បើនិយាយពីម៉ាករថយន្តអគ្គិសនីល្បីៗ ប្រិយមិត្តភាគច្រើនប្រហែលជាគិតដល់សហរដ្ឋអាមេរិកមុនគេ ព្រោះសូម្បីតែរថយន្តអគ្គិសនីលំដាប់កំពូល Tesla, Chevrolet, BMW និង Ford ក៏មានដើមកំណើតនៅអាមេរិកដែរ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺអាមេរិក មិនមែនជាទីតាំងដែលលក់រថយន្តអគ្គិសនីដាច់ជាងគេនោះទេ ខណៈប្រទេសដែលដាច់ជាងគេនោះគឺប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS។
តាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីពេលថ្មីនេះបានឱ្យដឹងថា ការលក់រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត Plug-in Hybrid កាលពីឆ្នាំមុនបានកើនឡើង ៥៥% បើធៀបនឹងឆ្នាំ ២០២១ ពោលគឺច្រើនជាង ១០លានគ្រឿង។ ស្របគ្នានេះដែរប្រទេសចិនក៏បានក្លាយទៅជាប្រទេសដែលនាំមុខគេរហូតដល់ទៅ ៦០%នៃការលក់នៅក្នុងទីផ្សារពិភពលោកផងដែរ ខណៈនៅលើដងផ្លូវប្រទេសចិន៥០ភាគរយគឺជិះរថយន្តអគ្គិសនី។
គួរជម្រាបផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកក៏បានឃើញប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនប្រកាសពីផែនការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ។ ជាក់ស្តែងរួមមាន ចក្រភពអង់គ្លេសចង់បញ្ឈប់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មីនៅចុងឆ្នាំ ២០៣០។ មួយវិញទៀតនៅសហរដ្ឋអាមេរិក រដ្ឋកាលីហ្វ័រញ៉ាក៏បានហាមឃាត់ការលក់រថយន្តដែលប្រើសាំងថ្មីក្រោយឆ្នាំ ២០២៥ផងដែរ៕