លុយ១០ម៉ឺនរៀល សម្រាប់មនុស្សទូទៅ ប្រហែលជាមិនដឹងថាគួរយកទៅធ្វើអ្វីនោះឡើយ ប៉ុន្តែសម្រាប់លោក គួន ចន្ថា បានប្រែលុយនេះ ទៅបង្កើតជាអាជីវកម្មលក់ផ្កាក្រដាសបត់ដោយដៃ លក់លើអនឡាញ អាចទាញភ្ញៀវចូលដូចទឹកបាក់ទំនក់ រហូតបដិសេធការកម៉្មង់ ព្រោះធ្វើលែងទាន់។
លោក គួន ចន្ថា បានកើតនៅក្នុងគ្រួសារមួយដែលមានជីវភាពមិនសូវធូរធារនោះទេ ប៉ុន្តែដោយសារមហិច្ឆតាចង់ផ្លាស់ប្តូរអនាគតរបស់ខ្លួន លោកក៏សម្រេចចិត្តជម្រាបលាឪពុកម្តាយ ចាកចេញពីស្រុកកំណើតនៅក្នុងខេត្តព្រះសីហនុ ឡើងមករស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកការងារធ្វើចិញ្ចឹមជីវិត។
លោកបានប្រាប់ Business Cambodia ឱ្យដឹងថា នៅពេលដែលឡើងមកដល់ភ្នំពេញដំបូងៗ ដោយពេលនោះលោកបានដាក់ពាក្យជាច្រើនកន្លែង ហើយក៏មានបទពិសោធន៍ធ្វើការក្បែរ១០ឆ្នាំផងដែរ តែការងារចុងក្រោយដែលលោកធ្វើយូរជាងគេនោះគឺជាការងារចុងភៅហាងមួយកន្លែងជាមួយបទពិសោធខ្ទង់៥ឆ្នាំ។
ធ្វើការបណ្តើរ ឆ្លៀតសន្សំលុយបណ្តើរ ថ្ងៃមួយលោកក៏អង្គុយលេងជាមួយប្អូនប្រុសរបស់លោក ដោយប្អូនរបស់ខ្លួនបត់ផ្កាក្រដាសលេង ហើយឃើញស្អាត ចំនាញខ្លួនចូលចិត្តតុបតែងទៀតនោះ ពួកលោកអាចរៀបចំផ្កាមួយបាច់យ៉ាងស្អាត។ ដោយសម្លឹងមើលឃើញថា ខ្លួនចូលចិត្តនឹងស្រលាញ់វា លោកក៏មានគំនិតរកស៊ីខ្លួនឯង ទាក់ទងទៅនឹងការបត់ផ្កាក្រដាសលក់។
នៅឆ្នាំដើមឆ្នាំ ២០២១ បុរសចិត្តស៊ូរូបនេះ ក៏សំុមេព្យួរការងារមួយខែ ដោយសាកល្បងធ្វើផ្កាលក់ ដោយដើមទុនដំបូងរបស់លោក ត្រឹមតែ១០ម៉ឺនរៀលតែប៉ុណ្ណោះ សាកលក់នៅអនឡាញសិន។ ដោយពីមួយថ្ងៃទៅមួយថ្ងៃដោយចំនួនអ្នកចាប់អារម្មណ៍ ហើយចាប់ផ្តើមស្គាល់ចេះតែច្រើន តាមរយៈការផុសរបស់លោក រហូតអាចផ្លាស់ប្តូវាសនាដែលធ្លាប់លក់មួយថ្ងៃបានមួយបាច់ពីរបាច់ រហូតហក់ខ្លាំងមួយថ្ងៃលោកអាចលក់ដាច់ចន្លោះពី១០០បាច់ទៅ១៥០បាច់ ដល់ពេលខ្លះបដិសេធការកម៉្មង់ ព្រោះធ្វើលែងទាន់ក៏មានដែរ។
គួរជម្រាបផងដែរថា សម្រាប់បងប្អូន ដែលចាប់អារម្មណ៍ចង់ធ្វើការជាវ ឬចង់យកទៅលក់បោះដំុ និងលក់រាយបន្ត អាចធ្វើការទំនាក់ទំនងហ្វេសមុខផេករបស់លោកដោយផ្ទាល់ ចន្ថា ផ្កាក្រដាស ឬតាមរយៈលេខទូរស័ព្ទ ☎️015 861 714 តេឡេក្រាម 015 861 714 ហើយបងប្អូនក៏ធ្វើការទៅដល់ទីតាំងផ្ទាល់ក៏បាន ដែលស្ថិតក្បែរនៅផ្សារចាក់អង្រែក្រោមតែម្តង។