នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវដ៏សំខាន់មួយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវថ្មីមួយខ្សែនេះផ្លូវនេះមានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ដោយចាប់ផ្ដើមពីផ្លូវជាតិលេខ៤ តភ្ជាប់ផ្លូវលេខ៦ លេខ៥ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
អ្វីដែលចាប់អារម្មណ៍នៅក្នុងកំណាត់ផ្លូវក្រវាត់ក្រុងថ្មីនេះ ក៏ស្ថាបនាស្ពានឆ្លងកាត់ទន្លេ និងស្ពានឆ្លងកាត់ផ្លូវជាតិសំខាន់ៗចំនួន ៦ កន្លែងផងដែររួមមាន៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ក្នុងនោះស្ពានខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិចប្រវែង ៣៦៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តកោះអន្លង់ចិន ត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។ ស្ពានរំលង ឬស្ពានអាកាស(Flyover) ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១ និងស្ពានរំលងប្តូរទិស(Interchange) ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ៕
បើតាមការប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធខាងលើបានឲ្យដឹងដែរថា ផ្លូវក្រវាត់ក្រុងទី៣នេះត្រូវបានចំណាយថវិកាសាងសង់ចំនួន ៤៦០ លានដុល្លារ។ ក្នុងនោះថវិកា ២៦០ លានដុល្លារបានយកពីប្រទេសចិន និង ២០០ លានដុល្លារទៀតជាថវិការបស់រាជថារដ្ឋាភិបាល ដែលចំណាយលើសំណងរបស់ប្រជាពលរដ្ឋ និងការទិញដីផងដែរ៕