សាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ ដែលជាសាលាអន្តរជាតិផ្តល់នូវគុណភាពអប់រំប្រកបដោយស្តង់ដាខ្ពស់ និង FWD Cambodia ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ី បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីអនុវត្តនូវកិច្ចសហការយ៉ាងស្អិតរមួតជាមួយគ្នា និងផ្តល់ប្រយោជន៍ដល់ភាគីទាំងសងខាង។
សាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ ផ្តល់ការអប់រំដ៏ទូលំទូលាយសម្រាប់កុមារចាប់ពី អាយុ២ឆ្នាំ ដល់ ១២ឆ្នាំ។ សិស្សានុសិស្សស្ថិតនៅក្នុងបរិយាកាសសិក្សាដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ដើម្បីឲ្យពួកគេអាចអភិវឌ្ឍខ្លួនឈានទៅសម្រេចបានសក្តានុពលរបស់ពួកគេ ហើយការស្រឡាញ់ការសិក្សាត្រូវបានបណ្តុះតាំងពីក្មេង។ សាលាប៊្លូប៊ើដ ប្រើប្រាស់កម្មវិធី Early Years Foundation Stages (EYFS) សម្រាប់ថ្នាក់មត្តេយ្យសិក្សា, កម្មវិធីសិក្សាបឋមអន្តរជាតិ International Primary Curriculum (IPC) និងកម្មវិធីចំណេះទូទៅភាសាខ្មែរ ដោយផ្តល់ឱ្យសិស្សនូវមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យក្នុងការសិក្សា។ ចក្ខុវិស័យរបស់យើងគឺចង់ឃើញសិស្សានុសិស្សទាំងអស់ផ្តល់ឱកាសដើម្បីកសាងគ្រឹះដ៏រឹងមាំមួយ និងការរៀបចំសម្រាប់ការសិក្សាពេញមួយជីវិត។ បេសកកម្មរបស់សាលាប៊្លូប៊ើដ គឺផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ការយកចិត្តទុកដាក់ និងជំរុញទឹកចិត្តសិស្សឱ្យរៀននិងអភិវឌ្ឍ។
ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។
តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។
សាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានមើលឃើញថាកិច្ចព្រមព្រៀងនេះ គឺជាចំនុចចាប់ផ្ដើមនៃការបង្កើនកិច្ចសហការរវាងភាគីទាំងពីរ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ក្រោមវត្តមានចូលរួមយ៉ាងកុះករពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ស្ថាប័នទាំងពីរ៕