មានសហគ្រាសកែច្នៃផលិតផលជល ផលចំនួន៨ របស់កម្ពុជាទទួលបានការបញ្ជាក់សុវត្ថិភាពចំណីអាហារ ដែលហៅកាត់ថា CQS ដែលជាគម្រោងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ក្នុងគោលដៅរួម ចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកទីផ្សារនៅក្នុងស្រុក និងក្រៅស្រុកប្រកបដោយភាពប្រកួតប្រជែង និងមានចីរភាព។
ជាក់ស្តែង បើតាម លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS របស់សហគ្រាសទាំង ៨ រួមមាន៖
- សហគ្រាស លាង ឡេង
- សហគ្រាស នី អៀង ណេង
- សហគ្រាស សំណាង សុធា
- អាហារដ្ឋាន Home Taste Food
- សហគ្រាសផលិតទឹកត្រីភ្នំពេជ្រ ប៊ុនគា
- សហគ្រាសធឿន ស្រីនី សហគ្រាសកែច្នៃ វង្សតារា
- សហគ្រាសកែច្នៃ ហេង ហ៊ត (សុខឃីម) ។
នឹងជួយឱ្យផលិតផលជលផលកម្ពុជាអាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិ។ខណៈបច្ចុប្បន្ននេះក៏មាន សហគ្រាសកែច្នៃផលជលផលចំនួន២៨ កំពុងអនុវត្តគ្រោងការនេះ ហើយផលិតផលដែលមាននិមិត្តសញ្ញា CQS នឹងមានលក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះផងដែរ។
សូមបញ្ជាក់ថា CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជល ផលនៅកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់រដ្ឋបាលជលផល តាម រយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ហៅថា CAPFISH-Capture ក្រោមការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងអនុវត្តដោយអង្គការសហប្រជា ជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ UNIDO សំដៅការធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពផលិតផលជលផល ដែលនឹងអាចរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មជលផលកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង