បើអ្នកមិនទាន់សល់អ្វីជាដុំកំភួនទេនោះ អ្នកគួរផ្ដោតសំខាន់លើការគ្រប់គ្រងលុយដែលខ្លួនរកបានពោលគឺបើផ្ដោតលើការរកចំណូលឲ្យបានច្រើនហើយលុយដែលរកបានប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ប្រើឲ្យចំណេញកើតកូនកើតចៅទើបជីវភាពអ្នកកាន់តែធូធាឡើង។
ទាក់ទងរឿងលុយកាក់នេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកនូវរបស់៥ដែលអ្នកមិនគួរទិញថ្លៃពេកប្រសិនបើអ្នកមិនទាន់សល់លុយ សល់ទ្រព្យជាដុំកំភួន។
១. ផ្ទះ
បើយើងមិនទាន់មានប្រភពចំណូលរឹងមាំ មិនទាន់សល់ទ្រព្យជាដុំកំភួនទេនោះ អ្នកមិនគួរទិញផ្ទះថ្លៃពេកលើសពីលទ្ធភាពនោះទេព្រោះការទិញផ្ទះគឺជាការចំណាយដ៏ច្រើនបំផុតក្នុងជីវិតរបស់អ្នក។ ជាទូទៅមនុស្សជ្រើសរើសទិញផ្ទះតាមរយៈការបង់រស់លស់ហើយការបង់រំលស់គឺត្រូវបង់រាប់ឆ្នាំ។ ដូច្នេះបើអ្នកទិញផ្ទះថ្លៃពេកនោះ មួយខែៗយកលុយមកបង់រំលស់ផ្ទះ ហើយរស់នៅរងសម្ពាធលុយកាក់ ខ្វះខាតលុយចំណាយលើរឿងសំខាន់ៗ ហើយស៊ីអត់ស៊ីឃ្លានពោលគឺខ្វះខាតលុយសម្រាប់សម្រេចគោលដៅផ្សេងៗ
២. ឡាន
បើមិនទាន់មានអ្វី កុំទិញឡានថ្លៃពេកព្រោះឡានគឺតម្លៃរបស់វាធ្លាក់ថ្លៃយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងឡានថ្លៃបើអ្នកទិញថ្មីបើកចេញពីហាងលក់ឡានភ្លាមនោះតម្លៃវាធ្លាក់ចុះ១០%ភ្លាម។ លើសពីនេះឡានគឺជាបំណុលបើអ្នកមិនអាចប្រើប្រាស់វាដើម្បីបង្កើតប្រាក់ចំណូល។ ដូច្នេះអ្នកគួរទិញឡានតម្លៃសមល្មមហើយទុកលុយធ្វើអ្វីដែលបានបង្កើតចំណូលបានច្រើន
៣. ទូរស័ព្ទ
ទូរស័ព្ទគឺជារបស់ពេញនិយមនាពេលបច្ចុប្បន្ន ពោលគឺអ្នកទាំងចំណូលតិចឬចំណាយច្រើនក្ដីសុទ្ធតែចង់បានទូរស័ព្ទទំនើបមកប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្ដែទូរស័ព្ទនេះគឺមិនខុសពីឡាននោះទេដោយតម្លៃរបស់វាធ្លាក់ថ្លៃយ៉ាង់ឆាប់រហ័ស ហើយមនុស្សមួយចំនួនទិញមកប្រើប្រាស់ធម្មតាមិនប្រើដើម្បីបង្កើតចំណូលឡើយ។
៤. នាឡិកា
នាឡិកាសុទ្ធតែអាចមើលម៉ោងបានដូចគ្នាមិនថានាឡិកាតម្លៃទាបឬថ្លៃនោះទេ។ ដូច្នេះបើអ្នកចំណូលនៅទាបគួរទិញនាឡិឡាតម្លៃធូថ្លៃតាមលទ្ធភាពទៅបានហើយ។
៥. គ្រឿងអលង្ការ
មនុស្សមួយចំនួនចូលចិត្តគ្រឿងអលង្ការពាក់ឡើងធ្ងន់ខ្លួនខណៈដែលគ្រឿងអលង្ការទាំងនោះមិនបានផ្ដល់ជាប្រភពចំណូលឡើយហើយគ្រឿងអលង្ការខ្លះក៏មិនកើនតម្លៃដែរ។ អញ្ចឹងអ្នកមិនគួរចំណាយច្រើនលើគ្រឿងអលង្ការឡើយ។
គួរបញ្ជាក់ផងដែរថាបើអ្នកមិនទាន់សល់អ្វីទេនោះមិនគួរចំណាយលុយច្រើនពេកទិញរបស់ដែលបានរៀបរាប់ខាងលើច្រើននោះទេ តែផ្ទុយទៅវិញអ្នកគួរផ្ដោតយកលុយទៅប្រើប្រាស់ឲ្យមានសិទ្ធភាពតាមរយៈវិនិយោគកើចំណេះជំនាញដើម្បីរកចំណូលបានកាន់តែច្រើន យកលុយទៅវិនិយោគនិងរកស៊ី ហើយនៅពេលយើងរកចំណូលបានច្រើន សល់ទ្រព្យ សល់លុយនោះរបស់ទាំងនេះអ្នកនឹងទទួលបានជាមិនខានឡើយ៕