យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ គឺជាក្រុមងាយរងគ្រោះបំផុត នៅពេលសន្ទស្សន៍គុណភាពខ្យល់កើនឡើងខ្លាំង (ខ្យល់មានជតិពុលខ្ពស់)។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ ក្រសួងក៏បានអំពាវនាវឲ្យសាធារណជនទាំងអស់តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចជា៖ ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់។
បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក។ កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់ម៉ាស ក្នុងករណីចាំបាច់ និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះ ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក។
ជាមួយគ្នានេះ ក្រសួងក៏បានស្នើឲ្យប្រជាពលរដ្ឋ បន្តតាមជានីស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https:/lairquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ៕