រកលុយពីគ្រីបតូបាន២២ពាន់លាន$ តែសេដ្ឋីគ្រីបតូថា Bitcoinមិនអាចធ្វើជាបណ្ដាញទូទាត់សកលទេ
Toeuy HongMAY 17 2022642 views

ស្របពេលដែលវិនិយោគិនជាច្រើនមានក្ដីរំពឹងថានឹងអាចប្រើ Bitcoin សម្រាប់ចាយនៅលើទីផ្សារនៅពេលខាងមុខ មហាសេដ្ឋីពាន់លានដែលមានដោយសារតែលុយគ្រីបតូបែរជានិយាយថា Bitcoin គ្មានអនាគតក្នុងការទូទាត់ទៅវិញ នេះបើយោងតាមគេហទំព័រ Market Insider ដែលចុះកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២​ នេះ។

តាមរយៈគេហទំព័រ Landscape Insight បានឱ្យដឹងថា Sam Bankman-Fried ស្ថាបនិក FTX ដែលជាក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីបតូធំមួយនៅសហរដ្ឋអាមេរិក។​ Bankman មានទ្រព្យសម្បត្តិ ២២ពាន់លានដុល្លារ ប៉ុន្តែនៅក្នុងពេលថ្មីៗនេះដោយសារតែ Bitcoin ធ្លាក់ថ្លៃធ្វើឱ្យគាត់ខាតបង់ទ្រព្យអស់ជិតពាក់កណ្ដាលទៅហើយ។

ស្ថាបនិក FTX ជាមនុស្សដំបូងគេដែលបានរិះគន់ទៅលើ Bitcoin ថាជារូបិយប័ណ្ណគ្រីបតូដែលគ្មានប្រសិទ្ធភាពក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការទូទាត់។ Bankman បានបញ្ជាក់ថាគាត់មើលមិនឃើញអនាគតរបស់ Bitcoin ព្រោះតែគាត់គិតថាប្រព័ន្ធការងារទាំងមូលនឹងមិនអាចគ្រប់គ្រងប្រតិបត្តិការរាប់លានរបស់វាបានទេ។

សេដ្ឋីរូបនេះបន្តថា វានឹងមានការប្រើប្រាស់ប្រព័ន្ធរាប់លាននៅក្នុងពេល១វិនាទី ដូច្នេះវាតម្រូវឱ្យមានកុំព្យូទ័រដែលមានថាមពលខ្ពស់ដើម្បីគ្រប់គ្រងដំណើរប្រតិបត្តិការ ហើយកុំព្យូទ័រទាំងនោះត្រូវស៊ីភ្លើងខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ Greenspace និងអ្នកធ្វើយុទ្ធនាការបរិស្ថានផ្សេងទៀតបាននិយាយថា Bitcoin គឺជាបច្ចេកវិទ្យាហួសសម័យ ព្រោះវាប្រើប្រាស់ថាមពលជាច្រើន ដែលអាចបង្កឱ្យមានការបំពុលដល់បរិយាកាស។ ហេតុនេះហើយការសង្ឃឹមថា Bitcoin អាចក្លាយជាមធ្យោបាយទូទាត់បាននាពេលអនាគតវាពិតជាពិបាកទៅរួចណាស់ ព្រោះសុវត្ថិភាពបរិស្ថាន និងការថែរក្សាបរិយាកាសជារឿងសំខាន់។

យ៉ាងណាមិញ លោក Bankman នៅតែជឿជាក់ថាទោះបីជា Bitcoin មិនអាចដំណើរការបានសម្រាប់ការទូទាត់ តែវាអាចឈរជើងនៅក្នុងគ្រីបតូ ជាទ្រព្យសកម្ម ជាទំនិញ ឬក៏អាចដូចទៅនឹងមាសដែរ។ គាត់ថែមថាទោះជាយ៉ាងណាក៏ Bitcoin មិនសាបសូន្យដែរ ជាក់ស្ដែងកាលពីថ្ងៃច័ន្ទ Bitcoin បានងើបតម្លៃឡើងមកវិញបន្តិចហើយ ក្រោយពីអត្រាទិញកើនឡើងបាន ០.៣% នេះបើយោងតាមទិន្នន័យរបស់​ CoinMarketCap។

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia