មហាសេដ្ឋី Bill Gates ដែលគ្រប់គ្នាស្គាល់ថាជាសហស្ថាបនិកក្រុមហ៊ុន Microsoft ពេលនេះកំពុងកាន់ដីសរុបប្រមាណជាង ១០ ម៉ឺនហិកតានៅសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ដីធ្លីសហរដ្ឋអាមេរិកសហស្ថាបនិកក្រុម Microsoft រូបនេះមានដីស្រែសរុប ១១១ ២៨៨ ហិកតា ស្ថិតនៅក្នុងរដ្ឋចំនួន ១៧។
បើតាមរបាយការណ៍ Land Report 100 ដែលដកស្រង់ដោយសារព័ត៌មាន VnExpress លោក Bill Gate គឺជាម្ចាស់ដីធំជាងគេលំដាប់ទី៤២ ក្នុងចំណោមអ្នកមានដីធំបំផុតនៅសហរដ្ឋអាមេរិក។ ភាគច្រើននៃដីស្រែរបស់លោកត្រូវបានទិញតាមរយៈកិច្ចព្រមព្រៀងដ៏ធំ ជាពិសេសការទិញអចលនទ្រព្យចំនួន ៦១ ដែលត្រូវបានលក់ជាប្លុកតែមួយក្នុងតម្លៃ ៥២០ លានដុល្លារដោយក្រុមប្រឹក្សាវិនិយោគគម្រោងសោធននិវត្តន៍របស់ប្រទេសកាណាដា និងដីកសិកម្មទំហំ ៥៩០០ ហិកតាទៀតនៅក្នុងរដ្ឋ Washington ដែលទិញក្នុងតម្លៃ ១៧១ លានដុល្លារ។
ក្នុងចំណោមដីស្រែទាំងអស់របស់លោក Bill Gates កសិដ្ឋាន Angelina ក្នុងរដ្ឋ Louisiana គឺជាទីតាំងដីស្រែធំបំផុតរបស់មហាសេដ្ឋីសហរដ្ឋអាមេរិករូបនេះ។ ដោយកសិដ្ឋាននេះមានទំហំជិត ២៨ ៣០០ ហិកតា និងមានដាំដុះដំណាំចម្បងដូចជា សណ្តែកសៀង ពោត កប្បាស និងស្រូវជាដើម។
សូមជម្រាបផងដែរថា គិតត្រឹមខែមករា ឆ្នាំ ២០២៤ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោក Bill Gates គឺមានសរុបចំនួន ១២០.២ ពាន់លានដុល្លារ ដែលធ្វើឲ្យគាត់ក្លាយជាបុគ្គលដែលមានបំផុតលំដាប់ទី ៧ នៅលើពិភពលោក៕