គម្រោងរថភ្លើងក្រោមដី និងរថភ្លើងធនស្រាលតភ្ជាប់ភ្នំពេញទៅព្រលានយន្ដហោះអន្ដរជាតិតេជោ ចាប់ផ្ដើមចេញសកម្មភាព
Bunthoeun KoemMARCH 14 202513 views

គម្រោងរថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ និងគម្រោងរថភ្លើងធនស្រាលតភ្ជាប់ទៅព្រលានយន្ដហោះអន្ដរជាតិតេជោ ចាប់ផ្ដើមចេញសកម្មភាពហើយ។ ខណៈកាលពីដើមខែមីនាឆ្នាំ២០២៥នេះ អ្នកជំនាញមកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)បានមកកម្ពុជាហើយបានជួបដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បសិក្សា លើគម្រោងសំខាន់នេះ។

 

បេសកកម្មរបស់អ្នកជំនាញមកពិនិត្យលើគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញនេះ គឺជាការអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

 

Img 20250312 193349 353

 

កិច្ចប្រជុំលើកទី១ របស់ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដីនេះ ធ្វើឡើងដើម្បីប្រមូលធាតុចូល នៅតាមទីតាំងដែល បានកំណត់ក្នុងបណ្តា ផ្លូវ របៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយ ចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំង ផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញ។

 

តាមរបាយការណ៍សិក្សា ដែលក្រសួងសាធារណការ បានផ្សព្វផ្សាយកន្លងមកបានអោយដឹងថា ក្នុងរាជធានី ភ្នំពេញ គ្រោងអោយមានផ្លូវរថភ្លើងក្រោមដី ចំនួន ៤ខ្សែ ដែលខ្សែផ្លូវ នីមួយៗ មានប្រវែងពី ១៦គីឡូម៉ែត្រ ទៅ ២៩ គីឡូ ម៉ែត្រ។

 

សូមបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និង ព្រលានយន្តហោះអន្តរជាតិតេជោនេះ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការ សិក្សាគម្រោង ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញដោយមានឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប្រធាន។

 

សូមបញ្ជាក់ថា ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាល តភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ សម្រួលការធ្វើដំណើរគ្រាដែលចរាចរណ៍ក្នុងរាជធានីភ្នំពេញកាន់តែកកស្ទះ ដោយសារកំណើនប្រជាពលរដ្ឋនិងយានយន្ត៕

 

Img 20250312 193351 325

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia