នៅក្នុងការធ្វើអាជីវកម្ម ប្រសិនបើអ្នកពិតជាចង់ទទួលបាននូវភាពជោគជ័យ និងអាចរក្សាភាពជោគជ័យនោះឱ្យបន្តទៅអនាគតបានយូរអង្វែង អ្នកគប្បីត្រូវតែរកឱ្យឃើញនូវចំណុចខ្លាំងរបស់ខ្លួនឯង ដែលធ្វើបានល្អជាងដៃគូប្រកួតប្រជែង មានគំនិតច្នៃប្រឌិតខ្ពស់ បន្តអភិវឌ្ឍន៍ផលិតផល និងអាជីវកម្មជារៀងរហូត។ ក្រៅពីនោះក៏មានកត្តារួមផ្សំជាច្រើនទៀតដូចជា មេដឹកនាំខ្លាំង ធនធានមនុស្សល្អ ហិរញ្ញវត្ថុរឹងមាំ មានយុទ្ធសាស្ត្រទីផ្សារ និងការលក់ខ្ពស់ និងផែនការអាជីវកម្មច្បាស់លាស់ល្អជាដើម។
ទន្ទឹមនឹងនេះដែរ អាជីវកម្មកាហ្វេ ត្រូវបានគេមើលឃើញថាជាមុខរបរដែលកំពុងតែពេញនិយមមួយ ដែលប្រជាជនកម្ពុជាជាច្រើនកំពុងចាប់អារម្មណ៍ និងខ្លះទៀតមានក្ដីស្រមៃចង់មានហាងកាហ្វេផ្ទាល់ខ្លួនថែមទៀតផង។ ដើម្បីពាំនាំនូវពុទ្ធិមួយចំនួន ដែលអាចជាកាតាលីករជួយជំរុញឱ្យអ្នកសម្រេចក្ដីស្រមៃ Business Cambodia នឹងធ្វើការគាស់កកាយនូវក្បួនរកស៊ីធំៗចំនួន៣ស្នៀតពីយីហោ Cafe Amazon ដែលពង្រីកអាណាចក្រជំនួញរបស់ខ្លួនរាប់រយសាខា ដើម្បីជាទុនគំនិតឱ្យមិត្តអ្នកអាន អាចអភិវឌ្ឍន៍ខ្លួនមុននឹងបោះជំហានឈានចូលក្នុងពិភពអាជីវកម្មកាហ្វេ។
១. ហ្វ្រេនឆាយជាទំនោរអាជីវកម្មសម័យថ្មី (Franchise)៖ ក្បួនរកស៊ីដែលធ្វើឱ្យកាហ្វេ Amazon រីកចម្រើនលឿនខ្លាំងបំផុតគឺការចេញលក់ហ្វ្រេនឆាយ។ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាធ្លាប់ឮ ធ្លាប់ស្គាល់ថាអ្វីជាហ្វ្រេនឆាយ ប៉ុន្តែប្រិយមិត្តមួយចំនួនទៀតប្រហែលជាមិនទាន់ស្គាល់នៅឡើយ។ អាស្រ័យហេតុនេះហើយយើងនឹងពន្យល់ឱ្យងាយយល់ថា ការចេញហ្វ្រេនឆាយរបស់កាហ្វេ Amazon គឺប្រៀបបីដូចជាការបង្កើតនូវរូបមន្តកាហ្វេឱ្យមានរសជាតិឆ្ងាញ់ប្លែកខុសគេ រៀបចំប្រព័ន្ធប្រតិបត្តិការរបស់អាជីវកម្ម កសាងម៉ាកយីហោរបស់ខ្លួនឱ្យល្បី និងមានយុទ្ធសាស្ត្រធ្វើទីផ្សារឱ្យផលិតផលរបស់ខ្លួនមានគេស្គាល់ច្រើនជាដើម។
បន្ទាប់មក Amazon ក៏ប្រកាសលក់ហ្វេ្រនឆាយសាខាហាងកាហ្វេរបស់ខ្លួន ដែលពេលដែលអតិថិជនណាម្នាក់ចង់មានហាងកាហ្វេផ្ទាល់ខ្លួន គាត់អាចទិញពីក្រុមហ៊ុន Amazon យកទៅបើកបន្ត នោះគាត់ក៏នឹងទទួលបានអាជីវកម្មមួយដែលមានប្រព័ន្ធប្រតិបត្តិការអាជីវកម្មស្រាប់ មានម៉ាកយីហោល្បីស្រាប់ និងទទួលបានការបណ្ដុះបណ្ដាលពីក្រុមហ៊ុនផ្ទាល់ ដើម្បីឱ្យគាត់អាចដំណើរការអាជីវកម្មខ្លួនបានក្នុងពេលដ៏ខ្លី មានយីហោល្បី និងមានអតិថិជនក្នុងដៃស្រាប់ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌផ្សេងៗដែលក្រុមហ៊ុនកំណត់ទុក។ ការចេញលក់ហ្វ្រេនឆាយរបស់ក្រុមហ៊ុន Amazonបានធ្វើឱ្យក្រុមហ៊ុននេះទទួលបានភាពរីកចម្រើនលឿន និងអាចប្រើប្រាស់លុយអ្នកដទៃដើម្បីពង្រីកអាជីកម្មខ្លួនបានយ៉ាងងាយស្រួល។
អាស្រ័យហេតុនេះហើយ ប្រសិនបើអ្នកមានបំណងចង់បើកហាងកាហ្វេ អ្នកអាចពិចារណាបានថា តើគួរតែទិញហ្វ្រេនឆាយគេ ដើម្បីអាចរៀនសូត្រពីប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់គេជាមុនសិន ឬក៏ដាក់ចិត្តថាកសាងនូវស្លាកសញ្ញាមួយដោយខ្លួនឯងឱ្យមានភាពល្បីល្បាញ រួចលក់សិទ្ធហ្វ្រេនឆាយទៅឱ្យគេវិញ។ រវាងការទិញហ្វ្រេនឆាយពីគេ និងការបង្កើតស្លាកសញ្ញាមួយដោយខ្លួនឯង គឺសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិម៉្យាងម្នាក់នោះទេ ប៉ុន្តែប្រសិនបើអ្នកអាចបង្កើតស្លាកសញ្ញាមួយដោយខ្លួនឯង រួចលក់សិទ្ធហ្វ្រេនឆាយចែកចាយនៅក្នុងប្រទេសកម្ពុជា ឬពង្រីកខ្លួនចេញទៅដល់បរទេសនោះគឺជារឿងដ៏គួរឱ្យមានមោទកភាពបំផុត។
គួរជម្រាបផងដែរថា បើគិតត្រឹមឆ្នាំ ២០២០ Cafe Amazon អាចពង្រីកខ្លួនបានរហូតដល់ទៅ ៣៣៣៣ទីតាំងនៅប្រទេសចំនួន ១១នៅជុំវិញពិភពលោក។ ចំណែកឯចំនួនសាខាសរុបនៅក្នុងប្រទេសកម្ពុជាគឺមានចំនួនច្រើនជាង ៣០០សាខា នេះបើយោងតាម ទិន្នន័យ cambodia-travel.com ចុងឆ្នាំ២០២១ ដែលភាគច្រើនគឺសុទ្ធតែកើតចេញពីការលក់ហ្វ្រេនឆាយ។
២. ខ្ចីដៃផលិតផលបង្កើនគុណតម្លៃផលិតផលដទៃទៀត៖ ប្រហែលជាមានមនុស្សជាច្រើនបានដឹងហើយថា កាហ្វេ Amazon គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ PTT Group ដែលមានផលិតផលជាច្រើនដូចជាសាំង ម៉ាត និងកាហ្វេ Amazon នេះជាដើម។ បើយើងសង្កេតមែនទែនទៅ មិនថានៅទីក្រុង ឬនៅតាមបណ្ដាខេត្តនោះទេ ហាងកាហ្វេ Amazon ភាគច្រើនគឺតែងតែបើកខ្លួនភ្ជាប់ជាមួយនឹងហ្ការាសសាំង PTT ដែលការបើកបែបនេះគឺប្រៀបបីដូចជាខ្ចីដៃ ហ្ការាសសាំង PTT ដើម្បីបង្កើនគុណតម្លៃឱ្យកាហ្វេ Amazon ជួយឱ្យកាហ្វេនេះត្រូវមានគេស្គាល់កាន់តែច្រើន និងលក់ដាច់កាន់តែខ្លាំងជាងមុន ហើយព្រោះតែកាហ្វេ Amazon នេះក៏ជួយជំរុញការលក់ដល់សាំង PTT ផងដែរ។ ឧទាហរណ៍ឱ្យងាយយល់ នៅពេលខ្លះអ្នកមានបំណងថាទៅចាក់សាំងយានយន្តតែប៉ុណ្ណោះ ប៉ុន្តែអ្នកមានអារម្មណ៍ថាក្ដៅ ស្រេកទឹកឬចង់ញ៉ាំកាហ្វេ ស្រាប់តែអ្នកឃើញហាងកាហ្វេ Amazon នៅជាមួយនឹងហ្ការាសសាំងដែរទើបអ្នកសម្រេចចិត្តថា ចាក់សាំងហើយក៏ចូលទៅទិញកាហ្វេ Amazon មួយកែវទៅ។ ផ្ទុយទៅវិញ ពេលខ្លះអ្នកចូលទិញកាហ្វេនៅហាង Amazon ប៉ុន្តែគ្មានបំណងថាចាក់សាំងនោះទេ ប៉ុន្តែក្រោយទិញកាហ្វេរួច អ្នកក៏ឃើញយានជំនិះរបស់អ្នកជិតអស់សាំង ដូច្នេះអ្នកក៏សម្រេចចិត្តថា ទិញកាហ្វេហើយក៏ចាក់សាំងតែម្ដងទៅ។ នេះហៅថាយុទ្ធសាស្ត្រ ខ្ចីដៃផលិតផលបង្កើនគុណតម្លៃផលិតផលដទៃទៀត។
៣. អតិថិជនគោលដៅផ្ដោតលើអ្នកដំណើរ៖ ចំណុចពិសេសមួយរបស់កាហ្វេ Amazon គឺអាចនិយាយថា ជាហាងកាហ្វេដំបូងគេមួយដែលចាប់អថិតិជនក្មេងៗ នៅក្នុងទីក្រុងផង ហើយក៏ផ្ដោតទៅលើការចាប់យកអតិថិជនគោលដៅ ដែលជាអ្នកធ្វើដំណើរតាមបណ្ដាខេត្តផងដែរ។ ជាក់ស្ដែងហាងកាហ្វេមួយនេះ បានពង្រីកអាជីវកម្មខ្លួននៅតាមបណ្ដាខេត្តផ្សេងៗ ដែលមានសក្ដានុពលខ្ពស់ និងចាប់យកអតិថិជនដែលធ្វើដំណើរពីភ្នំពេញទៅបណ្ដាខេត្តនានា ឬអតិថិជនដែលធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។ ការចាប់យកអតិថិជនគោលដៅដែលជាអ្នកដំណើរនេះ ក៏ជាចំណុចលេចធ្លោរបស់ហាងកាហ្វេមួយនេះផងដែរ ដែលជួយឱ្យអតិថិជនស្គាល់ប្រ៊ែនមួយនេះកាន់តែច្រើន និងជួយឱ្យការលក់របស់ក្រុមហ៊ុនកាហ្វេមួយនេះកាន់តែកើនឡើង។
ជាសង្ខេប ការធ្វើអាជីវកម្មគឺទាមទារនូវការអភិវឌ្ឍផលិតផល ឱ្យមានភាពទាន់សម័យ ថ្មីប្លែក មានគុណតម្លៃកាន់តែខ្លាំងឡើងជាប្រចាំ ទើបអាចជួយរក្សានិរន្តរភាពអាជីវកម្មឱ្យបានយូរអង្វែងបាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបន្តធ្វើអ្វីដដែលៗមិនមានភាពទាក់ទាញ មិនមានអ្វីដែលថ្មីប្លែកទេ អាជីវកម្មរបស់អ្នកអាចនឹងប្រឈមនឹងការធ្លាក់ចុះមកវិញ ឈានដល់ការបរាជ័យថែមទៀតផង៕