ឆ្លងកាត់ការសួរនាំយុវវ័យសម័យបច្ចុប្បន្នអស់ជាច្រើនរូប យើងសង្កេតឃើញថា បញ្ហាដែលពួកគេជួបភាគច្រើន គឺការពិបាកគ្រប់គ្រងអារម្មណ៍ក្នុងការចាយលុយ ពោលគឺចេះតែចាយខ្ជះខ្ជាយតាមតែចិត្តចង់បាន រហូតធ្វើឱ្យមានទម្លាប់ដាច់លុយជាប្រចាំ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក ង៉ែត ជូ ជាអ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថាដើម្បីគ្រប់គ្រងអារម្មណ៍ក្នុងការចាយលុយបាន រឿងសំខាន់ដែលយើងត្រូវធ្វើគែការ “ផ្លាស់ប្ដូរឥរិយាបថ”។ លោកបានបន្ថែមទៀតថា ដើម្បីប្ដូរឥរិយាបថបាន យើងត្រូវដឹងរឿងសំខាន់ៗ ២ គឺ៖
ត្រង់ចំណុចនេះលោកពន្យល់ថា ដំណើរជីវិតរបស់មនុស្សយើងវែងឆ្ងាយណាស់ ហើយតម្រូវការចំណាយក៏មានច្រើនដូចគ្នា ហេតុនេះសូមមើលឱ្យបានឆ្ងាយ។ ត្រូវសម្លឹងរូបភាពធំនៃជីវិត នោះអ្នកនឹងដឹងថាអនាគតយើងត្រូវចំណាយលើរឿងសំខាន់ៗជាច្រើនដូចជា ទិញផ្ទះ ទិញឡាន ចិញ្ចឹមគ្រួសារ បង់សាលាឱ្យកូន លុយបម្រុងសម្រាប់ខ្លួនឯងឬសមាជិកគ្រួសារណាម្នាក់ឈឺ។ លោកបន្តថា ការសម្លឹងមើលរូបភាពធំនៃជីវិត ប្រាកដជាអាចទប់ចិត្តយើងចេញពីការចំណាយតូចៗដែលមិនចាំបាច់ ដូចជារបស់ទំនើបៗ ដែលមិនមែនជាតម្រូវការពិតប្រាកដនៃជីវិតនេះ។
២. រើសការសេពគប់
អ្នកជំនាញហិរញ្ញវត្ថុខាងលើបានបកស្រាយចំណុចនេះថា “ពាក្យថាពួកម៉ាក គឺមានន័យថា ពួកហ្នឹងម៉ាកតែមួយ”។ ដូច្នេះការសេពគប់សំខាន់ណាស់ បើអ្នកដើរជាមួយនឹងអ្នកចំណាយច្រើន ចង់ឬមិនចង់អ្នកនឹងមានទម្លាប់ចាយច្រើនតាមគេ។ ឧទាហរណ៍ថា មិត្តរបស់អ្នកទើបទិញឡានសេរីថ្មី ទូរស័ព្ទដៃម៉ាកថ្មី ហើយគេយកមកប្រាប់អ្នក ដល់តែញឹកញាប់ពេក អ្នកច្បាស់ជាមានអារម្មណ៍រំជើបរំជួលចង់បានដូចគេដែរហើយ។ ហេតុនេះដើម្បីទប់ខ្លួនឯងមិនឱ្យចាយច្រើន អ្នកគួរព្យាយាមនៅឱ្យឆ្ងាយពីពួកគេ មិនមែនឈប់រាប់អានទេគ្រាន់តែកុំសូវជួបញឹកញាប់ពេក យូរៗជួបម្ដងបានហើយ កុំមួយអាទិត្យ ២-៣ ដងអីមិនល្អទេ។
លោក ង៉ែត ជូ ក៏បានបញ្ជាក់ផងដែរថា ការមិនចេះចាត់ចែងលុយកាក់ឱ្យបានត្រឹមត្រូវ មានប្រភពមកពីភាពអវិជ្ជា ដូច្នេះដើម្បីចាត់ចែងឱ្យត្រូវដំបូងយើងត្រូវរៀនសូត្រជាមុនសិន រៀនឱ្យដឹងថាចំណាយលុយបែបណាទើបត្រូវ។ នៅពេលដែលដឹងថាបែបណាត្រូវហើយ ចាំប្រើយុទ្ធសាស្រ្តទាំង២ខាងលើបន្ថែមដើម្បីទប់អារម្មណ៍ កុំឱ្យច្រឡំចាយខុសខាតលុយទៀត៕