គិតត្រឹមថ្ងៃនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ៣,០៤៩ដុល្លារ( ស្មើនឹង៣,៦៧៣ដុល្លារក្នុងមួយតម្លឹង) ហើយនៅមួយរយៈចុងក្រោយនេះមនុស្សមួយចំនួនក៏ចាប់អារម្មណ៍វិនិយោគលើមាសនៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់។
និយាយទាក់ទងនឹងមាសនេះដែរ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities ដែលជាក្រុមហ៊ុនប្រឹក្សាលើការវិនិយោគហាងឆេងមាសបានចែករំលែកនូវផ្លូវចំនួន៤ដែលបងប្អូនអាចរកចំណូលពីការិវនិយោគហាងឆេងមាសនៅកម្ពុជា។
១. ទិញមាសជាគ្រឿងអលង្ការ
ត្រង់នេះប្រជាជនទូទៅអាចទិញមាសជាលក្ខណៈគ្រឿងអលង្ការដោយពួកគាត់អាចធ្វើជាចិញ្ចៀន ខ្សែក ខ្សែដៃឬគ្រឿងអលង្ការលម្អខ្លួនផ្សេងៗ។ ថ្វីត្បិតតែមនុស្សមួយចំនួនទិញជាគ្រឿងអលង្ការពិតមែនប៉ុន្ដែក៏មានកូនចិត្តចង់ចំណេញដែរ។ ហើយនេះក៏ចាត់ទុកជាការវិនិយោគផងដែរពោលគឺមាសឡើងថ្លៃឃើញចំណេញ អ្នកអាចលក់មាសយកប្រាក់ចំណេញបាន។
២. ទិញជាមាសគីឡូ
ចំណុចទី២នេះ អ្នកទិញមិនមែនទិញធ្វើជាគ្រឿងអលង្ការលម្អខ្លួននោះទេ ពោលគឺទិញមាសគីឡូនៃកម្រិតគីឡូតិចឬច្រើនទៅតាមលទ្ធភាព។ ឧទាហរណ៍ ទិញកន្លះគីឡូឬ១គីឡូជាដើម។ ត្រង់នេះ លោក ឡុង សំណាងបង្ហើបថាអ្នកទិញមាសគីឡូគឺពួកគាត់ចិត្តធ្ងន់ជាងទិញមាសគ្រាន់ជាការគ្រឿងលម្អខ្លួនព្រោះពួកគាត់ទិញសំដៅរកប្រាក់ចំណេញតែម្ដងហើយការទិញគឺទិញទុករយៈពេលវែងផងដែរ។
៣. ហាងឆេងមាសគម្លាតនៅខាងក្រៅ
ត្រង់នេះអ្នកវិនិយោគមួយចំនួន វិនិយោគស៊ីសងជាមួយគ្នា ជាមួយថៅកែមាសឬជាប្រព័ន្ធព្រមព្រៀងរបស់ពួកគាត់នៅខាងក្រៅ។ ជាក់ស្ដែងបច្ចុប្បន្ននេះក៏មានការជួញដូរពេញនិយមមួយនៅខាងក្រៅផងដែរដោយពួកគាត់អាចបើកគណនីតម្កល់លុយនៅថៅកែមាស ហើយពួកគាត់អាចបញ្ជារទិញមាសពេលយប់ ប៉ុន្ដែទិញបានតែគម្លាត់ថ្លៃ។
ចំពោះការទូទាត់ គេអាចដាក់កំណត់នៃការទូទាត់ឲ្យអ្នកវិនិយោគដូចជាអាចទូទាត់តែរយៈពេល១ថ្ងៃ ៣ថ្ងៃ ឬរហូតដល់មួយសប្ដាហ៍។ ដូច្នេះដល់ពេលកំណត់គឺត្រូវតែclear ចេញនូវការបញ្ជារទិញឬលក់របស់គាត់។ ត្រង់នេះបើពួកគាត់ខាត់គឺគេកាត់ចេញពីទុនដែលបើកគណនីជាមួយថៅគេមាស តែបើពួកគាត់ចំណេញ គេនឹងទូទាត់ឲ្យគាត់ដោយការទូទាត់មានការព្រមព្រៀងគ្នាតាមរយៈតេឡេក្រាមឬតាមរយៈការទៅផ្ទាល់។
យ៉ាងណាមិញរបៀបវិនិយោគទី៣នេះគឺពិបាកចំណេញមែនទែនព្រោះតែគម្លាត់ធំ។ ឧទាហរណ៍បើតម្លៃមាសឥឡូវ៣០៣០ដុល្លារក្នុងមួយអោន ហើយបើអ្នកទិញក្នុងតម្លៃនេះលុះត្រាតែមាសឡើងថ្លៃចាប់៣០៣៤ដុល្លារឡើងទៅទើបអ្នកអាចរកចំណេញបាន ហើយការវិនិយោគមួយនេះមានហានិភ័យបន្តិចដោយសារគម្លាតវាធំ។
៤. វិនិយោគហាងឆេងមាសតាមរយៈឧបករណ៍និស្សន្ទ
អ្នកអាចវិនិយោគលើការហាងមាសតាមរយៈឧបករណ៍និស្សន្ទ ដោយអ្នកអាចទិញទៅលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើមដែលចេញពីរូបិយបណ្ណ មាស ប្រាក់និងប្រេងជាដើម។ ការវិនិយោគមួយនេះគឺវិនិយោគលើគម្លាតថ្លៃផងដែរ ប៉ុន្ដែមានលក្ខណៈពិសេសជាងវិនិយោគនៅខាងក្រៅបន្តិច។
បើខាងក្រៅប្រើដើមទុន១០០% ឧទាហរណ៍ក្នុងមួយអោនប្រើដើមទុន៣០៣៤ដុល្លារ។ ត្រង់នេះបើនៅក្នុងការវិនិយោគឧបករណ៍និស្សន្ទក្នុងមួយអោន អ្នកប្រើដើមទុនតែ៣០.៣៤ដុល្លារប៉ុណ្ណោះតែអាចទិញមាសបានមួយអោន។ ហើយចំពោះការប្រែប្រួលខាតចំណេញគឺដូចគ្នាការវិនិយោគខាងក្រៅអញ្ចឹង ពោលគឺបើឡើង១លេខគឺចំណេញ១ដុល្លារបើចុះ១លេខយើងខាត១ដុល្លារ ហើយនេះយើងសំដៅលើការទិញ។
តែបើយើងលក់វិញ ទោះជាយើងមិនទាន់ទិញអ្វីសោះក៏យើងអាចលក់បានដែរ។ ឧទាហរណ៍បើអ្នកឃើញតម្លៃខ្ពស់ហើយយើងគិតថាធ្លាក់ចុះមកវិញ អ្នកអាចចុចលើប៊ូតុងលក់។ ឧទាហរ៍លក់១អោន ២អោនឬច្រើនជាងនេះ។ បើហាងឆេងមាសតម្លៃ៣០៣៤ដុល្លារក្នុងមួយអោន អ្នកប្រើដើមទុន៣០.៣៤ដុល្លារប៉ុណ្ណោះ។
ត្រង់នេះបើយើងលក់ក្នុងតម្លៃ៣០៣៤ដុល្លារក្នុងមួយអោន ស្រាប់តែវាចុះមក៣០៣០ដុល្លារក្នុងមួយអោននោះយើងចំណេញ៤លេខដែលមាន័យចំណេញបាន៤ដុល្លារ ដោយប្រើប្រាស់ដើមទុនតែខ្ទង់៣០ដុល្លារប៉ុណ្ណោះ។ ហើយបើអ្នកប្រើប្រាស់ដើមទុនកាន់តែច្រើន ផលចំណេញក៏ច្រើនទៅតាមហ្នឹងដែរ។
លោក ឡុង សំណាងបានបង្ហើបថាវិនិយោគលើហាងមាសតាមរយៈឧបករណ៍និស្សន្ទគឺជាការវិនិយោគដ៏ពេញនិយមមួយនៅកម្ពុជាហើយការវិនិយោគមួយនេះវាល្អត្រង់ពាក់ព័ន្ធជាមួយនឹងការដាក់សាច់ប្រាក់និងដកប្រាក់របស់អតិថិជន ដោយសាច់ប្រាក់របស់អ្នកគឺស្ថិតនៅក្នុងភ្នាក់ងារទូទាត់សាច់ប្រាក់ដែលជាធនាគារផ្ដល់សិទ្ធិអនុញ្ញាតដោយនិយ័តករមូលបត្រកម្ពុជាពោលគឺលុយអតិថិជនរក្សាសុវត្ថិភាព១០០%។
បច្ចុប្បន្ននៅប្រទេសកម្ពុជាយើង មានក្រុមហ៊ុនជាច្រើនដែលកំពុងផ្ដល់ការប្រឹក្សាវិនិយោគលើហាងឆេងមាសតាមរយៈឧបករណ៍និស្សន្ទ។ ជាក់ស្ដែងក្រុមហ៊ុន PP Link Securities គឺជាក្រុមហ៊ុនមួយដែលកំពុងផ្ដល់ការប្រឹក្សាលើការវិនិយោគលើហាងឆេងមាសតាមរយៈឧបករណ៍និស្សន្ទផងដែរ៕