ខេត្ដបាត់ដំបង នឹងបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅបំណាច់ខែមិថុនា ខាងមុខនេះហើយ ដោយបញ្ចប់មុនផែនការដែលបានគ្រោងទុកទៅទៀត។ នេះបើយោងតាមការបញ្ជាក់របស់ក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ក្រសួងក៏បានបញ្ជាក់ដែរថា នៅថ្ងៃដដែលនោះ អាជ្ញាធរក៏បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន ១១៩២ បណ្ណ ក្រោមអធិបតីភាពឯកឧត្តមអនុរដ្ឋលេខាធិការ គិត ច័ន្ទគ្រឹស្នា និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងផងដែរ។
សូមជម្រាបថា គោលនយោបាយការចុះបញ្ជីដីបង្ហើយ គឺដើម្បីផ្ដល់កម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋ និងបញ្ចប់ភាពចម្រូងចម្រាស់នានាក្នុងសង្គមជាតិដែលកើតចេញពីភាពមិនច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិ និងភាពស្រពិចស្រពិលនៃព្រំដី រួមទាំង ការធានាបាននូវការផ្ដល់សេវាសាធារណៈលឿនរហ័ស និងតម្លាភាព គួរជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋផងដែរ៕