យោងតាមការចុះផ្សាយពីសារព័ត៌មាន Los Angeles Time នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិកនៅពេលនេះ បានលេបត្របាក់សំណង់អគារ និងផ្ទះសំបែង សរុបជាង ២ ពាន់ខ្នងហើយ ដោយក្នុងនោះក៏មានផ្ទះរបស់តារាល្បីៗជាច្រើនរូបផងដែរ។
តាមការដកស្រង់ពី Reuters ផ្ទះមួយខ្នងដែលត្រូវបានគេរាយការណ៍ថាជាកម្មសិទ្ធិរបស់តារាសម្តែងហូលីវូដ Leighton Meester និង Adam Brody និងមួយខ្នងទៀតជាកម្មសិទ្ធិរបស់តារាសម្តែង Billy Crystal ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនេះ ។
ក្នុងនោះតារាសម្ដែងJamie Lee Curtis, Mandy Moore, Maria Shriver និងតារាល្បីៗ ផ្សេងទៀតស្ថិតក្នុងចំណោមមនុស្សជាង ១០ ម៉ឺននាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យជម្លៀសពីផ្ទះរបស់ពួកគេដើម្បីគេចចេញពីអគ្គីភ័យនេះ។
សូមជម្រាបថា ករណីភ្លើងឆេះព្រៃដ៏អាក្រក់នេះ បានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ មកម៉េ្លះ។ ហើយការឆាបឆេះដ៏ធំបំផុតនេះបានគ្រប់ដណ្ដប់លើផ្ទៃដី ៤ ៨៥៦ ហិកតា នៅប៉ាស៊ីហ្វិក Palisades ដែលជាសង្កាត់ដ៏ស្រស់ស្អាតរវាងឆ្នេរខ្សាច់នៃទីក្រុង Santa Monica និង Malibu ដែលជាផ្ទះរបស់តារាភាពយន្ត និងតន្ត្រីជាច្រើន។ អ្វីដែលកាន់តែសោកស្ដាយមានមនុស្សចំនួន ៥ នាក់ហើយ ត្រូវបានបាត់បងជីវិតក្នុងហេតុការណ៍ដ៏អាក្រក់នេះ៕