ស្ថាប័នធំ២ បង្ហាញការព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងកើនឡើងក្នុងរង្វង់ ៦ ភាគរយ
Bunthoeun KoemJANUARY 9 2025187 views

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) ចេញបង្ហាញនូវការព្យាកររបស់ខ្លួនលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំថ្មី២០២៥នេះ។

 

Photo 2022 01 27 12 35 24 1024x682

 

ធនាគារអាស៊ី បានបង្ហាញការព្យាកររបស់ខ្លួនថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៥ នឹងមានរង្វង់ ៦ ភាគរយ។ តាមការបញ្ជាក់ពីលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ការព្យាករនេះដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

 

738276 Ado2024 Sept Cambodia Gd

 

ជាមួយគ្នានេះ កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

 

1 (1)

 

ខុសគ្នាបន្ដិចជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះក្រសួងសេដ្ឋកិច្ចឯណេះវិញបានព្យាករថា នៅឆ្នាំ២០២៥ នេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រំពឹងថានឹងទទួលបានក្នុងរង្វង់៦,៣ភាគរយឯណោះ។ ការព្យាករនេះបានធ្វើឡើងយោងទៅតាម កំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៦,០% នៅក្នុងឆ្នាំ ២០២៤នេះ ដោយយោងទៅលើសកម្មភាពនៃការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ជាមួយ នឹងការចាប់ផ្តើម និងពន្លឿនការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមទៀតដល់សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ កន្លងនេះ។

 

ការព្យាករកំណើនសេដ្ឋកិច្ចក្នុងទំហំបែបនេះ ក៏ដោយសារការត្រលប់ទៅរកភាពល្អបន្តិចម្តងៗ នៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា, ស្របពេល ដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាស្ថិរភាព។ ទន្ទឹមនេះយោងទៅតាមលទ្ធផលរីកចំរើននៃវិស័យឧស្សាហកម្ម អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យសេវាកម្ម និងវិស័យកសិកម្ម ដែលបានពង្រឹងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា រួមជាមួយនឹងការបន្តពង្រឹងការកែទម្រង់ស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកទៀតផង ។

 

សូមរំលឹកថា នៅក្នុងអំឡុងឆ្នាំរាតត្បាតដោយជំងឺកូវីដ១៩នៅឆ្នាំ២០២០បានធ្វើអោយសេដ្ឋកិច្ចកម្ពុជាធ្លាក់ដល់ក្រោមសូន្យ ប៉ុន្តែចាប់ពីឆ្នាំ២០២១មកសេដ្ឋកិច្ចកម្ពុជាបានងើបដល់៣,១ភាគរយ ឡើងវិញ ខណៈឆ្នាំ២០២២ ឡើងបាន៥,១ ភាគរយ និងឆ្នាំ២០២៣ រក្សាបាន៥ភាគរយ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia