ជិតដាច់ឆ្នាំ២០២២ ឈានដល់ដើមឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុនជាច្រើនដែលបានចុះបញ្ជីលក់ភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជា( ផ្សារភាគហ៊ុនកម្ពុជា) នឹងយកប្រាក់ចំណេញដែលខ្លួនរកស៊ីក្នុងឆ្នាំ២០២២មកចែកដល់វិនិយោគសាធារណៈដែលបានវិនិយោគទិញហ៊ុនក្រុមហ៊ុនរបស់ខ្លួននៅលើផ្សារហ៊ុន។
ទាក់ទងនឹងផ្សារហ៊ុននេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហាញក្រុមធំៗក្នុស្រុកដែលចុះបញ្ជីលើផ្សារហ៊ុនកម្ពុជា ហើយជាក្រុមហ៊ុនដែលចែកភាគលាភទៀតទាត់នឹងចែកភាគលាភច្រើនបំផុតដល់អ្នកវិនិយោគ។
១. ធនាគារ អេស៊ីលីដា
ធនាគារ អេស៊ីលីដា គឺជាធនាគារដ៏ធំមួយនៅកម្ពុជាដែលបានឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនកាលពីខែឧសភាឆ្នាំ២០២០កន្លងទៅ។ អេស៊ីលីដាត្រូវបានគេចាត់ចូលជាភាគហ៊ុនដ៏មានសកត្ដានុពលនៅលើផ្សារហ៊ុនកម្ពុជាពោលគឺជាហ៊ុនដែលមានជួញដូរច្រើនបំផុតប្រចាំថ្ងៃ។ បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់ អេស៊ីលីដាមានតម្លៃ១០,៧០០រៀលក្នុងមួយហ៊ុន។
សម្រាប់ភាគលាភឆ្នាំ២០២១ដែល អេស៊ីលីដាយកមកចែកដល់វិនិយោគិនសាធារណៈនៅក្នុងឆ្នាំ២០២២គឺយក៣៥%នៃប្រាក់ចំណេញ ហើយភាគលាភដែលវិនិយោគិនទទួលបានគឺ៥៤៨រៀលក្នុងមួយហ៊ុន។ ចំណែកភាគលាភឆ្នាំ២០២២ដែលអេស៊ីលីដានឹងយកមកចែកនៅឆ្នាំ២០២៣ខាងមុខអាចនឹងចែក៤០ទៅ៤៥%នៃប្រាក់ចំណេញ ដូច្នេះភាគលាភអេស៊ីលីដានឹងកាន់តែកើនឡើង។
២. រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ( PWSA)
រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលឡើងផ្សារមូលបត្រកម្ពុជាបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ។ រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញជាក្រុមហ៊ុនដែលចែកភាគលាភទៀតទាត់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់រដ្ឋករទឹកមានតម្លៃ៧,៥០០រៀលក្នុងមួយហ៊ុន ចំណែកភាគលាភឆ្នាំ២០២១ដែលរដ្ឋករទឹកយកមកចែកនៅឆ្នាំ២០២២នេះគឺ៣១០រៀលក្នុងមួយហ៊ុន។ ភាគលាភរបស់រដ្ឋករទឹកឆ្នាំ២០២២អាចនឹងច្រើនជាងឆ្នាំ២០២១ខណៈក្រុមហ៊ុននេះចែកភាគលាភកើនឡើងរាល់ឆ្នាំ។
៣. ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជានារីង( DBDE)
ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជានារីង ថ្វីត្បិតតែចុះបញ្ជីនៅក្នុងកំណើននៃផ្សារមូលបត្រកម្ពុជាពិតមែន ប៉ុន្ដែក្រុមហ៊ុនដែលស្ថិតនៅក្នុងប្រភេទអាជីវកម្មខ្នាតតូចនិងមធ្យមមួយនេះបានធានាចែកភាគលាភខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលឡើងផ្សារហ៊ុនពោលគឺធានាចែកភាគលាភចំនួន៥.៥%នៃតម្លៃIPO។ តម្លៃភាគហ៊ុនរបស់ ឌីប៊ីឌីបច្ចុប្បន្ន មានតម្លៃ២,៣៧០រៀលក្នុងមួយហ៊ុន ហើយភាគលាភឆ្នាំ២០២១ដែល ឌីប៊ីឌីយមកចែកក្នុងឆ្នាំ២០២២នេះគឺ ១៣១រៀលក្នុងមួយហ៊ុន។
៤. កំពង់ផែស្វយ័តក្រុងព្រះសីហនុ( PAS)
កំពុងផែស្វយ័តក្រុងព្រះសីហនុគឺជាកំពង់ផែក៏មានសក្តានុពលមួយនៅកម្ពុជា ហើយនៅឆ្នាំ២០២១និង២០២២នេះប្រាក់ចំណូលក៏ដូចជាប្រាក់ចំណេញរបស់កំពង់ផែក្រុងព្រះសីហនុមានការកើនឡើង។ កាលពីឆ្នា២០២១កន្លងទៅកំពង់ផែក្រុងព្រះសីហនុគឺជាក្រុមហ៊ុនដែលចែកភាគលាភ៥០៤រៀលក្នុងមួយហ៊ុន។ តម្លៃហ៊ុន កំពង់ផែក្រុងព្រះសីហនុបច្ចុប្បន្នមានតម្លៃ១៣,០៤០រៀលក្នុងមួយហ៊ុន។
គួរបញ្ជាក់ផងដែរថាគ្រប់ការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យ ដូច្នេះមុននឹងបងប្អូនវិនិយោគ ត្រូវសិក្សាស្វែងយល់ជាមុនសិនព្រោះការវិនិយោគលើអ្វីដែលយើងមិនយល់គឺប្រឈមនឹងហានិភ័យខ្ពស់។ ដូច្នេះបើបងប្អូនចង់ចេះវិនិយោគភាគហ៊ុនអាចតាមដានFacebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬក៏អាច Join Channel Telegram ខ្ញុំ: https://t.me/toeuy_hong