ផលិតផលខ្មែរចំនួន ៣មុខដែលមានដូចជា៖ ទុរេន ដូងស្រស់ និងស្វាយចន្ទី កំពុងតែទាក់ចិត្តឱ្យក្រុមហ៊ុនចិន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd ចង់មកចូលស្តីដណ្តឹងដើម្បីនាំចេញទៅក្រៅប្រទេសឆាប់ៗខាងមុខនេះ។
ជាក់ស្តែង ដំណឹងនេះគឺបានកើតឡើងបន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងចង់វិនិយោគនូវកសិផលកម្ពុជាដែលមានដូចខាងលើ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាស្វាគមន៍នូវរាល់វិនិយោគិនដែលមានបំណងចង់វិនិយោគលើការកែច្នៃ និងធ្វើពាណិជ្ជកម្មនាំចេញ ដោយអាចសហការធ្វើការដាំដុះជាមួយប្រជាកសិករ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ និងអាចទទួលទិញត្រលប់ក្នុងតម្លៃចរចា ដោយមិនប្រកួតប្រជែងលើការដាំដុះជាមួយប្រជាកសិករឡើយ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ភាគីក្រុមហ៊ុនសហការជាមួយក្រសួងកសិកម្ម ក្នុងការចុះពិនិត្យទីតាំង និងគុណភាពកសិផលកម្ពុជាដូចបានរៀបរាប់ខាងលើដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពេញលេញ និងមានភាពច្បាស់លាស់ក្នុងការវិនិយោគ និងជូនពរដល់ក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យ ព្រមទាំងអាចនាំចេញនូវកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដផងដែរ៕