នៅក្នុងឆ្នាំ១៩៧៦ នៅពេលដែលយុវជន Bill Gates ជាមួយនឹងដៃគូអាជីវកម្មក្មេងខ្ចីម្នាក់ទៀតរបស់លោកឈ្មោះ Allen បានសម្រេចចិត្តបង្កើតក្រុមហ៊ុនសូហ្វែ Microsoft ឡើងមកជាផ្លូវការ ពួកគាត់ទាំង២នាក់បានផ្ដោត តស៊ូ លះបង់យ៉ាងខ្លាំងចំពោះអាជីវកម្មដែលលោកបានបង្កើតឡើងមក។
ក្រោយពេលដែលសម្រេចចិត្តបោះបង់ការសិក្សាពីសាលា Havard ដ៏ល្បីរបស់សហរដ្ឋអាមេរិក ហើយចេញមករកស៊ីដោយខ្លួនឯង លោក Bill Gates បានចែករំលែកបទពិសោធន៍ជីវិតរបស់លោកថា លោកបានឈប់ស្ដាប់តន្ត្រី និងឈប់មើលទូរទស្សន៍ អស់រយៈពេល៥ឆ្នាំឯនោះ ដើម្បីយកពេលវេលាផ្ដោតលើអាជីវកម្មថ្មីថ្មោងរបស់ខ្លួន។ លោកមានប្រសាសន៍ថា “វាស្តាប់ទៅហួសហេតុបន្តិច ប៉ុន្តែខ្ញុំបានធ្វើវា ព្រោះខ្ញុំគិតថាពួកវាគ្រាន់តែរំខានខ្ញុំពីការគិតអំពីការបង្កើតកម្មវិធីសូហ្វែ”។
ជាការពិតណាស់ ការចាប់ផ្ដើមអាជីវកម្មដំបូង គឺវាពិតជាលំបាកខ្លាំង ហើយវាទាមទារការផ្ដោតអារម្មណ៍ ការលះបង់កម្លាំងកាយចិត្តខ្លាំងបំផុត ដើម្បីអាចដឹកនាំអាជីវកម្មឱ្យមានភាពរីកចម្រើនទៅមុខបាន។ មូលហេតុបែបនេះហើយ ទើបបានជាលោក Bill Gates បានលះបង់នូវភាពសប្បាយរបស់លោក ដើម្បីប្រមូលអារម្មណ៍ ថាមពល គំនិតច្នៃប្រឌិតដាក់ចូលទៅក្នុងអាជីវកម្មឱ្យបាន ១០០%តែម្ដង។
ប៉ុន្មានឆ្នាំក្រោយមក ពោលគឺក្នុងវ័យត្រឹមតែ ២៣ឆ្នាំ លោកបានក្លាយជាសេដ្ឋីវ័យក្មេងទ្រព្យលានដុល្លារ និងនៅក្នុងវ័យ ៣១ឆ្នាំ លោកបានក្លាយជាមហាសេដ្ឋីទ្រព្យពាន់លានដុល្លារឯនោះ។
ភាពរីកចម្រើននៃក្រុមហ៊ុន Microsoft បានសាយភាយឥទ្ធិពលវិជ្ជមានជាច្រើនទៅកាន់សកលលោក និងភាគីដែលពាក់ព័ន្ធ ព្រោះបើយោងតាមប្រភពមួយចំនួន បានបង្ហាញថា ក្រុមហ៊ុននេះ បានជួយបង្កើតសេដ្ឋីទ្រព្យលានដុល្លារមិនតិចជាង ១២,០០០នាក់នោះទេ។
ក្រោយពេលដែលទទួលបានភាពរីកចម្រើន និងមានភាពល្បីល្បាញ លោកក៏បានចែករំលែកអាថ៌កំបាំងមួយ នៃភាពជោគជ័យក្នុងអាជីវកម្ម និងក្នុងជីវិតរបស់លោកគឺ “ការផ្ដោតអារម្មណ៍”។
មូលហេតុព្រោះតែការផ្ដោតអារម្មណ៍ជារឿងសំខាន់នេះហើយ ទើបបានជាសេដ្ឋីរូបនេះ តែងតែមានទម្លាប់ដ៏ល្អបំផុតមួយគឺលោកតែងតែធ្វើការតាំងសមាធិយ៉ាងហោចណាស់ ៣ដងក្នុង១សប្ដាហ៍ និងមានរយៈពេលយ៉ាងតិច ១០នាទីសម្រាប់ការធ្វើសមាធិម្ដងៗរបស់លោក។ សម្រាប់មិត្តអ្នកអានវិញ តើអ្នកមានទម្លាប់ធ្វើសមាធិដើម្បីពង្រឹងសុខភាពផ្លូវចិត្ត និងការផ្ដោតអារម្មណ៍ឱ្យបានល្អដែរឬទេ?