សិល្បៈទី១របស់ខ្មែរ មានភាពរស់ររើកចាប់ពីយុគមាសកម្ពុជា ដោយស្នាដៃមួយចំនួនធំនៃស្ថាបត្យកររដ្ឋកម្ពុជាដំបូងគេគឺ លោក វណ្ណ ម៉ូលីវណ្ណ ដែលបានអភិវឌ្ឍន៍អគារ ហេដ្ឋារចនាសម្ព័ន្ត និងលំនៅដ្ឋានឯកជននានាក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមសំណង់ស្ថាបត្យកម្មទាំងនោះ មានលំនៅដ្ឋានផ្ទាល់ខ្លួនជាទីពេញចិត្តមួយរបស់ លោក វណ្ណ ម៉ូលីវណ្ណ នៅខណ្ឌចំការមន កណ្តាលក្រុងភ្នំពេញ ។
ខណៈបច្ចុប្បន្នផ្ទះវីឡាផ្ទាល់ខ្លួនរបស់លោកដែលសាងសង់ក្នុងឆ្នាំ១៩៦៦ មួយនេះមានតម្លៃប្រមាណ ៧លានដុល្លារ ស្ថិតលើដីទំហំ៩២៤ម៉ែត្រការ៉េ ទំហំអគារផ្ទះ៧៦៤ម៉ែត្រការ៉េ និងមាន៤បន្ទប់គេង ៥បន្ទប់ទឹក។ នេះបើតាមតម្លៃនៃការប្រកាសលក់កាលពីឆ្នាំ២០២០ របស់ភា្នក់ងារអចលនទ្រព្យក្នុងស្រុកមួយ។
យ៉ាងណាមិញនាពេលបច្ចុប្បន្នផ្ទះនឹងកំពុងត្រូវបានហាងកាហ្វេលំដាប់ប្រទេសដែលតែងផ្សាភ្ជាប់អាជីវកម្មរបស់ខ្លួនជាមួយស្ថាបត្យកម្មគឺ Brown Coffee & Bakery ជ្រើសបើកជាសាខាហាងកាហ្វេ ដែលនឹងរៀបចំសម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
សូមរំលឹកថានៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ គឺជាស្ថាបត្យករដំបូងគេមួយរូបនៅស្រុកខ្មែរបានបញ្ចប់ការសិក្សាពីសាលាវិចិត្រសិល្បៈ នាទីក្រុងប៉ារីស ប្រទេសបារាំងដែលបានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើន។
ទោះបីជាមនុស្សទៅបាត់ក្តីតែស្នាដៃរបស់លោក នៅតែឈរយ៉ាងសង្ហាពិសេសអគារសហសម័យរួមមាន សាលសន្និសីទចតុមុខ អគារគណរដ្ឋមន្ត្រី វិទ្យាស្ថានភាសាបរទេស វិមានរដ្ឋចំការមន និងស្ថានទូត ខ្មែរនៅបរទេសជាច្រើនផងដែរ៕
IPS Cambodia Real estate
អត្ថបទដោយ៖ ពីង ជូអេង