ប៉ុន្មានថ្ងៃចុងក្រោយនេះគេច្រើននិយាយពីមនុស្សIntrovert ក្នុងន័យលេងសើចឬក៏បង្អាប់លេងខណៈមនុស្ស introvert គឺសំដៅដល់មនុស្សដែលមានចរិកអៀនខ្មាស ស្ងត់ស្ងាត់ មិនសូវចេះនិយាយស្ដីនិងចូលចិត្តចំណាយពេលនៅម្នាក់ឯងជាជាងនៅជាមួយអ្នកដទៃឬនៅកន្លែងដែលមានមនុស្សច្រើន។
យ៉ាងណាមិញ បើទោះបីជាមនុស្សIntrovert ជាមនុស្សដែលមិនសូវចូលចិត្តមានទំនាក់ទំនងជាមួយមនុស្សក្នុងសង្គមច្រើនពិតមែនប៉ុន្ដែខាងក្រោមនេះគឺជាអត្ថប្រយោជនដ៏អស្ចារ្យចំនួន៥សម្រាប់មនុស្សIntrovert។
១. មានភាពច្នៃប្រឌិតខ្ពស់
មនុស្សដែលចូលចិត្តស្ងប់ស្ងាត់គឺជាមនុស្សដែលត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់និងបំពេញកិច្ចការងារទទួលបានលទ្ធផលល្អ។ ជាធម្មជាតិមនុស្សIntrovert មិនសូវជាខ្វាយខ្វល់ថាអ្នកណាកំពុងធ្វើអ្វីនោះទេពោលគឺពួកគាត់ផ្ដោតតែលើការងាររបស់ពួកគាត់ហើយចូលចិត្តធ្វើម្នាក់ឯងហើយធ្វើការមានភាពច្នៃប្រឌិតខ្ពស់។ អ្នកចិត្តសាស្រ្តក៏យល់ស្របលើគំនិតនេះដោយលោក Hans Jürgen Eysenck អ្នកចិត្តសាស្រ្តសញ្ជាតិអង់គ្លេសបានលើកឡើងថាការនៅម្នាក់ឯងគឺធ្វើឲ្យមនុស្សអាចធ្វើកិច្ចការជាមួយភាពច្នៃប្រឌិតបានល្អបំផុតព្រោះការធ្វើការម្នាក់ឯងគឺមនុស្សអាចផ្ដោតលើការងារបានយ៉ាងល្អ។
២. ពូកែស្ដាប់បំផុត
មនុស្សIntrovert ថ្វីត្បិតតែពួកគាត់មិនសូវចេះមាត់កពិតមែនប៉ុន្ដែរឿងស្ដាប់និងការអង្កេតគឺជាជំនាញរបស់ពួកគាត់ហើយ។ ត្រង់នេះគឺជាចំណុចល្អរបស់មនុស្សIntrovert ព្រោះពេលពួកគាត់ជួបមនុស្សថ្មីៗ ពួកគាត់ចូលចិត្តស្ដាប់គេនិយាយហើយស្ដាប់ដើម្បីយល់ជាជាងស្ដាប់ដើម្បីឆ្លើយតប។ លើសពីនេះមនុស្ស Introvert គឺពូកែអង្កេតនិងមើលមនុស្សណាស់។ ចំណុចត្រង់នេះធ្វើឲ្យពួកគាត់មើលដឹងពីចរិករបស់អ្នកដទៃថាតើមនុស្សទាំងនោះជាមនុស្សបែបណាហើយជាមនុស្សល្អគួរឲ្យរាប់អានឬអត់។
៣. ជោគជ័យក្នុងការសិក្សា
ជាធម្មតាក្នុងការសិក្សាគឺតម្រូវឲ្យសិស្សចំណាយពេលអានច្រើន សរសេរច្រើននិងសិក្សាស្រាវជ្រាវច្រើន ហើយសកម្មភាពទាំងនោះគឺអំណោយផលខ្លាំងណាស់សម្រាប់មនុស្សIntrovert ព្រោះចរិកពីធម្មជាតិគឺពួកគាត់ចូលចិត្តចំណាយពេលនៅម្នាក់ឯងស្រាប់ទៅហើយ។ ដូច្នេះមនុស្សIntrovert គឺតែងតែជោគជ័យក្នុងការសិក្សានិងទទួលបានលទ្ធផលល្អព្រោះពួកគាត់តែងតែចំណាយពេលនៅម្នាក់ឯងដើម្បីផ្ដោតលើការសិក្សានិងស្រាវជ្រាវ។
៤. គិតបានល្អិតល្អន់មុននឹងនិយាយ
មនុស្សIntrovert មិននិយាយច្រើនទេប៉ុន្ដែនិយាយមួយៗគឺច្បាស់ៗនិងមានសាច់ការច្រើនតែម្ដង។ ប្រសិនបើមានអ្នកណាម្នាក់សួរសំណួរទៅកាន់មនុស្សIntrovert នោះពួកគាត់គិតបន្តិចមុននឹងនិយាយចេញមកហើយការនិយាយរបស់ពួកគាត់គឺខ្លីតែខ្លឹមមិននិយាយបែកអូហូរស្ទឹងឡើយ។ ការគិតបានល្អមុននឹងនិយាយគឺជាចំណុចល្អមួយព្រោះពេលនិយាយចេញគឺអ្នកដទៃអាចស្ដាប់បានហើយជាព័ត៌មានដែលច្បាស់លាស់។
៥. ជាមិត្តដ៏ល្អបំផុត
មនុស្សIntrovert មិនសូវមានមិត្តភក្ដិស្និទ្ធស្នាលច្រើននោះទេព្រោះពួកគាត់មិនចូលចិត្តទៅកន្លែងដែលមានមនុស្សច្រើនកុះករឡើយ។ យ៉ាងណាមិញបើអ្នកមានមិត្តជាមនុស្សIntrovert នោះពួកគាត់អាចជាមិត្តដ៏ល្អនិងស្មោះត្រង់ម្នាក់ចំពោះអ្នកមិនខាន។ បើអ្នកមានមនុស្សIntrovert ជាមិត្តនោះពួកគាត់និងស្រលាញ់អ្នក ខ្វល់ខ្វាយពីអ្នក។ ត្រូវចាំថាមនុស្សIntrovert មិនចង់ខ្ជះខ្ជាយពេលវេលានៅក្នុងការទំនាក់ទំនងឡើយដូច្នេះបើពួកគាត់ជ្រើសរើសអ្នកជាមិត្តហើយនោះគេនឹងស្មោះត្រង់ជាមួយអ្នកមិនងាយចាកចេញពីអ្នកឡើយ៕