ឈានដល់ដើមឆ្នាំ២០២៤តម្លៃរបស់Bitcoin បានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ ហើយគិតត្រឹមថ្ងៃនេះតម្លៃBitcoin បានឡើងដល់ជាង៦៦,០០០ដុល្លារក្នុងមួយកាក់ខណៈអ្នកជំនាញបានព្យាករថាតម្លៃវាអាចនឹងហក់ឡើងកាន់តែខ្ពស់ថែមទៀតនាពេលអនាគត។
បើយោងតាមការចុះផ្សាយរបស់ Yahoo Finance លោកស្រី Cathie Wood ស្ថាបនិកក្រុមហ៊ុន ARK Invest និងជាកំពូលអ្នកវិនិយោគដ៏ល្បីឈ្មោះរបស់អាមេរិកបានព្យាករថាតម្លៃBitcoin អាចនឹងហក់ឡើងដល់១.៥លានដុល្លារនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយលោក Peter Diamandis កាលពីពេលថ្មីៗនេះលោកស្រី Cathie Wood បានឲ្យដឹងថាអ្នកវិនិយោគជាស្ថាប័ននិងក្រុមហ៊ុនធំៗកាន់តែច្រើនបានងាកមកចាប់អារម្មណ៍វិនិយោគលើគ្រីបតូជាជាងវិនិយោគលើទ្រព្យប្រពៃណី។ ដូច្នេះកត្តានេះនឹងរុញឲ្យតម្លៃBitcoinហក់ឡើងខ្ពស់កប់ពពក។
លោកស្រីបានបន្ថែមទៀតថាដោយសារតែការផ្គត់ផ្គង់Bitcoin មានត្រឹមតែ២១លានកាក់ហើយវិនិយោគិនស្ថាប័នបាននាំគ្នាចាប់ផ្ដើមផ្ដោតវិនិយោគទៅលើBitcoin ដូច្នេះធ្វើឲ្យលុយគ្រីបតូដែលមានប្រជាប្រិយភាពមួយនេះនឹងកើនឡើងលឿនខ្លាំងមិនធ្លាប់មានពីមុនមក។
លោកស្រី Cathie Wood ទើបតែបានលក់ភាគហ៊ុនCoinbase Global គិតជាទឹកប្រាក់២៤លានដុល្លារនៅពេលដែលBitcoin បានឡើងដល់ចំណុចខ្ពស់បំផុតជាង៦៩,០០០ដុល្លារកាលពីប៉ុន្មានថ្ងៃមុននេះ។
បើទោះបីជាមានការព្យាករថាតម្លៃBitcoin ហក់ខ្ពស់ដល់ជាង១លានដុល្លារក៏ដោយប៉ុន្ដែនៅខែក្រោយនេះអ្នកជំនាញមួយចំនួនបានព្យាករថាវានឹងធ្លាក់ចុះមកវិញបន្តិច។ ការធ្លាក់ចុះនេះគឺដោយសារព្រឹកត្តិការណ៍កាត់បន្ថយផលិតBitcoinដែលភាសាអង់គ្លេសហៅថា Halving Event អាចកើតឡើងប្រមាណជារៀងរាល់៤ឆ្នាំដែលព្រឹតិ្តការណ៍នេះគឺជាសកម្មភាពមួយបង្អាក់ដល់ការផលិតBitcoin ហើយកាត់បន្ថយរង្វាន់លើទឹកចិត្តសម្រាប់អ្នកជីករុករកBitcoinដល់ទៅពាក់កណ្ដាល។ ព្រឹត្តិការណ៍ Halving Event របស់Bitcoin ត្រូវបានគេព្យាករថានឹងកើតឡើងនៅអំឡុងខែមេសាឆ្នាំ២០២៤នេះ។ ចង់ទទួលបានចំណេះដឹងទាក់ទងនឹងការវិនិយោគអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong