លោក Charlie Munger គឺជាអតីតអនុប្រធានក្រុមហ៊ុន Berkshire Hathaway ដែលទើបទទួលមរណភាពកាលពីពេលថ្មីៗនេះ ហើយក៏ជាមនុស្សម្នាក់ស្និទ្ធស្នាលបំផុតនឹងមហាសេដ្ឋី Warren Buffett ថែមទៀតផង។ ឆ្លងកាត់ពេលវេលាជីវិតជាង ៩៩ឆ្នាំ លោកតា Charlie Munger ផ្តាំឲ្យធ្វើរឿងធំៗ៥ ខាងក្រោមនេះ ទោះចង់ក្រក៏ពិបាកដែរ៖
១/. មិនចាយហួសមាឌ
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Quick លោក Munger បានចែករំលែកគន្លឹះជោគជ័យមួយគឺ៖ «អ្នកមិនត្រូវចំណាយប្រាក់ហួសពីចំណូលដែលរកបានឡើយ»។ តាមរយៈការរស់នៅដ៏សាមញ្ញ អ្នកអាចកាត់បន្ថយាភាពតានតឹងជុំវិញបំណុល អតិផរណា និងការចំណាយលើរបស់មិនចាំបាច់ផ្សេងៗ។ ប្រសិនបើអ្នកកំពុងចំណាយតិចជាងអ្វីដែលអ្នករកបាន អ្នកបានកសាងសំណាញ់សុវត្ថិភាពហើយវានឹងបង្កើនសាច់ប្រាក់សម្រាប់វិនិយោគ និងបង្កើតប្រាក់ចំណូលអកម្មបន្ថែមទៀត។
២/. វិនិយោគឆ្លាតវ័យ
«វាសាមញ្ញណាស់ក្នុងការចំណាយតិចជាងអ្នករកបាន ហើយវិនិយោគដោយឆ្លាតវៃ» លោក Munger បានប្រាប់ម្ចាស់ភាគហ៊ុននៅកិច្ចប្រជុំ Berkshire Hathaway ដ៏ល្បីល្បាញមួយ។ ជាក់ស្តែងមហាសេដ្ឋី Warran Buffett លោក Munger បានធ្វើតាមទស្សនវិជ្ជានៃការកាន់កាប់លើការវិនិយោគរបស់គាត់។ លោកបានបន្តថា៖ «លុយធំមិនស្ថិតនៅក្នុងការទិញលក់រយៈពេលខ្លីទេ ប៉ុន្តែវាស្ថិតនៅក្នុងការរង់ចាំ និងចេះអត់ធ្មត់ក្នុងរយៈពេលវែង»។
៣/. មិនបំផ្លាញក្រេឌីត
សម័យនេះមនុស្សឱ្យតម្លៃខ្ពស់ទៅលើក្រេឌីត ឬអាចនិយាយមួយបែបទៀតថាកេរ្តិ៍ឈ្មោះមុខមាត់ខ្លាំងណាស់។ ប្រសិនបើអ្នកធ្វើឱ្យកិត្តិយស កេរ្តិ៍ឈ្មោះរបស់អ្នកស្អុយរលួយ នោះអ្នកនឹងពិបាកក្នុងការរកស៊ីនៅក្នុងសង្គម។ ដូច្នេះត្រូវរស់នៅដោយរក្សាកេរ្តិ៍ឈ្មោះខ្លួនឱ្យបានល្អបំផុត។
៤/. បន្តការរៀនសូត្រ
Munger ធ្លាប់បានផ្តល់ដំបូន្មានយ៉ាងដូច្នេះថា៖ «ហ្គេមនៃជីវិតគឺជាល្បែងនៃការរៀនសូត្រដ៏អស់កល្បជានិច្ច។ អ្នកត្រូវតែបន្តរៀន ប្រសិនបើអ្នកចង់ឈ្នះ»។ បច្ចុប្បន្នការរៀនសូត្រមានច្រើនទម្រង់ ចាប់ពីក្នុងសាលា រហូតដល់ការស្តាប់ផតខាស ឬមើលវីឌីអូលើបណ្តាញសង្គមនានា ជាពិសេសគឺនៅជាមួយមនុស្សដែលមានចំណេះដឹងខ្ពស់។
៥/. កុំសេពគប់មនុស្សពិសពុល
មហាសេដ្ឋី Munger បានប្រាប់ម្ចាស់ភាគហ៊ុននៅឯកិច្ចប្រជុំមួយថា៖ «មេរៀនដ៏អស្ចារ្យមួយនៃជីវិតគឺចេញឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន ឬក្រុមមនុស្សពុតត្បថ ប្រសិនបើកំពុងសេពគប់ត្រូវដកខ្លួនចេញឲ្យលឿនបំផុត»។ បើអ្នកធ្វើរឿងទាំងអស់នេះបាន អ្នកមានភាគរយខ្ពស់ដើម្បីទទួលបានភាពជោគជ័យ។
យ៉ាងណាមិញ ជីវិតរស់នៅក្នុងការប្រកួតប្រជែងនៃសម័យជឿនលឿន ទាមទារឲ្យអ្នកមានស្មារតីប្រឹងប្រែង ឈ្លាសវៃ និងដើរឲ្យទាន់និន្នាការសង្គម លើសពីនេះត្រូវធ្វើរឿងធំៗទាំង៥ខាងលើឲ្យបាន នោះអនាគតទោះចង់ក្រក៏ពិបាកដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24