ការលក់អចលនទ្រព្យការវិនិយោគហិរញ្ញវត្ថុគឺសុទ្ធសឹង តែជារបរមាសពេជ្រដែលគេឱ្យតម្លៃខ្លាំងក្នុងសតវត្សរ៍ទី២១នេះ។ ផ្ទុយមកវិញវិស័យកសិកម្ម ដែលត្រូវបានមនុស្សភាគច្រើនមើលរំលងថា ជាផ្លូវដែលពិបាកនិងដើរមួយលើមាគ៌ាជាសហគ្រិនភាព ប៉ុន្តែក្នុងយុគសម័យបច្ចេកវិទ្យានេះ កសិកម្មលែងជារបរប្រពៃណីដែលមានកម្រិតហានិភ័យខ្ពស់ទៀតហើយ ពោលគឺអាចឈរស្មើមុខស្មើមាត់ដូចវិស័យផ្សេងៗដែរ។
ជាក់ស្តែងបុរសវ័យ ៥៧ឆ្នាំ គឺលោក លោក Qin Yinglin មានឈ្មោះបោះសំឡេង ជាមហាសេដ្ឋីកសិកម្មលេខមួយក្នុងប្រទេសចិន ដែលមានរហ័ស្សនាមថាសេដ្ឋីជ្រូក។ លោក Qin Yinglin មានភូមិកំណើតមកពីខេត្តហៃណាន ប្រទេសចិន លោកកើតក្នុង ឆ្នាំ១៩៦៥ ក្នុងគ្រួសារកសិករធ្វើស្រែចម្ការនិងប្រកបរបរចិញ្ចឹមជ្រូក។ អាស្រ័យហេតុដូចនេះហើយ ការចិញ្ចឹមជ្រូកគឺជាគោលដៅទីមួយ របស់អ្នកកម្លោះដែនដីទន្លេលឿងដ៏ធំទីពីរក្នុងប្រទេសចិននេះ ក្នុងកំឡុងពេលដែលលោកកំពុងរៀននៅវិទ្យាល័យ។ ដោយហេតុថាការចិញ្ចឹមជ្រូកជារបរដែលរកចំណូលចូលគ្រួសារ មានការខាតបង់ច្រើនត្បិតអ្វីជ្រូកតែងតែកើតជំងឺនិងឈឺស្លាប់អស់ជាច្រើន ព្រមទាំងមើលឃើញអំពីការចំណាយរបស់ឪពុក ដែលខំសន្សំប្រាក់ដើម្បីចិញ្ចឹមជ្រូកនេះធ្វើឱ្យយុវជនវ័យ ១៧ឆ្នាំ រូបនេះតាំងចិត្តថានិងរួមចំណែកជួយដល់កសិករចិញ្ចឹមជ្រូកទាំងអស់នាស្រុកកំណើតនេះ និងមិនចង់ឃើញអំពីវិនាសកម្មរបស់សត្វជ្រូកបន្តទៀតទេ។
ដោយមូលហេតុនេះហើយធ្វើឱ្យអ្នកកម្លោះរូបនេះបាន សម្រេចចិត្តចូលរៀននៅសកលវិទ្យាល័យកសិកម្មក្នុងវ័យ២០ឆ្នាំ ដោយរៀនអំពីបច្ចេកទេសចិញ្ចឹមនិងថែទំាសត្វ។ បួនឆ្នាំកន្លងផុតទៅលោកក៏បានបញ្ចប់ការសិក្សានិងបានចូលបម្រើការងារឱ្យក្រុមហ៊ុនផ្គត់ផ្គង់អាហារនិងសាច់សត្វមួយក្នុងខេត្តហៃណាន។ បន្ទាប់ពី ៣ឆ្នាំ បទពិសោធន៍ការងារនិងជីវិតគូស្រករក៏បានមកដំណាលគ្នាលោកនិងភរិយាបានស្គាល់គ្នាដោយនាងគឺជាពេទ្យសត្វ។ ក្នុងឆ្នាំ១៩៩២ អ្នកទាំងពីរក៏បានសម្រេចចិត្តពួតដៃគ្នាចេញមករកស៊ីរបរចិញ្ចឹមជ្រូកនេះដោយផ្តើមពីជ្រូក២២ក្បាលប៉ុណ្ណោះ។ ២ឆ្នាំមិនយូរ ជ្រូកដំបូងចំនួន ២២ក្បាលកើនដល់១០០០ក្បាល ៣ឆ្នាំបន្ទាប់កើនដល់១០០០០ក្បាលរហូតឈានដល់ការកកើតក្រុមហ៊ុន Muyuan Farming (牧原养殖) ឡើងក្នុងឆ្នាំ២០០០។
ទន្ទឹមនឹងនេះក្នុងឆ្នាំ ២០១០ ក្រុមហ៊ុនបានទទួលប្រាក់កម្ចី និងការវិនិយោគសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Muyuan Foodstuff Ltd មានក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងចំនួនពីរ និងក្រុមហ៊ុនចូលរួមមួយ ហើយចិញ្ចឹមជ្រូកជាងមួយលានក្បាលសម្រាប់ការធ្វើសត្វឃាតក្នុងមួយឆ្នាំៗ។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ក្រុមហ៊ុនបានចាប់ផ្តើមជួញដូរនៅលើផ្សារហ៊ុនពោលគឺការបើកទទួលភាគហ៊ុនពីអ្នកវិនិយោគ។ ជោគជ័យដ៏ធំមួយដែលកើតចេញពីភាពឆ្លាតវៃ និងចាប់ឱកាសក្នុងឆ្នាំ២០១៩ តម្លៃសាច់ជ្រូកបានកើនឡើងដោយសារតែការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺរាតត្បាត COVID- 19។
ក្នុងអំឡុងពេលមានវិបត្តិជំងឺប៉េស្តជ្រូកក្រុមហ៊ុន Muyuan អាចលូតលាស់បាន ដោយសារតែមានប្រព័ន្ធឆ្លាតវៃ គឺរកស៊ីចិញ្ចឹមជ្រូកមែន ប៉ុន្តែក៏មានបំពាក់នូវបច្ចេកវិទ្យាAI ផ្សេងៗទៀតដែលអាចរកឃើញភាពមិនប្រក្រតីនៅក្នុងសត្វជ្រូក និងអាចចិញ្ចឹមជ្រូកដោយមិនឱ្យឆ្លងជំងឺ ធ្វើឱ្យដៃគូពិបាកប្រកួតប្រជែងក្នុងទីផ្សារដែលក្លាយជាឱកាសសម្រាប់ប្រាក់ចំណេញ និងការអភិវឌ្ឍសម្រាប់សហគ្រាសខ្លាំងចំពេលមានវិបត្តិ រហូតដល់លោកអាចកើនទ្រព្យសម្បត្តិជាង ៤ពាន់លានដុល្លារ ឡើងដល់៣៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ប៉ុន្តែដំណើរជីវិតមានឡើងមានចុះ ទ្រព្យ៣៥ពាន់លានដុល្លារបស់លោក ក៏ហើយក៏ធ្លាក់មកនៅត្រឹម ២២ពាន់លានវិញក្នុង ឆ្នាំ២០២២ នេះ ដោយសារតែការប្រែប្រួលនៃតម្លៃភាគហ៊ុន។ គូសបញ្ចាក់ផងដែរថាលោកបានក្លាយជា មហាសេដ្ឋីលំដាប់ទី១២នៅក្នុងប្រទេសចិន និងទី៦៥ នៅក្នុងពិភពលោកនេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes៕
អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រជៀកកាំ )