មេធំ Big Apple បង្ហើបពីក្បួនលក់៣ ដែលធ្វើឱ្យហាងនំដូណាត់លក់ដាច់តាំងពីថ្ងៃចេញលក់ដំបូងមកម្លេះ
ធី ស្រីល័ក្ខDECEMBER 20 2023128 views

អ្នកស្រី អម សុភី បច្ចុប្បន្នគឺជា នាយកប្រតិបត្តិរបស់ហាង Big Apple ចំណែក អ្នកស្រី យូយូ មន ក៏ជាប្រធានផ្នែកទីផ្សាររបស់ Big Apple ផងដែរ​ ដោយអ្នកទាំង២ បានចាប់ដៃនាំប្រេនដ៏ល្បីមួយនេះពីប្រទេសម៉ាឡេស៊ីដើម្បីមកបើកនៅខ្មែររហូតអាចពង្រីកដល់ទៅ៩សាខា និងអាចទាញអតិថិជនបានយ៉ាងច្រើនផងដែរ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម អ្នកស្រីអម សុភី និងអ្នកស្រី យូយូ មនដែលជានាយកប្រតិបត្តិរបស់ហាង Big Apple ហាងនំនៅខ្មែរ បានឱ្យដឹងថា ថ្ងៃមួយអ្នកទាំង២បានទៅដើរលេងប្រទេសម៉ាឡេស៊ី ហើយក៏បានចូលហាងមួយកន្លែងនៅទីនោះដើម្បីទិញនំដូណាត់របស់ Big Apple មកញ៉ាំក៏ចូលចិត្តនូវរសជាតិនំនេះយ៉ាងខ្លាំងអញ្ចឹងហើយទើបពួកគាត់មានក្តីស្រមៃមួយថាពួកគាត់ចង់ចែករំលែកនំដូណាត់ពិសេសៗជូនបងប្អូនកម្ពុជាយើងបានភ្លក់។

ម្យ៉ាងកាលពី៨ឆ្នាំមុន អ្នកស្រីយូយូ និងអ្នកស្រី សុភី បានចាប់អារម្មណ៍ឃើញថាអាជីវកម្មដូណាត់ គឺមិនទាន់មានភាពលូតលាស់នៅទីផ្សារកម្ពុជានោះទេ អញ្ចឹងហើយទើបអ្នកទាំងពីរគិតថា វាជាឱកាសមួយដែរពួកគាត់អាចក្លាយជាមនុស្សដំបូងដែលនាំយកនំដូណាត់ចូលមកទីផ្សារកម្ពុជា។ ណាមួយអ្នកទាំង២ ក៏ចង់ឱ្យប្រជាជនខ្មែរបានទទួលនំដូណាត់ដែលមាន Premium quality ហើយធ្វើឡើងថ្មីៗជារៀងរាល់ថ្ងៃ ដូច្នេះអ្នកស្រី សុភី ព្រមជាមួយបងថ្លៃគឺអ្នកស្រី យូយូ មន ក៏បានដាក់ទុនរកស៊ីចូលគ្នាមកបើកហាង Big Apple នៅកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០១៥។

២២

អ្នកស្រី អម សុភី ព្រមទាំង អ្នកស្រី យូយូ មាន ដែលជានាយកប្រតិបត្តិរបស់ Big Apple នៅខ្មែរ ក៏បានបង្ហើបថា នាពេលបច្ចុប្បន្នហាង Big Apple មានសរុបចំនួន ៩ទីតាំងហើយ ដោយ ៧ទីតាំងជាសាខាដើម ចំណែក ២សាខាទៀត ជាហ្រ្វេនឆាយ។ នៅក្នុងនោះដែរ ស្រ្តីខ្លាំងទាំង២ រូបនេះ ក៏បានបង្ហើបពីមន្តស្នេហ៍ ៣ ដែលធ្វើឱ្យប្រេន Big Apple អាចទាញភ្ញៀវឱ្យគាំទ្រយ៉ាងច្រើនកុះករ ជាង៨ឆ្នាំមកនេះ៖

១. ភាពច្នៃប្រឌិតរបស់នំដូណាត់

មេធំ Big Apple នៅខ្មែរ បានលើកឡើងថា ទម្រាំតែធ្វើនំដូណាត់នេះបានមួយៗ គឺឆ្លងកាត់ដំណាក់កាលច្រើនណាស់ ពេលខ្លះគ្រាន់តែនំដូណាត់១យើងត្រូវការពេលរហូតដល់ទៅ២ម៉ោង ហើយការដែលចំណាយពេលធ្វើនំប្រើពេលវេលាច្រើនបែបនេះ ដោយសារតែចង់ឱ្យនំចេញមកគឺពិសេសហើយអស្ចារ្យបំផុត។

ហើយចំពោះការឌីហ្សាញម៉ូដនំដូណាត់គ្រប់សាខាទាំង ៩ របស់ Big Apple គឺត្រូវតែចេញម៉ូដមកដូចគ្នា បើសិនជាសាខាណាធ្វើខុសម៉ូដតែបន្តិចក៏ត្រូវតែធ្វើសារជាថ្មីដែរ ហើយការធ្វើបែបនេះគឺចង់ឱ្យអតិថិជនមានអារម្មណ៍ថា ប្រសិនជាគាត់ចង់សាកភ្លក់នំដូណាត់គឺគាត់អាចទៅគ្រប់សាខាទាំងអស់របស់ Big Apple ពីព្រោះមិនថារសជាតិ ឬក៏ម៉ូដនំទេពោលគឺដូចគ្នា ១០០% ដូច្នេះអតិថិជនគឺទិញដោយមានទំនុកចិត្តពីព្រោះម្ចាស់ហាងធ្វើដោយក្តីស្រលាញ់ ធ្វើដោយការយកចិត្តទុកដាក់ខ្ពស់មិនឱ្យអតិថិជនខកបំណងឡើយ។

២. គុណភាព

មែនទែនទៅ ចំពោះអាជីវកម្មនីមួយៗគុណភាពពិតជាសំខាន់ខ្លាំងណាស់ ប្រសិនជាម្ចាស់អាជីវកម្មផ្តោតសំខាន់ទៅលើគុណភាពជាចម្បងនោះប្រាកដជាទាញអតិថិជនបានដូចព្យុះ តួយ៉ាងដូចជា Big Apple អញ្ចឹង បើនិយាយអំពីនំដូណាត់វិញគឺធ្វើលក់មួយថ្ងៃសម្រាប់មួយថ្ងៃ ហើយបើមានថ្ងៃណាលក់សល់គឺពុំយកមកលក់ម្តងទៀតឡើយ មិនតែប៉ុណ្ណោះនំដូណាត់របស់ហាង Big Apple គឺមានរហូតដល់ទៅ ៣៣ រសជាតិ ដែលមានជម្រើសច្រើនបំផុតសម្រាប់អតិថិជនក្នុងការជ្រើសរើសផ្សេងៗគ្នា ក្រៅពីមានរសជាតិច្រើន សូម្បីតែនំក៏ធ្វើថ្មីៗរាល់ថ្ងៃទៀត ចំណុចនេះហើយដែលអាចទាញអតិថិជនឱ្យមកទិញម្តងហើយត្រឡប់មកទិញម្តងទៀត។

៣. ប្រូម៉ូសិនរសជាតិប្លែកៗ

បើនិយាយទៅដល់ការប្រូម៉ូសិនរបស់ហាង Big Apple វិញគឺមានភាពប្លែកៗគ្នាជារៀងរាល់ខែ ថែមទាំប្រូម៉ូសិនរស់ប្លែកៗទៀតផង ដោយសារការប្រូម៉ូសិនដែលធ្វើឱ្យអតិថិជនមិនចេះធុញទ្រាន់ ហើយស្របគ្នាជាមួយនឹងនំដូណាត់ធ្វើការឌីហ្សាញស្អាតៗ នឹងការវិចខ្ចប់មានភាពទាក់ទាញថែមទៀតនោះ បានធ្វើឱ្យហាង Big Apple ឱ្យតែមានការប្រូម៉ូសិនម្តងៗមានអតិថិជនកម្មង់ធ្វើឱ្យមិនចង់ទាន់ ហើយបើនិយាយទៅដល់ការសម្ពោធសាខាថ្មីៗវិញ គឺ Big Apple តែងតែមានកម្មវិធីចែកកាដូរទៅដល់អតិថិជនដែលមកហាងផ្ទាល់ផងដែរ ចំណុចទាំងនេះហើយបានធ្វើឱ្យហាងនំដូណាត់មួយនេះស្រូបបានទាំងភ្ញៀវជាមនុស្សចាស់ ទាំងយុវវ័យថែមទៀតផង៕

២៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia