ការស្តាប់គឺមុខវិជ្ជាគោលមួយក្នុងការសិក្សាភាសា ដើម្បីពង្រឹងការនិយាយ ការសរសេរ ការអាននិងចំណេះដឹងទូទៅ។ ក្នុងនោះការស្តាប់ PodCast-ផតខាសជាភាសាអង់គ្លេសប្រចាំថ្ងៃក៏ជាមធ្យាបាយសម្រាប់រៀនស្តាប់មួយដ៏ល្អផងដែរ ដើម្បីបង្កើនការស្តាប់ភាសាឱ្យស្ទាត់ជំនាញ។
យ៉ាងណាមិញខាងក្រោមនេះគឺជាផតខាសចំនួន៥ ដែលលោកអ្នកអាចប្រើ ស្តាប់ដើម្បីរៀនសូត្រនិងអនុវត្តភាសាអង់គ្លេស ជាច្រើនកម្រិត បានដោយឥតគិតថ្លៃ ស្តាប់គ្រប់ពេល ស្តាប់គ្រប់កន្លែង ខណៈអ្នកកម្រិតដំបូងឬមធ្យមឡើងក៏អាចយល់បាន។
១. All Ears English Podcast៖ គឺជាវេបសាយផតខាសដែលផ្តោតលើការសន្ទនានិងស្តាប់ភាសាអង់គ្លេស ពិសេសលើការពង្រឹងជំនាញស្តាប់ក្នុងតេស្ត IELTS នោងការស្តាប់ដើម្បីយល់ដឹងអំពីវប្បធម៌ផ្សេងៗ ក៏ដូចជាជួយអ្នកសិក្សាឱ្យពង្រឹងជំនាញទំនាក់ទំនងជាភាសាទីពីរបានល្អដូចធម្មជាតិ។
២. Learn English Podcast by the British Council៖ គឺជាវេបសាយផតខាសមួយផ្នែករបស់ BBC ដែលមានការសន្ទនាពិភាក្សាអំពីវាក្យសព្ទ និងស្ថានភាពប្រចាំថ្ងៃ ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ និងកម្រងសំណួរដើម្បីពង្រឹងការរៀនសូត្រផងដែរ។
៣. 6 Minute English៖ គឺជាវេបសាយផតខាសមួយផ្នែកនៃ BBC ដែលផ្តោតសំខាន់លើការពិភាក្សាអំពីប្រធានបទថ្មីៗនានា ដើម្បីស្តាប់និងស្រង់ពាក្យថ្មីៗ ល្អសិក្ត័សមសម្រាប់អ្នកសិក្សាកម្រិតមធ្យម។
៤. The English Made Simple Podcast៖ គឺជាផតខាសភាសាអង់គ្លេសដែលផ្តោតសំខាន់លើការស្តាប់ ការសន្ទនាភាសាអង់គ្លេស បែបងាយស្រួលក្នុងជីវភាពរស់ប្រចាំថ្ងៃ ដូចជាភាសាអង់គ្លេសសម្រាប់ការធ្វើដំណើរកម្សាន្តជាដើម ស័ក្តិសមបំផុតសម្រាប់អ្នកសិក្សាកម្រិតដំបូង។
៥. English as a Second Language (ESL) Podcast៖ គឺជាផតខាសភាសាអង់គ្លេសសម្រាប់អ្នកសិក្សា រៀនភាសាអង់គ្លេសយកជាភាសាទីពីរ ផ្តោតទៅលើភាសាអង់គ្លេសនិងវប្បធម៌ ចំពោះអ្នកសិក្សាកម្រិតលើមធ្យមនិងកម្រិតខ្ពស់ សិក័្តសមបំផុតសម្រាប់និស្សិតមហាវិទ្យាល័យនិងនិស្សិតផ្លាស់ប្តូរការសិក្សាទៅអន្តរជាតិ។
ជារួមការបញ្ចូលទម្លាប់ស្តាប់ដើម្បីពង្រឹងភាសាបរទេស មិនថាជាការស្តាប់វីដេអូយូធូបឬផតខាសនោះទេ ទម្លាប់នេះអាចជួយឱ្យអ្នកសិក្សាមានភាពស្ទាត់ជំនាញលើសមត្ថភាពស្តាប់ និងការយល់ដឹងអំពីភាសា ខណៈការស្តាប់ខ្លះអាចស្តាប់បានគ្រប់ទីកន្លែង ដោយចំណាយពេលត្រឹម១០-១៥នាទីប៉ុណ្ណោះ មិនថានៅក្នុងរថយន្តតាមផ្លូវទៅធ្វើការ ឬកំពុងធ្វើការងារផ្ទះនោះទេ៕
អត្ថបទដោយ៖ ពីង ជូអេង