ដំណឹងរីករាយ! អាមេរិកបានប្រគល់ វត្ថុបុរាណរបស់ខ្មែរចំនួន១៤ មកប្រទេសកម្ពុជាវិញនៅថ្ងៃនេះ
Ping Chou EngJULY 4 2024625 views

យោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះនាយកដ្ឋានសារមន្ទីរជាតិបានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ពីសារមន្ទីរ Metropolitan Museum នៅសហរដ្ឋ​អាមេរិក ដែលបានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរឹទ្ធិដែលមានដង​ខ្លួន​រក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។

449780878 397955903278625 806165749757270679 N

ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀតក៏បាន​យោង​ដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។ ការបញ្ជូនក៏ដូចជាប្រគល់ពីអាមេរិកត្រឡប់មកវិញ នូវរតនសម្បត្តិវត្ថុបុរាណខ្មែរចំនួន ១៤នេះ ធ្វើឡើងក្រោយមានមានការចរចាអស់ជាច្រើនឆ្នាំ រវាងក្រុមការងារក្រសួងវប្បធម៌ ជាមួយការិយាល័យរដ្ឋអាជ្ញារដ្ឋអាម៉េរិក ប្រចាំសង្កាត់ភាគខាងត្បូង ទីក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (HIS) និងតំណាងសារមន្ទីរ (MET)។

ក្នុងនោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា «ការបញ្ជូនមកវិញនៃសម្បត្តិវប្បធម៌ វត្ថុបុរាណខ្មែរដែលបានលួចទៅដោយខុសច្បាប់នោះ គឺជាសញ្ញានូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវដួងព្រលឹងដូនតាខ្មែរ មកកាន់ទឹកដីកំណើត»។

សូមជម្រាបផងដែរថាសារមន្ទីរ MET ជាស្ថាប័នវប្បធម៌ដ៏ធំមួយរបស់ពិភពលោក បានយល់ព្រមប្រគល់ រតនសម្បត្តិជាតិទាំង១៤នេះមកកម្ពុជា កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅក្រោយការសេចក្តីប្រកាសព័ត៌មានរបស់អាមេរិក និងបានបញ្ចូនរតនសម្បត្តិទាំង១៤នេះមកដល់កម្ពុជាយ៉ាងមានសុវត្ថិភាពកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤៕

449704890 1022440369445739 2738054049617750218 N

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia