ចង់ចេញរកស៊ីតែស្ទើរលុយ នេះជារបរសាមញ្ញ៣ ដែលអាចចាប់ផ្តើមធ្វើបាន ខណៈចំណូលធ្លាក់ចូលកុងរាល់ថ្ងៃ
ធី ស្រីល័ក្ខMAY 29 2025565 views

មានបងប្អូនមួយចំនួន តែងតែគិតថាពួកគាត់ពិតជាចង់មានមុខរបរផ្ទាល់ខ្លួនខ្លាំងណាស់ តែមិនដឹងចាប់របររកស៊ីអ្វីនោះឡើយ ដោយសារមុខរបរមួយៗគឺត្រូវចំណាយដើមទុនច្រើនណាស់នៅក្នុងការធ្វើ ប៉ុន្តែប្រសិនជាបងប្អូនពិតជាមានឈាមជ័រជាមួយការរកស៊ីមែនពុំចាំបាច់ទាល់តែមានរាប់ម៉ឺនដុល្លារទើបចាប់ផ្តើមធ្វើនោះទេ ខណៈរបរសាមញ្ញ៣ ខាងក្រោមនេះបងប្អូនអាចចាប់ផ្តើមធ្វើបាន៖

១. កែច្នៃគ្រាប់ធញ្ញជាតិលក់

កាលពីកន្លងទៅ នៅក្នុងបទសម្ភាន៍ជាមួយចាបក្រហម អ្នកនាងនុត សុភ័ស្ត ដែលជាម្ចាស់សិប្បកម្មស្រីមុំ កែច្នៃគ្រាប់ធញ្ញជាតិ បាននិយាយថា ចំពោះរបរមួយកែច្នៃគ្រាប់ធញ្ញជាតិ អ្នកនាងបានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ ២០១៥ មកម្លេះ ដែលបើកដំបូងជាមួយដើមទុន១០ម៉ឺនរៀលហើយបើកជាលក្ខណៈគ្រួសារទេ។

ក្រឡេកមកមើលសិប្បកម្មរបស់គាត់បន្តិច នាពេលបច្ចុប្បន្នគាត់អាចប្តូរពីអាជីវកម្មលក្ខណៈគ្រួសារមកបើកជាសិប្បកម្មហើយ ចំណែកផលិតផលដែលគាត់កំពុងតែផ្តោតខ្លាំងក្នុងការផលិតនិងលក់ដាច់ខ្លាំងនោះគឺមានដូចជា ពោតលីងអប់រសជាតិប័រ ពោតលីងអប់រសជាតិស្លឹកខ្ទឹម ពោតលីងអប់រសជាតិហឹរ នៅក្នុងនោះអ្នកនាងសុភ័ស្តក៏បានផលិតនៅមុខទំនិញមួយចំនួនទៀតដើម្បីផ្សែផ្សំគ្នាដែលមានបាញ់ត្រាង អំបឹលបង្គាលីងតាមតែតម្រូវការអតិថិជនកម្មង់។

និយាយបណ្តើរ សើចបណ្តើរ ម្ចាស់សិប្បកម្មស្រីមុំ បានបង្ហើបថា និយាយមិនលាក់លៀម “ខ្ញុំជាមួយនិងស្វាមីពិតជាស្រលាញ់នៅផលិតផលណាមួយដែលកូនខ្មែរអាចធ្វើខ្លួនឯងបានណាស់ ទោះបីជារបរនេះផ្តើមពីទុនតិចហើយរកចំណូលបានតិចក៏ជាក្តីសុខម្យ៉ាងដែរ “ ។

នៅត្រង់ចំណុចនេះអ្នកនាងក៏បានបន្តថា រាល់ថ្ងៃនេះអ្នកនាងជាមួយស្វាមីហត់បន្តិចមែនតែក៏សប្បាយចិត្ត ដោយសារតែគាត់ជាមួយស្វាមីបានដើរតួជាអ្នកផលិតផង ជាអ្នកវិចខ្ចប់ផង ជាអ្នកធ្វើទីផ្សារផង និងជាអ្នកដឹកជញ្ជូនផងដែរ។

២. ច្នៃបង្អែមខ្មែរលក់

អ្នកស្រី ម៉ីសៀក បាននិយាយថា សម្រាប់មុខរបរធ្វើនំបាញ់ឌុកកូនកាត់ឬតយខ្ទិះកាលពីដើមឡើយអ្នកនាងចាយទុនត្រឹមតែ ១០ម៉ឺនរៀលទេដោយកាលនោះអ្នកនាងចាប់ផ្តើមធ្វើលក់សាកល្បងត្រឹមតែ ៥០កែវទេ ប៉ុន្តែនៅពេលធ្វើលក់ភ្លាម អ្នកនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះនំបាញ់ឌុករបស់អ្នកនាងធ្វើមកពីគ្រឿងផ្សំថ្លៃ ហើយជាពិសេសនោះអ្នកនាងធ្វើមិនរិះថាំគ្រឿងទេ ពោលសូម្បីតែគ្រឿងផ្សំដូចជាស្លឹកតយគឺយករបស់ធម្មជាតិមក ចំណែកខ្ទិះដូងវិញអ្នកនាងបានប្រើខ្ទិះសុទ្ធៗតែម្តង ចំណែកល្ងវិញគឺលីងៗថ្មីសម្រាប់ដាក់លើបង្អែមជូនអតិថិជន។

អ្នកស្រីម៉ីសៀក បានបន្តថា នាពេលនេះនំបាញ់ឌុកកូនកាត់របស់អ្នកស្រីលក់ដាច់ខ្លាំងណាស់ ប្រសិនជាគ្មានភ្លៀងអ្នកនាងអាចលក់បានពី១ពាន់កែវទៅ១ពាន់៥រយកែវក្នុងមួយថ្ងៃ ហើយនៅក្នុងនោះសម្រាប់នំបាញ់ឌុកកូនកាត់បើគិតក្នុងខែអ្នកនាងអាចលក់ដាច់រហូតបានទៅដល់១ម៉ឺន៥ពាន់កែវ ដល់១ម៉ឺន៧ពាន់កែវឯណោះ បើចំណូលវិញគឺអ្នកនាងអាចរកបានខ្ទង់ពាន់ដុល្លារផងដែរ។

៣. លក់ផ្កាតាមអនឡាញ

បើតាមការសម្ភាសន៍ជាមួយយុវតីដ៏ស្រស់ស្អាតមួយរូបដែលមានឈ្មោះថា កញ្ញា ហ្គិចលៀង ដោយបច្ចុប្បន្ននេះកញ្ញាគឺជាអ្នកលក់ផ្កាតាមអនឡាញមួយរូបកំពុងតែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ហើយអ្វីដែលគួរឱ្យសរសើរនោះមុខរបរនេះកញ្ញាប្រើតែ Tik Tok ផុសលក់ប៉ុណ្ណោះតែអាចទាក់ទាញអតិថិជនបានច្រើនណាស់។

កញ្ញា ហ្គិចលៀង បាននិយាយថា នៅថ្ងៃមួយនៅពេលដែលកញ្ញាកំពុងតែអង្គុយអូសហ្វេសប៊ុកស្រាប់តែបានឃើញគេបង្ហោះទាក់ទងពីការដេគ័រផ្កា នាពេលនោះហើយកញ្ញាក៏បានចាប់ផ្តើមកម្មង់ក្រដាសដើម្បីយកមករៀនបត់ធ្វើជាផ្កាក្រដាស។ ជារឿយៗឱ្យតែទំនេរពីការងារនៅយប់ឡើងយុវតីវ័យក្មេង១រូបនេះតែងតែយកពេលរៀនបត់ផ្កា រៀនស្រាវជ្រាវពីការដេគ័រផ្កាកាន់តែច្បាស់រហូតធ្វើឱ្យកញ្ញារកឃើញខ្លួនឯងថាពិតជាមនុស្សស្រីម្នាក់ដែលមានដុង្គខាងផ្កានឹងខ្លាំងណាស់។

បន្ទាប់ពីរកឃើញខ្លួនឯងច្បាស់ថា ជាមនុស្សម្នាក់ដែលស្រលាញ់និងចូលចិត្តរបរលក់ផ្កានេះហើយមក កញ្ញាក៏ចាប់ផ្តើមនឹកឃើញថានាពេលនេះ ចំពោះការបត់ផ្កាលក់គឺកញ្ញាអាចចេះស្ទាត់ហើយដូច្នេះប្រសិនជាចាប់ផ្តើមបង្កើតផេកលក់ផ្កាគឺនឹងកាន់តែល្អហើយលក់ដាច់ខ្លាំង។ ដូច្នេះហើយនៅអំឡុងដើមឆ្នាំ ២០២៤ កញ្ញាក៏បានចាយទុនប្រមាណពី ៩ម៉ឺនរៀលទៅ១០ម៉ឺនរៀល ដើម្បីទិញក្រដាសមកបត់ផ្កាហើយតែងតែបង្ហោះលក់នៅបណ្តាញសង្គមរហូត។

 ព្រោះតែការបង្ហោះមុខរបរផ្ទាល់ខ្លួននៅបណ្តាញសង្គមនេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃរបរលក់ផ្កានេះគឺកញ្ញាលក់ដាច់ខ្លាំងណាស់ រាល់ថ្ងៃនេះសឹងតែរកពេលសម្រាកមិនចង់បាននោះទេ មិនតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះនេះក្រៅពីបត់ផ្កាក្រដាសលក់ កញ្ញាក៏បានបង្កើតទុនបន្ថែមទៀតដើម្បីដេគ័រផ្កាស្រស់លក់ព្រមទាំងមានលក់ផ្កាពោតផងដែរ។

កញ្ញា ហ្គិចលៀង ក៏បានបញ្ជាក់ដែរថា ចំពោះមូលហេតុដែលធ្វើឱ្យអាជីវកម្មផ្ការបស់កញ្ញា កាន់តែលក់ដាច់ពីមួយថ្ងៃទៅមួយថ្ងៃហើយភ្ញៀវចេះតែកើននោះ ដោយសារតែកញ្ញាផ្តោតខ្លាំងជាងគេទៅលើសេវាកម្មមិនថាកញ្ញាជួបបញ្ហាអ្វីក៏ដោយគឺកញ្ញានៅតែសម្តីសមរម្យដាក់ភ្ញៀវជានិច្ច មិនតែប៉ុណ្ណោះផ្ការបស់កញ្ញាដេគ័រលក់គឺមានតម្លៃសមរម្យភ្ញៀវទិញហើយគឺតែងតែសរសើរចង់ត្រឡប់មកទិញម្តងទៀតជានិច្ច ហើយចំពោះផ្កានៅក្នុងហាងរបស់កញ្ញាទាំងអស់គឺសុទ្ធសឹងតែធ្វើដោយដៃ អញ្ចឹងគឺកញ្ញាតែងតែធ្វើវាដោយក្តីស្រលាញ់ចេញពីចិត្ត នោះហើយជាចំណុចមួយឱ្យតែដល់រដូវបុណ្យទានគឺផ្កានៅហាងកញ្ញាលក់ដាច់ខ្លាំងណាស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia