ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា និងឆ្លងទៅកាន់តំបន់ច្បារអំពៅផ្លូវជាតិលេខ១ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះហើយ ខណៈបច្ចុប្បន្នគម្រោងនេះសម្រចការសាងសង់បានជាង ៨០ ភាគរយ។ នេះបើយោងតាមការលើកឡើងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា នេះ។
តាមការចុះផ្សាយពីមន្ទីរសាធារណការបានបញ្ជាក់យ៉ាងដូច្នេះថា “គិតត្រឹមថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ ២០២៣ ខាងមុខ”។
មន្ទីរបន្ដថា “ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ”។
សូមជម្រាបផងដែរថា ស្ពានតភ្ជាប់កោះពេជ្រ និងកោះនរានេះមានប្រវែងសរុប ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពី២៦ ខែតុលា ឆ្នាំ២០២០។ ហើយស្ពានដ៏សំខាន់នេះដែរ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕