បានលុយស្រួលតែក៏អាចខាតបោសគូទខោ! បើដាក់លុយវិនិយោគក្នុងទម្រង់បែបនេះប្រយ័ត្នចំណេញក៏អត់ប្រាក់ដើមក៏បាត់!
Toeuy HongFEBRUARY 12 2024232 views

គេថាលុយមិនមែនរកបានស្រួលៗឬលុយអាចធ្លាក់ពីលើមេឃនោះទេ ព្រោះបើម្នាក់ៗរកឃើញផ្លូវរកលុយបានស្រួលៗដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការរកវាទេនោះប្រហែលជាមនុស្សម្នាក់ៗរស់នៅមិនខ្វះលុយចាយឡើយ។ ជាពិសេសបងប្អូនត្រូវប្រយ័ត្នចំពោះការដាក់លុយវិនិយោគនៅក្នុងគម្រោងវិនិយោគណាមួយដើម្បីចៀសវាហានិភ័យចង់ចំណេញតែដាច់ចំណងខាត់បង់លុយទទេ។

 

បើយោងតាមលើកឡើងរបស់លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាកនៃF.I Vision Capital បានឲ្យដឹងថាពលរដ្ឋខ្មែរត្រូវប្រយ័ត្នចំពោះគម្រោងវិនិយោគដែលធានាឲ្យការប្រាក់ឬផលចំណេញខ្ពស់ប្រចាំខែពេក

 

ត្រង់នេះលោកក៏បានបញ្ជាក់ផងដែរថាចំពោះគម្រោងវិនិយោគដែលផ្ដល់ការប្រាក់ឬប្រាក់ចំណេញខ្ពស់១០% ២០% ឬ៣០%ក្នុងមួយខែជាទូទៅគឺហានិភ័យខ្ពស់ណាស់ហើយភាគច្រើនគឺអាចជាគម្រោងវិនិយោគឆបោកតែម្ដង។

 

លោកបានឲ្យដឹងទៀតថាចំពោះគម្រោងដែលផ្ដល់ការប្រាក់ខ្ពស់បែបបើអ្នកដាក់លុយវិនិយោគមិនហានិភ័យក៏ម្ចាស់គម្រោងខ្លួនឯងជួបហានិភ័យដែរ។ ត្រង់នេះលោកបានបញ្ជាក់ទៀតថាការវិនិយោគដែលផ្ដល់ការប្រាក់១០%ក្នុងមួយគឺខ្ពស់ខ្លាំងណាស់បើគិតមួយឆ្នាំគឺដល់ទៅ១២០%ដែលជាអត្រាមួយខ្ពស់។

 

ការផ្ដល់ការប្រាក់ខ្ពស់បែបនេះដល់អ្នកដាក់លុយវិនិយោគ បើម្ចាស់គម្រោងឬម្ចាស់ក្រុមហ៊ុនមិនអាចធ្វើអ្វីបង្កើតជាប្រាក់ចំណូលឬជាលំហូរសាច់ប្រាក់ប្រចាំខែសម្រាប់បង់ការប្រាក់ទៅដល់អ្នកដាក់លុយវិនិយោគទេនោះម្ចាស់គម្រោងនឹងមានបញ្ហានិងហានិភ័យជាមិនខាន។

 

តាមពិតទៅគម្រោងវិនិយោគមួយចំនួនប្រមូលលុយពីអ្នកវិនិយោគហើយតែមិនអាចធ្វើអីបានជាដុំកំភួនដើម្បីបង្កើតជាប្រាក់ចំណូលបានឡើយពោលគឺគម្រោងវិនិយោគខ្លះពឹងតែលើលំហូរអ្នកវិនិយោគថ្មីហើយប្រមូលលុយបានពីអ្នកវិនិយោគថ្មីយកទៅឲ្យការប្រាក់ប្រចាំខែដល់វិនិយោគិនចាស់ៗ។ យ៉ាងណាមិញពេលគ្មានលំហូរអ្នកវិនិយោគថ្មីចូល ម្ចាស់គម្រោងនឹងមិនមានលុយសម្រាប់ឲ្យការប្រាក់ប្រចាំខែដល់អ្នកវិនិយោគឡើយ។

 

អ្វីដែលជាបញ្ហាធំសម្រាប់អ្នកដាក់លុយវិនិយោគនោះគឺ គម្រោងវិនិយោគខ្លះម្ចាស់គម្រោងប្រមូលលុយបានហើយមិនអាចធ្វើអ្វីបានបង្កើតប្រាក់ចំណូលបាន ដូចជាគម្រោងវិនិយោគរបស់គាត់ត្រូវបរាជ័យឬខាតមិនអាចបង្កើតចំណូល បញ្ហាសេដ្ឋកិច្ចធ្វើឲ្យប៉ះពាល់ការគម្រោងវិនិយោគនិងការរកស៊ី។ ដូច្នេះអ្នកដែលដាក់លុយវិនិយោគការប្រាក់ក៏អត់បានហើយប្រាក់ដើមក៏បាត់បង់ មិនអាចយកប្រាក់ដើមមកវិញបានដោយសារគម្រោងវិនិយោគនោះបរាជ័យ។

 

អញ្ចឹងនេះគឺជារឿងដែលបងប្អូនត្រូវប្រយ័ត្នចំពោះការវិនិយោគដែលផ្ដល់ការប្រាក់ខ្ពស់ ១០% ២០% ៥០% ក្នុងមួយខែគឺមានហានិភ័យខ្ពស់ណាស់ពោលគឺប្រយ័ត្នចង់ចំណេញតែដាច់ចំណាយការប្រាក់ក៏អត់ ប្រាក់ដើមក៏បាត់ទៀត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia