនាមជាអ្នកវិនិយោគ និងជាសមាជិកសកម្មនៃសហគមន៍ចាប់ផ្តើមអាជីវកម្ម Nordic ដែលជាកន្លែងបណ្តុះបណ្តាលជំនាញក្នុងការចាប់ផ្តើមអាជីវកម្មនិងបង្វឹកស្ថាបនិកផ្សេងទៀត។ ក្រៅពីនេះ លោក Ilkka ក៏បានចាប់ដៃគ្នាជាមួយសហស្ថាបនិក Mikko Kodisoja បង្កើតមូលនិធិ We Foundation ដើម្បីប្រយុទ្ធប្រឆាំងនឹងវិសមភាពសង្គម និងជួយកុមារដែលជួបការលំបាកក្នុងប្រទេសហ្វាំងឡង់ផងដែរ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia