ចង់ទិញគោចំណេញ! ដង្ខៅគោខេត្តបាត់ដំបង១រូប បង្ហើបឱកាសទិញ ហើយលក់វិញឱ្យចំណេញ
នៅ ហៀងOCTOBER 10 2022580 views

បងប្អូនដែលជាអ្នកជួញដូរ ឬអ្នកចិញ្ចឹមគោប្រហែលជាបានដឹងច្បាស់ទីផ្សារគោនាពេលបច្ចុប្បន្ននេះ ពោលគឺទីផ្សារគោ មានការឡើងចុះជារៀងរាល់ឆ្នាំទាំងក្នុងនិងក្រៅស្រុក ដែលយើងមិនអាចកំណត់បានឡើយ  យ៉ាងណាមិញអ្នកដែលលូក ជើងចូលជ្រៅនៅក្នុងវិស័យមួយនេះ គេនៅតែមើលឃើញឱកាសចំណេញ ។ តួយ៉ាងម្ចាស់ក្រោលគោធំមួយប្រចាំខេត្តបាត់ដំបង គឺលោក យេន ឆារីត  បានប្រាប់មកកាន់ក្រុមការងាររបស់​ Business Cambodia ថា កំឡុងពេលនេះតម្លៃគោមានការចុះថ្លៃបន្តិច ទាំងទីផ្សារក្នុងស្រុក និងនាំចេញ ប៉ុន្តែវាក៏ជាឱកាសល្អមួយសម្រាប់បងប្អូនដែលចង់ចាប់ផ្តើមចង់ចិញ្ចឹម គោ លោកបានប្រាប់ពីក្បួនមួយចំនួនសម្រាប់បងប្អូនដែលជាចង់ចាប់ផ្តើម នៅមុខរបរមួយនេះអាចមើលទៅលើក្បួនដូចខាងក្រោម ៖

ទិញទុកលក់ចេញ៖  ទីផ្សារគោគឺមានការឡើងចុះទៅតាមរដូវកាល ពោលគឺរដូវកាលនេះចុះថ្លៃមានលុយតិចទិញបានច្រើនក្បាល មើលថែដាក់ចំណីឱ្យបានទៀងទាត់ ការពារជំងឺផ្សេងៗ ចាំដល់ពេលទីផ្សារគោវាឡើងថ្លៃវិញយើងអាចបញ្ចេញវិញ ក៏មិនផ្អូមទៅណាដែរ ត្រូវចាំថាចង់រកស៊ីចិញ្ចឹមគោចំណេញគឺត្រូវមើលទីផ្សារឱ្យច្បាស់ ពេលថោកទិញទុក ពេលឡើងថ្លៃលក់ចេញ។

ឱកាសចំណេញពេលមានចំការស្រាប់៖ វាជារឿងល្អខ្លាំងមែនទែន ប្រសិនបើបងប្អូននៅតាមស្រុកស្រែចំការតាមបណ្តាខេត្តនានា ចង់ចាប់ផ្តើមចិញ្ចឹមគោ ខណៈដែលមានចម្ការខ្លួនឯងស្រាប់ដែលមានទំហំធំទូលាយល្មម ដែលអាចដាំស្មៅ ជីក អណ្តូង កាយត្រពាំង ធ្វើក្រោល គឺបងប្អូនទាំងអស់គ្នាចាយតែទៅលើទិញគោមកដាក់ក្នុងក្រោលតាមលទ្ធភាពដែលយើងមានរៀងៗខ្លួន ។

ទុនចាប់ផ្តើមពីតិចសិន ៖ តាមពិតទៅបើតាមអ្នកជំនាញខាងលើបានបញ្ចាក់ថា ទុនដែលអាចចាប់ផ្តើមការចិញ្ចឹមគោបានគឺអាស្រ័យទៅលើបងប្អូនទេ ជួនកាលចាយចាប់ពី ២ ទៅ ៣ ពាន់ដុល្លារ ឬ៥ពាន់ដុល្លារ បើទិញកំឡុងគោចុះថ្លៃបែបនេះទៀត ទុន៥ពាន់ដុល្លារទិញបានជិត២០ក្បាលតូចធំតាមជាក់ស្តែង ។

ត្រូវចេះប្រើច្រកពីរ  ៖ ពេលដែលប្រឡូកនៅមុខរបរចិញ្ចឹមគោដំបូងៗ អ្នកជំនាញបានណែនាំថាត្រូវចាប់ផ្តើម ពីតូចជាមុនសិនចាំពង្រីកធំតាមក្រោយ ហើយការចិញ្ចឹមគោជាទូទៅពីរគឺចិញ្ចឹមយកពូជ និងចិញ្ចឹមយក សាច់ បើទាំងអស់គ្នាចាប់ផ្តើមចិញ្ចឹមគួរតែចាប់ផ្តើមទាំងពីរ ព្រោះថាបើតម្រូវការមួយអត់ យើងមានតម្រូវ ការមួយទៀតសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ។

ទិញទុកបំប៉ន ៖ តាមពិតទៅការចិញ្ចឹមគោមិនមែនសុទ្ធតែធំធាត់ទាំងអស់នោះទេ ជាពិសេសការចិញ្ចឹមគោនៅក្នុងក្រោល ធំ មិនសូវយកចិត្តទុកដាក់បានអស់ គោខ្លះស្គមដោយសារតែចំណីមិនដល់ គោខ្លះស្គមដោយសារតែទើបតែកូនរួច ចំណែកឯខ្លះទៀតខ្វះការមើលថែទាំ គោទាំងនេះហើយដែលមានតម្លៃថោក ដែលទាំងអស់គ្នាអាចទិញយកមកថែទាំបានក្នុងរយៈពេលណាមួយ ហើយពេលឡើងសាច់អាចលក់ចេញបាន ។ ត្រង់នេះចង់បញ្ជាក់បងប្អូនថា ទាល់តែបងប្អូនមានពេលវេលាគ្រប់គ្រាន់ទើបអាចធ្វើបាន ដូចជាការការដាក់ស្មៅ លាងទឹក ចាក់ថ្នាំផ្សេងៗ ។  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia