ឪពុកជាកម្មករសំណង់ Brian Kim រំដោះខ្លួនពីភាពក្រីក្រក្លាយជាអ្នកមានកំពូលនៅកូរ៉េ ចេញពីការធ្វើជំនួញ២នេះ
Kan DaraAPRIL 8 20231.5 K views

ជាក្មេងប្រុសម្នាក់កើតក្នុងគ្រួសារក្រីក្រមួយ ឪពុកម្តាយរៀនសូត្រមិនបានច្រើន ត្រូវប្រឹងធ្វើការស៊ីឈ្នួលគេបែកញើសហាលក្តៅ ដើម្បីរកប្រាក់ចិញ្ចឹមកូន តែពេលនេះលោក Kim Beom-su (Brian Kim) ដែលជាក្មេងប្រុសកម្សត់ បានក្លាយទៅជាម្ចាស់ កម្មវិធីផ្ញើសារដ៏ល្បីបំផុតរបស់កូរ៉េឈ្មោះថា KakaoTalk និងជាអ្នកមានបំផុតនៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិ ៩,៦ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbs ចុះនាថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៣។

លោក Brian Kim កើតនាថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៦៦ និងបានធំធាត់ក្នុងគ្រួសារមួយដែលមានឪពុកម្តាយពុំបានរៀនចប់បឋមសិក្សាឡើយ។ ឪពុកជាកម្មករសំណង់ ឯម្តាយជាអ្នកបម្រើនៅសណ្ឋាគារ ហើយប្តីប្រពន្ធមួយគូនេះគឺជាមេគ្រួសារដែលមានសមាជិកប្រាំបីនាក់រស់នៅចង្អៀតគ្នាក្នុងអាផាតមិនដែលមានបន្ទប់គេងតែមួយប៉ុណ្ណោះនៅសង្កាត់ក្រីក្រ នៃទីក្រុងសេអ៊ូល។

ដើម្បីចិញ្ចឹមកូន ឪពុកម្តាយរបស់ Brian Kim ត្រូវធ្វើការងារផ្សេងៗជាច្រើន។ លោកគឺជាមនុស្សដំបូងក្នុងគ្រួសារដែលបានចូលរៀននៅមហាវិទ្យាល័យ។ ក្នុងឆ្នាំ ១៩៨៦ កំលោះ Brian Kim មានឱកាសបានចូលរៀននៅសាកលវិទ្យាល័យជាតិសេអ៊ូល (ត្រូវបានគេស្គាល់ថា Harvard of Korea)។ ហើយពេលនោះក៏ជាលើសទីមួយដែលលោកបានស្គាល់បានដឹងអំពីអ៊ីនធឺណេតនិងពិភពទំនាក់ទំនងផងដែរ។

ទំព័រជីវិតការងារដំបូងរបស់លោក Brian Kim គឺបង្កើតសេវាកម្មប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណេតនៅក្រុមហ៊ុន Samsung។ ៥ឆ្នាំក្រោយលោកបានចាកចេញពីក្រុមហ៊ុនដើម្បីបើកហាងអ៊ីនធឺណេតនិងបង្កើតហ្គេមបណ្តាញសង្គមដែលមានឈ្មោះថា Hangame រហូតត្រូវបានបញ្ចូលគ្នាជាមួយម៉ាស៊ីនស្វែងរក Naver ដើម្បីក្លាយជា web portal (NHN) ធំបំផុតរបស់កូរ៉េ។

លោកបាននិយាយថា៖ «នៅដើមដំបូងខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃក្នុងនាមជាអ្នកគ្រប់គ្រងនិងអ្នកសរសេរកម្មវិធី។ មានថ្ងៃខ្លះខ្ញុំទៅបន្ទប់ទឹកតាំងពីព្រលឹមហើយស្រក់ទឹកភ្នែក។ ខ្ញុំមានមោទកភាពយ៉ាងខ្លាំងចំពោះរបៀបដែលខ្ញុំបានខំប្រឹងកសាងខ្លួនឯង។ ខ្ញុំបានចាប់ផ្តើមអាជីវកម្មប៉ុន្តែខ្ញុំក៏ខ្លាចដែរថាខ្ញុំប្រហែលជាមិនអាចបើកប្រាក់ខែឱ្យបុគ្គលិកខ្ញុំបានទេ»។

លុះក្នុងឆ្នាំ២០១០ លោកនិងមិត្តរួមក្រុមថ្មីបានចាប់ដៃគ្នាបើកដំណើរការ KakaoTalk ដែលជាកម្មវិធីទំនាក់ទំនង OTT ហើយឥឡូវនេះវាត្រូវបានប្រើប្រាស់ដោយប្រជាជនបីភាគបួននៃប្រជាជនកូរ៉េ។ ដោយភាពងប់ងល់នឹងហ្គេមពេកលោក Brian Kim ធ្លាប់និយាយលេងសើចថា៖ «ជីវិតខ្ញុំអាចនឹងត្រូវបាត់បង់ប្រសិនបើកាលពីកុមារភាពរបស់ខ្ញុំពោរពេញដោយវីដេអូហ្គេមដូចពេលនេះ» ការស្រឡាញ់ហ្គេមនិងបណ្តាញអ៊ីនធឺណេតរបស់លោកបានធ្វើឱ្យ Brian Kim ក្លាយជាមហាសេដ្ឋី តាមរយៈភាពជោគជ័យជាមួយនឹងការបង្កើតថ្មីដ៏សំខាន់ពីរគឺកម្មវិធីផ្ញើសារតាមទូរស័ព្ទ KakaoTalk និង web portal ហ្គេមអនឡាញដំបូងរបស់កូរ៉េឈ្មោះ Hangame Communications។

យ៉ាងណាមិញ លោកក៏មិនបានភ្លេចជីវិតជូរចត់កម្សត់កម្រអត់ឃ្លានដែលបានធ្លាប់ឆ្លងកាត់កន្លងមកនេះដែរ។ លោកបានព្យាយាមជួយអ្នកជួបទុក្ខលំបាកជាច្រើន ជាពិសេសកាលពីពេលថ្មីៗនេះ លោកបានសន្យាថានឹងបន្សល់ទុកនូវទ្រព្យសម្បត្តិជាងពាក់កណ្តាលនៅពេលដែលលោកចូលរួមជាមួយ Giving Pledge ដែលជាយុទ្ធនាការជាសកលបង្កើតឡើងដោយមូលនិធិ Bill និង Melinda Gates និងមហាសេដ្ឋី Warren Buffett ដើម្បីប្រមូលទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួនជួយដល់សង្គម។

ថ្លែងក្នុងសុន្ទរកថានៅក្នុងពិធីចុះហត្ថលេខា លោក Brian Kim បាននិយាយថា៖ «ធំឡើងក្នុងភាពក្រីក្ររហូតដល់អាយុ ៣០ឆ្នាំ ខ្ញុំសន្មត់ថា “ការក្លាយជាអ្នកមាន” គឺជារង្វាស់តែមួយគត់នៃជីវិតជោគជ័យ។ ប៉ុន្តែបន្ទាប់ពីសម្រេចបាននូវទ្រព្យសម្បត្តិដែលខ្ញុំតែងតែប្រាថ្នាចង់បាន ខ្ញុំបានដឹងថាអត្ថន័យនៃជីវិតនីមួយៗត្រូវបានវាស់វែងដោយការរួមចំណែកជួយដល់សង្គមនិងសហគមន៍ទៅវិញទេ»៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia