ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក សម្រេចបានកំណើនហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤
Sreymom ChaMAY 21 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ត្រូវបានស្គាល់ថា "សែលកាត" ជាប្រតិបត្តិករទូរស័ព្ទក្នុងស្រុកឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសលទ្ធផលហិរញ្ញវត្ថុដោយមានមោទកភាព គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ ដូចដែលបានបង្ហាញនៅក្នុងលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់រយៈពេលបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ ត្រីមាសទី១ ឆ្នាំ ២០២៤ បានបង្ហាញពីប្រាក់ចំណេញកើនឡើងគួរឲ្យកត់សម្គាល់ ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះក៏បានបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ និងភាពជោគជ័យនៃប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។

របាយការណ៍សង្ខេបសំខាន់ៗ នៃប្រតិបត្តិការហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ ២០២៤ នេះរួមមាន ប្រាក់ចំណេញក្រោយបង់ពន្ធ កើនឡើងចំនួន ២៥ ប៊ីលានរៀល ស្មើនឹង ៦៦% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ ២០២៣។ ដូចគ្នានេះដែរ​ ក្រុមហ៊ុន  សែលកាត បានបញ្ចេញរបាយការណ៍នៃប្រាក់ចំណូលកើនឡើងសរុប ចំនួន ៣២ ប៊ីលានរៀល ដែលបង្ហាញពីការកើនឡើងចំនួន ១២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

ការជំរុញកំណែទម្រង់វិស័យឌីជីថលនៅកម្ពុជា

ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន សែលកាត បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រួមទាំងវេទិការាជរដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៤ (Digital Government Forum 2024) ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកជំនាញ ជួបពិភាក្សាអំពីបរិបទថ្មីនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការបង្កើនកំណែទម្រង់វិស័យឌីជីថល។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។ ព្រឹត្តិការណ៍នេះ បានផ្តោតលើសហគ្រាសធុនតូច និងមធ្យមភាគច្រើន និងជាវេទិកាដ៏ល្អមួយ សម្រាប់ក្រុមហ៊ុនសែលកាត ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការបង្កើតថ្មី និងវឌ្ឍនភាពបច្ចេកវិទ្យា។

ការជំរុញការពង្រីកបណ្តាញ និងនវានុវត្តន៍

ថ្មីៗនេះក្រុមហ៊ុន សែលកាត បានកំពុង​កែលម្អ និងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត ដើម្បីផ្តល់សេវាគ្របដណ្តប់ ឲ្យបានកាន់តែទូលាយ ផ្តល់អ៊ីនធឺណិតឲ្យកាន់តែមានល្បឿនលឿន និងសេវាល្អជូនអតិថិជន។ ដូច្នេះក្រុមហ៊ុនបានពង្រីកបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័តបន្ថែម ចំនួន​១០ខេត្ត និងដាក់ពង្រាយពង្រីកបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត ដោយប្រើឧបករណ៍ IBS និង Microcells។ អតិថិជនសែលកាត នឹងអាចរីករាយដោយមានបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត និងមានអ៊ីនធឺណិតល្បឿនលឿនគួរជាទីទុកចិត្តសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។

លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់ពីក្រុមហ៊ុន OpenSignal បានបង្ហាញថា ការខិតខំប្រឹងប្រែងទាំងអស់របស់ក្រុមការងារ និងក្រុមដៃគូបណ្តាញរបស់យើង ត្រូវបានទទួលស្គាល់ថា យើងខ្ញុំកំពុងដើរលើផ្លូវត្រូវដែលយើងសមនឹងទទួលបាន។ យើងខ្ញុំពិតជារំភើបណាស់ ក្នុងការទទួលបានពានរង្វាន់ពីក្រុមហ៊ុន OpenSignal ផ្ទួនៗ ហើយយើងខ្ញុំ ទន្ទឹងរង់ចាំទទួលមតិស្ថាបនាវិជ្ជមានមួយចំនួន ពីអតិថិជនរបស់យើង។

ពង្រីកការផ្តល់ផលិតផល និងសេវាជូនអតិថិជន

បន្ថែមលើការពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញសេវាទូរស័ព្ទចល័ត ទូទាំងប្រទេសកម្ពុជា​ ក្រុមហ៊ុន សែលកាត ក៏បានដាក់ឲ្យដំណើរការសេវាកម្មថ្មី ដោយជោគជ័យហៅថា Cellcard Home Wi-Fi ជូនអតិថិជន។​ Cellcard Home Wi-Fi ផ្តល់សេវាដូចជា ការទាញយកមាតិកាក្នុងស្រុកមានល្បឿនលឿន (High-speed local content streaming) អ៊ីនធឺណិតខ្សែកាប្លិ៍អុបទិកមានល្បឿនលឿន និងមានអត្ថប្រយោជន៍បន្ថែមទៀត។

ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទទួលបានពានរង្វាន់ និងប័ណ្ណសរសើរជាង ៥០ និងជាក្រុមហ៊ុន ដែលនៅតែបន្តនាំមុខទីផ្សារទូរគមនាគមន៍កម្ពុជានេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន ដោយផ្តោតលើ គុណតម្លៃ ភាពបត់បែន គុណភាព ភាពជឿជាក់ សុវត្ថិភាព ឯកជនភាព និងមានការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនិន្នាការថ្មីរបស់អ្នកប្រើប្រាស់ ដោយមាននិតិវិធីល្អ ប្រកបដោយភាពច្នៃប្រឌិត។

អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក “សែលកាត” 

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅកម្ពុជា មានប្រវត្តិដ៏យូរលង់​ និងកេរ្តិ៍ឈ្មោះល្បី​ មានការច្នៃប្រឌិតខ្ពស់នៅក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ហើយមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយលក់ច្រើន។ 

 

Sreymom Cha

អត្ថបទសរុប៖ 259

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia