លោក Bill Gates មានឈ្មោះក្នុងបញ្ជីមហាសេដ្ឋីត្រឹមវ័យ៣១ឆ្នាំ និងក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបំផុត ត្រឹមអាយុ ៣៩ឆ្នាំប៉ុណ្ណោះ។ មកទល់នឹងពេលនេះ លោកនៅតែឈរលើលំដាប់កំពូលនៃតារាងមហាសេដ្ឋីនៅលើពិភពលោកដដែល។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ លោកបានចែករំលែករឿងសំខាន់ធំៗ៥ ទៅកាន់ មនុស្សជំនាន់ក្រោយដែលចង់ក្លាយទៅជាអ្នកមាន និងភាពជោគជ័យក្នុងជីវិត ដូចខាងក្រោម៖
១/. ចង់ជោគជ័យធំ ត្រូវហ៊ានប្រឈមនឹងហានិភ័យធំ
នៅពេលដែលអ្នកនៅក្មេង អ្នកមានឱកាសច្រើនណាស់ក្នុងការសាកល្បង ព្រោះអ្នកនឹងពុំមានអ្វីដែលត្រូវខូចខាតច្រើននោះទេ។ ដូច្នេះហើយ ចូលកុំធ្វើខ្លួនអ្នកឲ្យរស់នៅក្នុងភាពស្រណុកសុខស្រួលពេកអី។ ត្រូវប្រើជីវិតរបស់អ្នកសាកល្បងធ្វើរឿងដែលមានការលំបាកឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ព្រោះភាពជោគជ័យធំកើតឡើងដោយសារការធ្វើរឿងដ៏អស្ចារ្យ និងប្រឈមជាមួយហានិភ័យធំ។
២/. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ចូលកុំប្រៀបធៀបខ្លួនរបស់អ្នកជាមួយអ្នកដទៃនៅក្នុងពិភពលោកនេះអី ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកកំពុងតែមើលងាយខ្លួនឯងហើយ។ ជាទូទៅសម្រាប់មនុស្សភាគច្រើន ជាពិសេសយុវវ័យចូលចិត្តធ្វើការប្រៀបធៀបជីវិតខ្លួនឯងជាមួយជីវិតអ្នកដទៃ។ វាបានធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អចំពោះខ្លួនឯង និងមិនមានសេចក្តីសុខផ្លួវចិត្តនោះឡើយ។ យ៉ាងណាមិញ មនុស្សគ្រប់រូបសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ដោយហេតុនេះហើយអ្នកត្រូវរស់នៅជាមួយភាពជាខ្លួនឯង នោះអ្នកនឹងអាចរកឃើញភាពអស្ចារ្យចេញពីខ្លួនអ្នកជាក់ជាមិនខាន។
៣/. ភាពម្ចាស់ការលើជីវិតខ្លួនឯង
មានមនុស្សជាច្រើនមិនបានស្វែងយល់ពីអត្ថន័យពិតប្រាកដនៃជីវិតនោះទេ។ ដោយពួកគេយល់ថា ភាពបរាជ័យដែលខ្លួនទទួលបានសុទ្ធសឹងតែបណ្តាលមកពីកត្តាមជ្ឈដ្ឋានខាងក្រៅដូចជា ការមិនយកចិត្តទុករបស់រដ្ឋាភិបាលចំពោះខ្លួន ឬជីវភាពគ្រួសារមានភាពលំបាកជាដើម។ ប៉ុន្តែតាមពិតទៅ ជីវិតរបស់យើងគឺយើងត្រូវមានភាពម្ចាស់ការដោយខ្លួនឯង យើងមិនត្រូវបន្ទោសលើអ្វីមួយដែលធ្វើឲ្យយើងធ្លាក់ក្នុងស្ថានភាពបែបនេះនោះទេ។ នៅពេលណាដែលយើងអាចបង្កើតទំនួលខុសត្រូវមកលើជីវិតខ្លួនឯងបានមួយរយភាគរយ យើងនឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការឈានឆ្ពោះទៅកាន់ភាពជោគជ័យ។
៤/. ត្រូវមានគ្រូបង្វឹក
ជាធម្មតា ដើម្បីទទួលបានចំណេះជំនាញទៅលើឯកទេសអ្វីមួយយើងត្រូវមានគ្រូបង្វឹកប្រចាំការយ៉ាងតិចមួយរូបនៅចាំតម្រង់ផ្លូវដែលអ្នកត្រូវដើរ។ ដូចគ្នានេះដែរ ដើម្បីកសាងភាពមានបានអ្នកត្រូវមានគ្រូបង្វឹកផងដែរ ព្រោះពួកគាត់អាចជួយតម្រង់ផ្លូវ និងលើកទឹកចិត្តអ្នកនៅពេលដែលអ្នកជួបបញ្ហា ឬត្រូវការជំនួយអ្វីមួយ៕
៥/. អាន អាន និងអាន
ទោះបីក្លាយជាបុរសម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតលើលោកក៏ដោយ Bill Gates នៅតែងប់ងល់នឹងការអាន ព្រោះលោកយល់ថាជីវិតផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយមធ្យោបាយតែមួយគត់ដើម្បីដើរឲ្យទាន់របត់សម័យកាលគឺចាំបាច់ត្រូវបន្តការរៀនសូត្រ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «សង្គមកាន់តែទំនើបមនុស្សចាប់អារម្មណ៍លើការទស្សនាខ្សែភាពយន្តខ្លាំង តើយុវជនប៉ុន្មាននាក់ឆ្លៀតពេលអានសៀវភៅល្អៗទៀត? ប៉ុន្តែសៀវភៅដែលអ្នកអានគឺកំណត់អនាគតដែលអ្នកមាន»។ ដូចលោក Charlie Jones បាននិយាយថា៖ «ក្នុងរយៈពេល៥ឆ្នាំទៀតអ្នកនឹងក្លាយជាមនុស្សដូចសព្វថ្ងៃនេះ អ្វីដែលអាចកែប្រែអ្នកបានគឺមនុស្សដែលអ្នកបានជួប និងសៀវភៅដែលអ្នកបានអាន»។
យ៉ាងណាមិញ ចូរព្យាយាមចំណាយពេលវេលានៃយុវភាពរបស់អ្នកឲ្យអស់តម្លៃច្នៃចេញជាប្រយោជន៍ឲ្យអស់ពីលទ្ធភាព។ ការប្រើជីវិតយុវវ័យត្រូវដូចកសាងឃ្លាំមាសពេជ្រទុកសម្រាប់ចូលនិវត្តន៍៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook