សេដ្ឋីវ័យយខ្ទង់៣០ឆ្នាំ បញ្ជាក់ថាចង់រកលុយបានច្រើន អ្នកត្រូវកាត់គំនិតចាស់កំរឹលទាំង៤នេះចោល
Toeuy HongJULY 7 20242 K views

Steve Adcock គឺជាសេដ្ឋីដែលចូលនិវត្តន៍នៅអាយុត្រឹមតែ៣៥ឆ្នាំតែប៉ុណ្ណោះ គាត់បានមើលឃើញពីមូលហេតុសំខាន់មួយដែលអាចឱ្យគាត់រស់សុខស្រួលទាំងវ័យក្មេងបែបនេះគឺ ការកាត់ចោលគំនិតចាស់គំរឹលមួយចំនួន ដែលវាមិនត្រូវជាមួយនឹងស្ថានភាពជីវិតរបស់គាត់។

សេដ្ឋីវ័យក្មេងបានរកឃើញថា​ មានដំបូន្មានហិរញ្ញវត្ថុ ៤ ដែលទាញមនុស្សឱ្យចេញឆ្ងាយពីការ រកលុយបានច្រើន ហើយខាងក្រោមនេះជាមូលហេតុ និងអ្វីដែលគាត់ធ្វើជំនួសឱ្យការធ្វើតាមដំបូន្មានទាំងនោះ។

១. ធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក

លោក Steve និយាយថា ការធ្វើនូវអ្វីដែលយើងស្រលាញ់ចូលចិត្តគឺជារឿងល្អ ប៉ុន្តែយើងមិនអាចធ្វើវាបានទេបើមិនបានលុយ ព្រោះមនុស្សយើងត្រូវការលុយមកផ្គត់ផ្គង់ជីវភាព។ នៅពេលដែលគិតអំពីអាជីពការងារ សូមពិចារណា និងដឹកនាំខ្លួនឯងជាមួយនឹង ជំនាញនិងភាពខ្លាំង ជាជាងចំណង់ចំណូលចិត្តរបស់អ្នក។ ជួនកាលការងារដែលអ្នកចូលចិត្តវាមិនមានទីផ្សារ ហេតុនេះអ្នកត្រូវប្រើជំនាញដែលមានទីផ្សារយកមកធ្វើការរកចំណូល តែទោះជាយ៉ាងណាអ្នកក៏អាចធ្វើអ្វីដែលអ្នកចូលចិត្តនៅពេលទំនេរបានដែរ។

២. កុំបារម្ភពីការសន្សំ គ្រាន់តែរកចំណូលឱ្យបានច្រើន

សេដ្ឋីវ័យក្មេងបានលើកឡើងថា សឹងតែពាក់កណ្ដាលនៃជីវិតហើយដែលគាត់បានឮគេប្រាប់ថា វាមិនសំខាន់លើសន្សំបានប៉ុន្មានទេឱ្យតែរកលុយបានច្រើនទៅ ប្រាកដជាមានភាពងាយស្រួលហើយ។ លោកបន្តថា មានចំណូលខ្ពស់គឺអស្ចារ្យណាស់ ប៉ុន្តែបើមិនចាត់ចែងឱ្យបានល្អ ទោះចំណូលខ្ពស់ប៉ុណ្ណាក៏មិនសល់ដែរ ហេតុនេះហើយគាត់បានបង្កើតទម្លាប់ចំណាយដ៏ល្អមួយសម្រាប់ខ្លួនឯង។

៣. រាល់ការវិនិយោគជាល្បែង

ត្រង់ចំណុចនេះ​ Steve ពន្យល់ថា ការវិនិយោគវាតែងភ្ជាប់ជាមួយហានិភ័យ ប៉ុន្តែប្រវត្តិសាស្រ្តបានបង្ហញថា ការវិនិយោគទៅលើភាគហ៊ុនគឺជាវិធីដ៏ល្អបំផុតសម្រាប់ការកសាងទ្រព្យសម្បត្តិតាមពេលវេលា។ បើនិយាយពីការវិនិយោគ លោកបានបន្តថា គ្មានអ្នកណាអាចដឹងពីរឿងដែលនឹងកើតក្នុងអនាគតនោះទេ ហេតុនេះការសិក្សា និងការសាកល្បងទិញភាគហ៊ុន និងរូបិយប័ណ្ណគ្រីបតូ គឺជាវិធីសាស្រ្តរយៈពេលវែងដ៏រឹងមាំ ដែលបានដំណើរការល្អសម្រាប់លោកក្នុងពេលកន្លងមក។

៤. ប្រញាប់ប្រញាល់គ្រប់ពេល

ត្រង់ន័យនេះលោកបានលើកឡើងថា វប្បធម៌កប់ខ្លួនឯងជាមួយនឹងការងារមិនមែនជារឿងល្អឡើយ ព្រោះថាមនុស្សយើងត្រូវការពេលវេលាសម្រាប់សម្រាក។ ប្រសិនបើអ្នកធ្វើការគ្រប់ពេលខួរក្បាល និងសុខភាពផ្លូវចិត្តរបស់អ្នកប្រាកដជាចុះខ្សោយ លុយសំខាន់ណាស់ប៉ុន្តែអ្នកប្រាកដជាមិនរីករាយទេបើខ្លួនអ្នកហត់នឿយ ហេតុនេះហើយសុខភាពគឺសំខាន់បំផុត។ Steve និយាយទៀតថាគាត់តែងតែចំណាយពេលចុងសប្តាហ៍ធ្វើអ្វីដែលគាត់ចូលចិត្ត ដូចជាដើរថតរូប ឬមើលកុនជាដើម។

មែនទែនទៅអ្វីដែលលើកឡើងនៅខាងលើវា គ្រាន់តែជាគំនិតរបស់ Steve Adcock ដែលផ្អែកលើស្ថានភាពរស់នៅរបស់គាត់តែប៉ុណ្ណោះ ហេតុនេះចំណុចខ្លះអាចនឹងមិនស្របជាមួយនឹងគំនិតរបស់អ្នកផ្សេងទៀតឡើយ។ ទោះជាយ៉ាងណាក៏គំនិតទាំងអស់នៅតែអាចឈរជាគន្លឹះ សម្រាប់ប្រិយមិត្តអ្នកអាន យកទៅពិចារណាតាមស្ថានភាពរស់នៅជាក់ស្ដែងរៀងៗខ្លួនដើម្បីទទួលបានជីវិតសុខស្រួលតាមក្ដីប្រាថ្នា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia