អ្នកភ្នំពេញ តាខ្មៅលែងខ្វះទឹកប្រើ! រដ្ឋ ថែមលុយជាង១០០លាន$ សង់រោងចក្រទឹកស្អាតជំហានទី៣
Nim Pranun JUNE 26 2024571 views

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ តម្លៃ ១០២ លានដុល្លារ និងមានសមត្ថភាពផ្គត់ទឹកស្អាត ដល់មនុស្ស ៧៥ ម៉ឺននាក់ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ២០២៤ នេះហើយ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុន Vinci Construction Grands Projets (CGR) ក្នុងការបន្តសាងសង់រោងចក្រនេះ។

ការបើកការដ្ឋានជំហានទី៣នេះ ស្របពេលដែលជំហានទី២ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយក្នុងនោះឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនៃបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅនៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល”។​

គួររំលឹកផងដែរថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង ៣ជំហាន គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ ៦៦០លានដុល្លារអាម៉េរិក, ដែលក្នុងនោះ រួមមាន៖ ឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ៤១០លានដុល្លារអាម៉េរិក, ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០លានដុល្លារអាម៉េរិក, ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦លានដុល្លារអាម៉េរិក និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១២៤លានដុល្លារអាម៉េរិក។

 

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia